ល្អណាស់! ជប៉ុនផ្តល់ឱកាសការងារដល់យុវជនកម្ពុជាសិស្ស និស្សិត នៅតាម…

លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអនុញ្ញាតឲ្យលោក Yohei Shibasaki នាយកប្រតិបត្តិនៃក្រុមហ៊ុន Fourth Valley Concierge ជាក្រុមហ៊ុនដ៏​ធំមួយរបស់​ជប៉ុន​ក្នុងការផ្តល់ឱកាសការងារដល់យុវជន សិស្ស និស្សិតនៅតាមបណ្តាលប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីមានឱកាសទៅធ្វើការនៅប្រទេសជប៉ុន។

កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួង នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨។

លោកនាយកប្រតិបត្តិក្រុមហ៊ុន លើកឡើងថា គោលបំណងដែលរូបលោក និងក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោករដ្ឋមន្ត្រីនាពេលនេះ គឺដើម្បីសុំកិច្ចគាំទ្រ​ពីខាងក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ ដើម្បីបើកការិយាល័យក្រុមហ៊ុននៅកម្ពុជា ក្នុងការបណ្តុះបណ្តាលយុវជនកម្ពុជា មុននឹងបញ្ជូនទៅបម្រើការងារនៅប្រទេសជប៉ុន។

លោកនាយកប្រតិបត្តិក្រុមហ៊ុន លើកឡើងថា ក្រុមហ៊ុនរបស់លោកមានបទពិសោធន៍ ១០ឆ្នាំមកហើយ នៅតំបន់អាស៊ីអាគ្នេយ៍ គឺទទួលបានជោគជ័យជាខ្លាំង។

លោកថា បច្ចុប្បន្ននេះយុវជនកម្ពុជាក៏មានសមត្ថភាពដូចយុវជនដទៃទៀតនៅតាមបណ្តាលប្រទេសមួយចំនួនដែរ ដែលទទួលបានឱកាសទៅធ្វើកា​រនៅ​ប្រទេស​ជប៉ុន។

ឆ្លើយតបទៅនឹងគោលបំណងនេះ លោករដ្ឋមន្ត្រី រីករាយស្វាគមន៍ និងគាំទ្រចំពោះសំណើនេះ ដោយលោករដ្ឋមន្ត្រីស្នើដល់ក្រុមហ៊ុន ត្រូវរៀបចំឯកសារតាមនីតិវិធី ដែលតម្រូវទៅតាមច្បាប់ជាមុនសិន។

លោករដ្ឋមន្ត្រីបានបន្តថា រដ្ឋាភិបាលកម្ពុជារីករាយ និងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលជប៉ុន ដែលមកដល់ពេលនេះ កម្ពុជាមានក្រុមហ៊ុនសហគ្រាស​ជាច្រើនរបស់​ជប៉ុន​ចូលមកវិនិយោគនៅកម្ពុជា។ រីឯខាងផ្នែកវិស័យការងារវិញ កម្ពុជាក៏បានបញ្ជូនកម្មសិក្សាការីទៅធ្វើការនៅជប៉ុនក៏ច្រើនដែរ មកដល់ពេលនេះ​កម្មសិក្សាការីកម្ពុជាមាន​ប្រហែល​ជាង៨ពាន់​នាក់​កំពុងធ្វើកម្មសិក្សានៅទីនោះ ដែលនៅជប៉ុនមានកម្លាំងពលកម្មច្រើនទាក់ទងទៅនឹងឧស្សាហកម្ម កសិកម្ម សេវាកម្ម និងថែទាំមនុស្សចាស់ជាដើម។

បើតាមការបញ្ជាក់ពី លោក ងុយ រិទ្ធ នាយករងខុទ្ទកាល័យក្រសួងការងារ បានឲ្យដឹងថា ក្រុមហ៊ុននេះ នឹងរៀបចំដំណើរការផ្តល់វគ្គបណ្តុះបណ្តាលដល់និស្សិតវ័យក្មេង ទទួលបានឱកាស​ទៅធ្វើ​ការ​នៅជប៉ុនជាមួយនឹងក្រុមហ៊ុនល្បីៗ ដូចជាក្រុមហ៊ុន SONY ក្រុមហ៊ុន PANASONIC ក្រុមហ៊ុន HONDA និង ក្រុមហ៊ុន TOYOTA ជាដើម។

ក្រុមហ៊ុននេះបានផ្តល់ ឱកាសទៅដល់ប្រទេសជាច្រើននៅក្នុងតំបន់ ហើយបច្ចុប្បន្នក្រុមហ៊ុននេះបានពង្រីកខ្លួនមកដល់ប្រទេសកម្ពុជាដែរហើយ។

លោក ងុយ រិទ្ធ បានបញ្ជាក់ថា យុវជន និស្សិតកម្ពុជា នឹងទទួលបាននូវ ឱកាសចេញទៅធ្វើការនៅជប៉ុន ជាមួយក្រុមហ៊ុនធំៗ រយៈពេលពី៥ទៅ១០ឆ្នាំ។ នេះជា ឱកាសដែលយើង មិនធ្លាប់មាន ពីមុន ដែលពីមុនកម្ពុជាបញ្ជូនត្រឹមជាសិក្ខាកាម ឬជាអ្នកហាត់ការទេ មិនទាន់បានទទួលទិដ្ឋការការងារនៅឡើយទេ ប៉ុន្តែក្រុមហ៊ុននេះផ្តល់ ឱកាសឲ្យយុវជនកម្ពុជា ទទួលបាននូវទិដ្ឋការងារ តែ ម្តង ធ្វើការបានរហូតពី៥ទៅ១០ឆ្នាំឯណោះ។

ពេលដែលយុវជនកម្ពុជា បានទៅធ្វើការជាមួយក្រុមហ៊ុនល្បីៗ ពួកគេនឹងមានសមត្ថភាពកាន់តែខ្ពស់ ខណៈបានវិលត្រឡប់មកបម្រើការងារឲ្យក្រុមហ៊ុនជប៉ុននៅក្នុងប្រទេសជាតិវិញ ដែលជាប្រភពធនធានមនុស្សដ៏សំខាន់ចាំបាច់ ឆ្លើយតបទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia