ក្តៅ! ឧទ្ធម្ភាគចក្ររបស់ម្ចាស់ក្លឹបបាល់ទាត់ Leicester City បានធ្លាក់ផ្ទុះឆេះ

ឧទ្ធម្ភាគចក្ររបស់ម្ចាស់ក្លឹបបាល់ទាត់ Leicester City គឺលោក Vichai Srivaddhanaprabha បានធ្លាក់ផ្ទុះឆេះ នៅក្រោយ​ការ​ប្រកួត Premier League ជាមួយក្រុម West Ham United នាយប់ថ្ងៃសៅរ៍សប្តាហ៍នេះ នៅក្បែរកីឡដ្ឋាន King Power Stadium ក្នុង​ប្រទេសអង់គ្លេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែតុលា ឆ្នាំ២០១៨។

ឧទ្ធម្ភាគចក្ររបស់ លោក Vichai Srivaddhanaprabha

រហូតមកទល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ច្បាស់ជាផ្លូវការនៅឡើយទេថា តើមហាសេដ្ឋីថៃខាងលើនេះ បានស្ថិតនៅលើ​​ឧទ្ធម្ភាគចក្រដែរឬយ៉ាងណា នៅពេលដែលវាធ្លាក់។ ប៉ុន្តែអ្វី​ដែលគេដឹងនោះ គឺលោក Vichai មានវត្តមាននៅក្នុងការប្រកួត។

លោក Vichai Srivaddhanaprabha

គួរជម្រាបថា លោក Vichai មិនដែលអាក់ខានធ្វើដំណើរទៅចូលរួម​រាល់ការប្រកួត នៅពេលក្លឹបរបស់លោកត្រូវធ្វើជាម្ចាស់ផ្ទះឡើយ​ តាមរយៈឧទ្ធម្ភាគ​ចក្រខាងលើ ហើយជារឿយៗ​មហា​សេដ្ឋីវ័យ​៦១ឆ្នាំរូបនេះ តែង​ឡើង​ឧទ្ធម្ភាគ​ចក្រ​ចេញ​ពី​កណ្តាល​ទីលាន​បាល់​ទាត់ ក្រោយចប់​​ការ​ប្រកួត ដើម្បីត្រឡប់ទៅវិញ។​

លោក Vichai Srivaddhanaprabha

​បើតាមសាក្សី ប្រមាណជាមួយម៉ោងក្រោយការបញ្ចប់ការប្រកួតរវាង Leicester City និង ​West Ham ​​ជាមួយលទ្ធផល១-១ ឧទ្ធម្ភាគ​ចក្រ​របស់លោក Vichai ត្រូវគេរាយការណ៍ថា បាន​ធ្លាក់​នៅ​​កន្លែងចតរថយន្តក្បែរកីឡដ្ឋាន King Power Stadium ដែល​ជា​ទឹកដី​របស់ Leicester City ហើយផ្ទុះឆាបឆេះឡើង៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia