ពលរដ្ឋខ្មែរដែលមានផ្ទះនៅជាប់ទីតាំងទាំងនេះ ត្រូវរំកិលថយក្រោយយ៉ាងតិច១៥ម៉ែត្រ

ដោយអនុវត្តតាមយុទ្ធនាការ១០០ថ្ងៃ របស់ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូននោះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹងថា ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ទីរនឹងចាប់ផ្ដើមពង្រីកចញ្ចើមផ្លូវ រហូតដល់១៥ម៉ែត្រ ពីអ័ក្សផ្លូវនីមួយៗ។

សេចក្ដីជូនដំណឹងរបស់លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការខេត្តកណ្ដាល នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ ក៏បានជម្រាបជូនប្រជាពលរដ្ឋទាំងអស់ ដែលមានលំនៅឋាន ឬបាននឹងកំពុងសាងសង់តូបអាជីវកម្មផ្សេងៗ នៅតាមផ្លូវជាតិលេខ១, ផ្លូវជាតិលេខ២, ផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ១៤,​ ផ្លូវជាតិលេខ២០បេ, ផ្លូវជាតិលេខ២១,​ ផ្លូវជាតិលេខ២១អា, ផ្លូវជាតិលេខ២១បេ,​ ផ្លូវជាតិលេខ៣៤,​ ផ្លូវជាតិលេខ១១០ និងផ្លូវជាតិលេខ១៥១អា ត្រូវរំលិកថយក្រោយយ៉ាងតិចឲ្យបាន១៥ម៉ែត្រពីអ័ក្សផ្លូវ។

តាមរយៈសេចក្ដីជូនដំណឹងនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល សង្ឃឹមយ៉ាងជឿជាក់ថា ប្រជាពលរដ្ឋដែលមានលំនៅឋាន និងក្បាលដីជាប់ផ្លូវជាតិខាងលើ ជួយចូលរួមសហការអនុវត្ត សម្រាប់ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន និងទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia