ប្រធាន​ក្រុមហ៊ុន Google X សម្រេចចិត្ត​លាលែងចេញពី​តំណែង ព្រោះតែ…

ប្រធាន​ក្រុមហ៊ុន Google X ដែលជាបុត្រសម្ព័ន្ធ​នៃក្រុមហ៊ុន Google បានសម្រេចចិត្ត​លាលែងចេញពី​តំណែងហើយ បន្ទាប់ពី​សារព័ត៌មាន New York Times កាលពីសប្ដាហ៍មុន​បានចេញ​ផ្សាយថា នាយករូបនេះបាន​រំលោភបំពាន​ផ្លូវភេទលើ​អ្នកស្ត្រីម្នាក់​ ដែលបានសុំដាក់ពាក្យចូលធ្វើឱ្យ​ក្រុមហ៊ុន​មួយនេះ។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន CNN នៅព្រឹកថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨។

លោក រីឆាដ ដេវ៉ល

សារព័ត៌មាន CNN ផ្អែកលើប្រភពដែល​ខ្លួនទទួលបានឱ្យដឹងថា ប្រធានក្រុមហ៊ុន Google X លោក រីឆាដ ដេវ៉ល (Richard DeVaul) បាន​សម្រេចចិត្តលាលែងចេញពី​តំណែង​ហើយ ដោយ មិនទាមទារ​​ប្រាក់អតីតភាព​ឡើយ។ ក៏ប៉ុន្តែ​​លោក DeVaul មិនទាន់ធ្វើ អត្ថាធិប្បាយ​ណាមួយនៅឡើយ​ទេ។

គួរបញ្ជាក់ថា Google X គឺជាក្រុមហ៊ុន​ស្រាវជ្រាវ និងអភិវឌ្ឍន៍ត្រូវបានបង្កើតឡើងដោយ​ក្រុមហ៊ុន Google កាលពី​ឆ្នាំ២០១០ ហើយមុនចូល​បម្រើការងារឱ្យ​ក្រុមហ៊ុន Google លោកធ្លាប់ ធ្វើបុគ្គលិក​ផ្នែកវិទ្យាសាស្ត្រ​ជាន់ខ្ពស់ នៅក្រុមហ៊ុន Apple​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasiaា