ប្រពៃណាស់! ទោះជាមិនបានពាក់មកុដក៏ Miss Grand Cambodia​ ថ្លែងថា…..

កម្មវិធីប្រកួតបវរកញ្ញាអន្តរជាតិ ឆ្នាំ២០១៨ ឬ Miss Grand International 2018 ដែលធ្វើឡើងនៅប្រទេសមីយ៉ាន់ម៉ា ត្រូវបានបញ្ចប់ទាំងស្រុងហើយ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ យប់ មិញនេះ។ បវរកញ្ញា ដែលគ្រងមកុដឯកសម្រាប់ឆ្នាំនេះ គឺកញ្ញា Clara Sosa មកពីប្រទេសផារ៉ាហ្កាយ (Paraguay)។

កញ្ញា ឌី លីកា

បើទោះបីជាបវរកញ្ញាកម្ពុជា គឺកញ្ញា ឌី លីកា មិនបានជាប់ជាបវរកញ្ញាអន្តរជាតិ ឆ្នាំ២០១៨ក្តី តែនាងបានទទួលពានរង្វាន់កិត្តិយស Grand Pageant ‘s Choice Award ជូនជាតិកម្ពុជា ផង ដែរ។​ នេះជាជ័យជម្នះមួយ​ ដែលបានកើតឡើង តាមរយៈការគាំទ្ររបស់មហាគ្រួសារខ្មែរ ដែលបានបោះឆ្នោតតាមរយៈ Facebook ។

គណៈកម្មការរៀបចំកម្មវិធីប្រកួត Miss Grand Cambodia និងកញ្ញា ឌី លីកា សូមលំឱនកាយ ថ្លែងអំណរគុណចំពោះប្រិយមិត្ត និងប្រជាជនកម្ពុជាគ្រប់ៗរូប ដែលបានផ្តល់ក្តីមេត្តា ជ្រោមជ្រែង ឧបត្ថម្ភគាំទ្រដល់បេក្ខភាពកម្ពុជា ដើម្បីកម្ពុជា រហូតតាំងពីថ្ងៃដំបូងនៃកម្មវិធីប្រកួត រហូតទទួលបាននូវពានរង្វាន់កិត្តិយស Grand Pageant ‘s Choice Award មួយនេះ។

លោក មែ វិចិត្របុត្រ នាយកចាត់ការទូទៅនៃក្រុមហ៊ុន Attract advertising ដែលបាននាំបវរកញ្ញាយើង ទៅប្រកួតកម្មវិធីលំដាប់ពិភពលោកមួយនេះ បានបញ្ជាក់មកភ្នាក់ងារ Fresh News តាមទូរស័ព្ទ នៅថ្ងៃទី២៦​ ខែតុលា ឆ្នាំ២០១៨ យ៉ាងដូច្នេះថា «ទោះបីជានេះពុំមែនជាពានរង្វាន់ផ្លូវការ នៃកម្មវិធីប្រកួត ប៉ុន្តែយើងខ្ញុំទាំងអស់ពិតជាមានមោទនភាព ចំពោះពានរង្វាន់ នេះ ឥតឧបមា ព្រោះនេះជាលើកទី២ ដែលយើងទទួលបាន គឺទទួលបានដោយកិច្ចខិតខំប្រឹងប្រែង ពីសំណាក់លោកអ្នកជួយបោះឆ្នោតគាំទ្រ ចំពោះបេក្ខភាពកម្ពុជាក្នុងចំណោមបេក្ខនារី ៧៥ប្រទេស មកពីទូទាំងពិភពលោក»

លោកបន្តថា «យើងខ្ញុំទាំងអស់ពិតជាមានចិត្តរំភើប ចំពោះទឹកចិត្តរួបរួម កិច្ចខិតខំលើគ្រប់ការបោះឆ្នោតគាំទ្រ ទាំងឈុតតំណាងជាតិ ទាំងផ្នែកប្រជាប្រិយភាព ទាំងបេក្ខនារីសម្រស់ ត្រកាលនៃកម្មវិធីប្រកួតបឋម ឬគ្រប់ៗវិញ្ញាសារ។ យើងខ្ញុំនឹងចាំទុកជានិច្ចនូវកម្លាំងចលករនេះ ដើម្បីលើកទឹកចិត្តខ្លួនក្នុងការខិតខំព្យាយាមបន្តទៅទៀត»

បើតាមលោក មែ វិចិត្របុត្រ, កញ្ញាឌី លីកា នៅយប់ថ្ងៃទី២៦ ខែតុលានេះ នឹងធ្វើដំណើរត្រឡប់មកម្ពុជាវិញ ហើយនាងនឹងមកដល់រាជធានីភ្នំពេញ វេលាម៉ោង២១៖២៥ នាទីយប់៕

 

ដក​ស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia