ត្រៀម​លុយ! ឡាន​ហោះដំបូងគេលើលោក មិនភ័យស្ទះ ដាក់លក់ខែក្រោយនេះហើយ

រថយន្តហោះដំបូងគេបង្អស់នៅក្នុងពិភពលោក ត្រូវបានកំណត់ថានឹងបង្ហាញវត្តមាននៅក្នុងទីផ្សារ ក្នុងយុទ្ធនាការ Pre-Sale ដើម្បីជាកិច្ចចាប់ផ្តើមនាខែក្រោយនេះ។
រថយន្តដែលមានសមត្ថភាពអាចហោះហើរបាននេះ ផលិតឡើងជាប្រភេទរថយន្តមានកៅអីអង្គុយចំនួន 2 និងជាប្រភេទរថយន្ត Hybrid-Electric ដែលអាចផ្លាស់ប្តូររវាងការបើកបរលើដី និងការហោះហើរលើអាកាស ក្នុងរយៈពេលមិនដល់មួយនាទីផង។ រថយន្តនេះនឹងបញ្ជូនដល់ដៃអតិថិជន នៅឆ្នាំក្រោយនេះហើយ។

យោងតាមក្រុមហ៊ុនផលិតមានឈ្មោះថា Terrafugia ដែលស្ថិតក្រោមការគ្រប់គ្រងពីក្រុមហ៊ុនមេ Volvo រថយន្តម៉ូដែល Transition អាចហោះហើរបានក្នុងរយៈចម្ងាយ 640 គីឡូម៉ែត្រ នៅក្នុងកម្រិតល្បឿនលឿនបំផុត 160 គីឡូម៉ែត្រក្នុងមួយម៉ោង។

យោងតាមសារព័ត៌មានចិន មានឈ្មោះថា Xinhua បានរៀបរាប់ថាតម្លៃរបស់យានយន្តច្នៃប្រឌិតថ្មីនេះ មិនទាន់ត្រូវបានកំណត់នៅឡើយទេ ប៉ុន្តែការដាក់លក់ដំបូង សម្រាប់ម៉ូដែលដើមដំបូងបង្អស់នឹងចាប់ផ្តើមក្នុងខែតុលាខាងមុខនេះហើយ។

ក្រុមហ៊ុនផលិតបានពិព័ណ៌នាអំពីការវិវត្តថ្មីៗនៅក្នុងយានយន្តនេះរួមមានម៉ាស៊ីនប្រភេទ Hybrid-Electric ការវិវត្តកាន់តែប្រសើរឡើងលើកៅអីអង្គុយ មានទីកន្លែងទុកដាក់សម្ភារៈកាន់តែធំទូលាយ ការពង្រឹងគុណភាពខ្សែក្រវ៉ាត់ និងពោងសុវត្ថិភាព។ រថយន្តនេះក៏មានបំពាក់កាមេរ៉ាខាងក្រោយ និងប្រព័ន្ធឆ័ត្រយោងថ្មីមួយផងដែរ ព្រមជាមួយនឹងមុខងារ Boost ដែលនឹងផ្តល់នូវថាមពលកាន់តែខ្លាំងនៅអំឡុងពេលហោះហើរ។

រថយន្តនេះត្រូវបានទទួលស្គាល់ជាប្រភេទ Light Sport Aircraft ដោយ Federation Aviation Administration កាលពីឆ្នាំ 2016។ វាក៏មានស្តង់ដាស្របតាមការកំណត់របស់ National Highway and Traffic Safety Administration ផងដែរ ប៉ុន្តែអ្នកបើកបរត្រូវបានប័ណ្ណបើកបរយន្តហោះ ដើម្បីប្រើប្រាស់រថយន្ត Transition ស្របតាមច្បាប់។

ក្រុមហ៊ុនជឿជាក់ថា Transition អាចជាយានជំនិះដ៏មានអត្ថប្រយោជន៍ខ្ពស់មួយ សម្រាប់ពីឡុត ធ្វើការចុះចតនៅក្នុងអាកាសយានដា្ឋនតូចៗ និងបើកបរមកគេហដ្ឋាន។ យានយន្តនេះមានស្លាប ដែលអាចបត់បាន មានទម្ងន់ 589 គីឡូក្រាម និងមានចង្កឹះលេខសម្រាប់ការចុះចតថេរ។ វាអាចធ្វើការហោះហើរបានក្នុងរយៈកម្ពស់ខ្ពស់បំផុតរហូតដល់ 3 គីឡូម៉ែត្រ។ 

ចំណែកម៉ូដែល TF-X ជាគម្រោងផលិតយានយន្តសម្រាប់មនុស្ស 4 នាក់ នឹងត្រូវបានបញ្ជារដោយប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ ដូច្នេះអ្នកជិះអាចវាយបញ្ចូលពីទីតាំងដែលត្រូវទៅ មុននឹងចេញដំណើរ។ ក្រុមហ៊ុនបាននិយាយថា ម៉ូដែល TF-X នឹងមិនត្រូវការអាកាសយានដ្ឋានសម្រាប់ហោះហើរ និងចុះចតទេ ហើយវាអាចបើកបរបាននៅលើគ្រប់ប្រភេទផ្លូវ ផ្តល់នូវភាពងាយស្រួលសម្រាប់មធ្យោបាយធ្វើដំណើរកាន់តែឆាប់រហ័ស។

លោក Chris Jaran នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបាននិយាយកាលពីខែកក្កដាថា ការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មី បានអនុញ្ញាតឱ្យយើងធ្វើតេស្តសាកល្បងលើយន្តការខុសគ្នាជាច្រើន ហើយដំណើរការនៃការបង្កើតថ្មីក៏ដំណើរការព្រមគ្នាដែរ។ ក្រុមហ៊ុនកំពុងស្ថិតនៅក្នុងចំណុចដ៏សំខាន់ ជាទីកន្លែងដែលក្រុមហ៊ុនអាចអនុវត្តការរចនាមុខងារកាន់តែប្រសើរឡើង អាស្រ័យលើរយៈពេលជាច្រើនឆ្នាំនៃការធ្វើតេស្តលើការហោះហើរ និងបើកបរ។ ទាំងនេះនឹងពង្រឹងមុខងាររបស់យានយន្ត សុវត្ថិភាព និងសោភណ្ឌភាព សម្រាប់បទពិសោធន៍នៃការហោះហើរ និងការបើកបរដ៏អស្ចារ្យ៕

តោះមកទស្សនាឡានហោះទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ tomnerb