ស្រ្តីចិននៅខ្មែរម្នាក់ ត្រូវជាប់គុក និងបង់សំណងខ្ទង់ម៉ឺនដុល្លារ ព្រោះជិះឡានបុកចោរឆក់

កាលពីថ្ងៃទី៣១ តុលា ម្សិលមិញនេះ តុលាកាក្រុងភ្នំពេញ បានសម្រេចចេញសាលក្រមផ្តន្ទាទោសស្រ្តីចិនម្នាក់ ដែលបានបើករថយន្តប្រដេញបុកចោរឆក់ទូរស័ព្ទដែលបណ្ដាលឲ្យម្នាក់ស្លាប់ និងម្នាក់ទៀតរងបួសជាប់គុក២ឆ្នាំ។

ប៉ុន្តែទោះជាយ៉ាងណា តម្រូវឲ្យមានការអនុវត្តទោសត្រឹមតែ៣ខែប៉ុណ្ណោះ រួមទាំងបង្គាប់ឲ្យបង់ប្រាក់សំណងជម្ងឺចិត្តដល់គ្រួសារជនរងគ្រោះទាំង២នាក់ខាងលើ និងបង់ចូលថវិការដ្ឋសរុប ២៤០០០ ដុល្លារ និង៦៤លានរៀល។

សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ YUAN TANG ថាង យៀន ភេទស្រី អាយុ ២៦ឆ្នាំ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១២សីហា ឆ្នាំ ២០១៨ នៅចំណុចផ្លូវលេខ១២៣ កែងផ្លូវ លេខ៤៥៦ ក្រុម២២ ភូមិ៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីបានបើកឡានដេញបុកបុរស២នាក់ ដែលឆក់ទូរស័ព្ទអាយហ្វូនរបស់នាង ធ្វើឲ្យម្នាក់ស្លាប់នៅនឹងកន្លែង ហើយម្នាក់ទៀតរងរបួសធ្ងន់។

ជនសង្ស័យ ត្រូវបានតុលាការចោទប្រកាន់ចំនួន៣បទល្មើស រួមមាន ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាព នៃជនរងគ្រោះ និងបើកបរគ្មានប័ណ្ណបើកបរត្រឹមត្រូវ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kbn