ឡូយកប់! មួក​សុវត្ថិភាព​មាន​ម៉ាស៊ីន​ត្រជាក់ បើនិយាយពីតម្លៃវិញគឺមិនធម្មតា

ក្រុមហ៊ុន​ឥណ្ឌា​មួយ​ឈ្មោះ​ BluAmor ដែល​ជា​សាខា​មួយ​របស់​​ក្រុមហ៊ុន​ AptEner Mechatronics ត្រៀម​នឹង​ដាក់​លក់​មួក​ការពារ​​ម៉ូដែល​ BluSnap ដែល​មាន​ប្រព័ន្ធ​ត្រជាក់​ អាច​បាញ់​ខ្យល់​ចូល​ទៅ​ក្នុង​មួក​បាន។

ឃើញ​មួក​នេះ​ទំនើប​បែប​នេះ​ ប៉ុន្តែ​វា​មាន​តម្លៃ​ប្រមាណ​ ២៥ ដុល្លារ​ប៉ុណ្ណោះ​ ដោយ​វា​មាន​នូវ​ប្រអប់​សម្រាប់​ដាក់​ទឹក, កង្ហារ​អគ្គិសនី, ម៉ាស៊ីន​ធ្វើ​ឲ្យ​ត្រជាក់​ និង​តម្រង​ខ្យល់។ ​គំនិត​នៃ​ឧបករណ៍​នេះ​​គឺ​​ប្រើ​ប្រាស់​ចំហាយ​ទឹក​​នៅ​លើ​ម៉ាស៊ីន​ធ្វើ​ឲ្យ​ត្រជាក់​ ដើម្បី​បាញ់​ខ្យល់​ត្រជាក់​ចំ​មុខ​​អ្នក​ប្រើ​ប្រាស់។

កម្រិត​ត្រជាក់​ដែល​មួក​នេះ​​អាច​បង្កើត​បាន​ ​​អាស្រ័យ​លើ​សីតុណ្ហភាព​ខាង​ក្រៅ​។ ជាក់​ស្ដែង​ ឆ្លង​កាត់​តាម​ការ​សាក​ល្បង​របស់​ក្រុមហ៊ុន​នៅ​​ទីតាំង​ជា​ច្រើន​ក្នុង​ប្រទេស​ឥណ្ឌា​ដូច​ជា​​ទីក្រុង​ Bangalore ​​មួក​នេះ​អាច​បាញ់​ខ្យល់​កម្ដៅ​ ២៥,២ អង្សា​សេ​ ស្រប​ពេល​ដែល​សីតុណ្ហភាព​ខាង​ក្រៅ​មាន​ដល់​ ៣៦ អង្សា​សេ។

ព័ត៌មាន​ទាក់​ទង​នឹង​ទម្ងន់​គេ​មិន​ច្បាស់​នៅ​ឡើយ​ទេ​ ប៉ុន្តែ​មើល​តាម​រូបភាព​ឃើញ​ថា​មិន​ធ្ងន់​ណាស់​ណា​នោះ​ទេ។ ចំពោះ​តម្រង​ខ្យល់​មាន​សមត្ថភាព​អាច​កម្ចាត់​មេរោគ​បាន​ ហើយ​ថាមពល​ថ្ម​អាច​ប្រើ​បាន​រយៈពេល​ ១០ ម៉ោង។ ចំណែក​ប្រអប់​ផ្ទុក​ទឹក​វិញ​ណែនាំ​ឲ្យ​​បញ្ចូល​ទឹក​​មុន​ជិះ​ម្ដងៗ​ ដោយ​អាច​ប្រើ​បាន​រយៈ​ពេល​ ២ ម៉ោង។ មួក​ BluSnap រំពឹង​ថា​នឹង​ចេញ​លក់​លើ​ទីផ្សារ​ប្រទេស​ឥណ្ឌា​នា​ថ្ងៃ​ទី​ ១៥ ខែ​មីនា​ ខាង​មុខ​នេះ៕ ​​​​​​​​​​​​​​​

តោះមកទស្សនារូបភាពខាងក្រោមនេះ៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ autobodia