កក្រើក! មហាយក្សចិន គ្រោងបង្កើតព្រះចន្ទសិប្បនិម្មិតអាចភ្លឺក្នុងចម្ងាយពី១០-៨០Km

យោងតាមសារព័ត៌មាន People’s Daily ចិនគ្រោងបង្កើតព្រះចន្ទសិប្បនិម្មិតដើម្បីបំភ្លឺមេឃលើក្រុងមួយ ដែលគេអាចបញ្ជាឱ្យភ្លឺក្នុងរង្វង់ចម្ងាយពី ១០ ទៅ ៨០ គីឡូម៉ែត្រ។

ព្រះចន្ទដែលគេហៅថា “ផ្កាយរណបបំភ្លឺមេឃ” នឹងត្រូវតម្លើងនៅប៉ែកនិរតីនៃក្រុងឆឹងទុ ក្នុងឆ្នាំ ២០២០ ដើម្បីបញ្ចេញពន្លឺស្រទន់ដូចពេលព្រលប់នៅតំបន់នោះ ហើយគេលើក​សរសើរថាវាភ្លឺ​ជាងព្រះចន្ទពិតប្រាកដដល់ទៅ ៨ ដងឯណោះ។

រូបតំណាងព្រះចន្ទសិប្បនិម្មិត

មន្ត្រីមួយចំនួនបានបញ្ចេញព័ត៌មានតិចតួចណាស់ទាក់ទងនឹងគម្រោងដ៏ធំខាងលើ ប៉ុន្តែពួកគេបានបញ្ជាក់ថា គំនិតនេះបានយកលំនាំតាមវិចិត្រករបារាំងម្នាក់ ដែលរំលេចខ្សែ-កមួយធ្វើពីកញ្ចក់ ព្យួរលើផែនដី។  

បើតាមប្រភពដដែល លោក Wu Chunfend អគ្គនាយកវិទ្យាស្ថានវិទ្យាសាស្រ្តក្នុងលំហ និងបច្ចេកវិទ្យាស្រាវជ្រាវប្រពន្ធ័មីក្រូអេឡិចត្រូនិកប្រចាំក្រុងឆឹងទុ បានបង្ហាញ​ផែនការ​នេះអំឡុង​ព្រឹត្តិការណ៍​មួយក្នុងក្រុង កាលពីថ្ងៃទី ១០ ខែតុលា។

វានឹងជួយបំពេញបន្ថែមលើព្រះចន្ទដែលមានស្រាប់ ដើម្បីឱ្យមេឃរាត្រីនៃក្រុងឆឹងទុ ភ្លឺជាងមុន និងអាចប្រើជំនួសបង្គោលភ្លើង ឬប្រព័ន្ធបំភ្លឺតាមផ្លូវបាន។

ថ្វីបើស្តាប់ទៅដូចជាមិនអាចទៅរួច ប៉ុន្តែលោក Wu បានបញ្ជាក់ថា បច្ចេកវិទ្យានេះត្រូវបានពិសោធន៍ច្រើនឆ្នាំមកហើយ ដូច្នេះពេលនេះយើងត្រៀមរួចជាស្រេចក្នុងការប្រើប្រាស់។

ព្រះចន្ទពេលរាត្រី

ទោះយ៉ាងណា ព្រះចន្ទទីពីរនៅក្រុងឆឹងទុ បានប្រឈមនឹងការរិះគន់ពីក្រុមអ្នកមន្ទិលជាច្រើន ព្រមទាំងពលរដ្ឋដែលមានការព្រួយបារម្ភថា ពន្លឺនេះនឹងមានឥទ្ធិពលអវិជ្ជមានដល់បណ្តាសត្វ និងការអង្កេតតារាសាស្ត្រនានា។  

យ៉ាងណាមិញ បើយោងតាមលោក Kang Weimin ដែលជានាយកវិទ្យាស្ថានអុបទិក សាលាអវកាស វិទ្យាស្ថានបច្ចេកវិទ្យាហាប៊ីន ពន្លឺនេះនឹង​បញ្ចេញ​ក្នុងកម្រិត​ដូចព្រះចន្ទពេល​ព្រលប់​ប៉ុណ្ណោះ។

ព្រះចន្ទពេលរាត្រី

គួរបញ្ជាក់ថា នេះមិនមែនជាការប៉ុនប៉ងលើកទីមួយរបស់មនុស្សឡើយ ក្នុងការដំណើរការឧបករណ៍ចំណាំងផ្លាតពន្លឺនៅលើមេឃ ដោយកាលពីអតីតកាល ធ្លាប់មានផែនការ​មួយចំនួនស្រដៀង​គ្នានេះដែរសុទ្ធតែបរាជ័យទាំងអស់៕ 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖​ khmerload