តើ​ប្រវត្តិ​បទ​ភ្លេង “គោរព​ទង់ជាតិ” ​នេះ​មានន័យ​យ៉ាងណា? ប្រភព​មកពីណា​? នរណាជាអ្នកនិពន្ធ?

ប្រទេស​ខ្មែរ​យើង​មាន​បទ​ភ្លេង “​ជាតិ​ផ្ទាល់​” មិន​ចាញ់​ប្រទេស​នានា​លើ​សកលលោក​ឡើយ ។​ ​បទ​ភ្លេង​នេះ​មាន​ឈ្មោះថា “​បទ​នគររាជភ្លេងជាតិ​” ។ បទ​នេះ​កើតមាន​ជាដំបូង​ក្នុង​រជ្ជកាល​របស់​ព្រះបាទ ស៊ីសុវត្ថិ​មុនី​វង្ស ក្នុង​រវាង គ​.​ស​. ១៩៣៨​។ អ្នក​ដែល​បង្កើត​បទ​ភ្លេង​នេះ​គឺ សម្ដេចព្រះ​នរោត្តម សុរា​ម្រឹត សហការ​ជាមួយ​ជនជាតិ​បារាំង​ម្នាក់​ឈ្មោះ “​ហ្សី​គី​ល​” មាន​នាទី​ជា​អ្នក​បង្ហាត់​ភ្លេង​នៅ​បរមរាជវាំង ប៉ុន្តែ​ពេលនោះ​រក​ពាក្យ​តម្រូវ​ឲ្យ​បាន​ត្រឹមត្រូវ​នឹង​បទ​ភ្លេង​នេះ​ពុំបាន​។​

​រីឯ​ពាក្យ បទ​នគររាជ​ដែលជា​ភ្លេងជាតិ បាន​កើតឡើង​ក្នុង​រជ្ជកាល ព្រះបាទ​នរោត្តម​សីហនុ​វរ្ម័ន ហើយ​ដែល​ត្រូវបាន​តាក់តែង​និពន្ធ​ដោយ​សម្ដេចព្រះ​មហាសុមេធាធិបតី​សង្ឃនាយក​គណៈ​​មហានិកាយ គឺ​ព្រះសង្ឃរាជ​ព្រះនាម ជោ​ត​ញ្ញា​ណោ “​ជួន ណាត​”​។​ ​ចំពោះ​សម័យកាល​តាក់តែង​ពាក្យកាព្យ​នេះ​គឺៈ នៅ​ថ្ងៃ ១២​រោច ខែអាសាឍ ឆ្នាំម្សាញ់ ត្រី​ស័ក ព​.​ស​. ២៤៨៤ ត្រូវ​នឹង​ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៤១​។

ពេល​និពន្ធ​គឺ​ព្រះករុណា​ព្រះបាទ​នរោត្តម​សុរា​ម្រឹត កាល​ទ្រង់​នៅ​ជា សម្ដេចព្រះ​បរម​រាជបិតា​ព្រះរាជា​នុ​សិ​ដ្ឋ​។ ព្រះបាទ​សម្ដេចព្រះ​នរោត្តម​សីហនុ​វរ្ម័ន ទ្រង់​ជា​ឧបយុវរាជ ​។​ បទ​នគររាជ ប្រែ​ថា “​បទ​ស្ដេច​អង្គរ​” ។ បទ​នេះ​ពី​បុរាណ​គេ​ច្រៀង​ចាប៉ី សម្រាប់​និទានរឿង ឬ​ចម្រៀង​រាយការណ៍​ផ្សេងៗ​ពី​ព្រឹត្តិការណ៍​នានា​។​ ​ប៉ុន្ដែ​នៅពេល​ប​ច្ចប្ប​ន្ន (​នរោត្តម​សីហនុ​) ទ្រង់​បាន​បំប្លែង​មក​ធ្វើជា​បទ​ភ្លេងជាតិ​វិញ​។​

វគ្គ​ទី​១

​សូម​ពួក​ទេវតា រក្សា​មហាក្សត្រ​យើង ឲ្យ​បាន​រុងរឿង​ដោយ​ជ័យ​មង្គល​
​ស្រីសួស្ដី យើងខ្ញុំព្រះអង្គ សូម​ជ្រក​ក្រោម​ម្លប់ព្រះបារមី នៃ​ព្រះ​នរបតី​
​វង្ស​ក្សត្រា​ដែល​សាង​ប្រាសាទ​ថ្ម គ្រប់គ្រង​ដែន​ខ្មែរ បុរាណ​ថ្កើងថ្កាន​។​

​អត្ថន័យ​រួមៈ “​សរសើរ​ព្រះ​បារមី​ព្រះមហាក្សត្រ​”​។​

​វគ្គ​ទី​២

​ប្រាសាទ​សិលា កំបាំង​កណ្ដាល​ព្រៃ គួរ​ឲ្យ​ស្រមៃ​
​នឹក​ដល់​យស​ក្ដិ​មហានគរ ជាតិខ្មែរ​ដូច​ថ្ម គង់វង្ស​នៅ​ល្អ​
​រឹងប៉ឹង​ជំហរ យើង​សង្ឃឹម​ពរ ភ័ព្វព្រេង​សំណាង របស់​កម្ពុជា មហារដ្ឋ​កើតមាន យូរអង្វែង​ហើយ​។​

​អត្ថន័យ​រួមៈ “​សរសើរ​ពី​ការ​ប៉ិនប្រសប់​ក្នុងការ​តុបតែង​តំណាង​ឲ្យ​អនុភាព​នៃ​ជាំ​តិ​ខ្មែរ​” ។​

​វគ្គ​ទី​៣

គ្រប់​វត្ត​អារាម ឮ​តែ​សូរសព្ទ​ធម៌ សូត្រ​ដោយ​អំណរ រំ​ឮ​ក​គុណ​
​ព្រះពុទ្ធសាសនា ចូរ​យើង​ជា​អ្នក ជឿជាក់​ស្មោះ​ស្ម​គ្រ​តាមបែប​ដូនតា​
​គង់តែ​ទេវតា​ នឹង​ជួយ​ជ្រោមជ្រែង​ផ្គត់ផ្គង់​ប្រយោជន៍​ឲ្យ​ ដល់​ប្រទេស​ខ្មែរ​ ​ជា​មហានគរ​។​

​អត្ថន័យ​រួមៈ “​លើកសរសើរ និង​ឲ្យ​តម្លៃ​លើ​ព្រះពុទ្ធសាសនា​” ។​

​ពាក្យ​ទាំងបី​បទ​នេះ គឺជា​ការសរសើរ ជាតិ សាសនា និង ព្រះមហាក្សត្រ ដែលជា​ត្រៃ​រណដ្ឋាន​របស់​ខ្មែរ​” ។​ បទ​នគររាជជាតិ ឬ នគររាជភ្លេងជាតិ មាន​គោលការណ៍​រួមមួយ​គឺៈ​ ​ក្នុង​បទ​នីមួយៗ​មាន ៥ សង្កាត់ (​ឬ​ឃ្លា​) សរុប​មាន​ប្រាំ​ពាក្យៈ​ ​សង្កា​ត់ទី​១ មាន ៩ ពាក្យ​,​ ​សង្កា​ត់ទី​២ មាន ១១ ពាក្យ​, ​សង្កា​ត់ទី​៣ មាន ១២ ពាក្យ​, ​សង្កត់​ទី​៤ មាន ១៣ ពាក្យ​, ​សង្កា​ត់ទី​៥ មាន ៨ ពាក្យ ​បានសេចក្ដីថា ក្នុង ១ បទៗ មាន​ចំនួន ៥៣ ពាក្យ ដូចគ្នា​។​

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerapsara