ភ្ញាក់ផ្អើល!​ ថៃ​​​ ប្រកាសថា “ថៃមិនត្រូវការអ្នកអង្កេតការណ៍បរទេសក្នុងថ្ងៃបោះឆ្នោតនោះទេ”

លោក Don Pramudwinai រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ថៃ បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី៣១ ខែ​តុលា ឆ្នាំ​២០១៨ ម្សិលមិញ​ថា ប្រទេស​ថៃ​នឹង​មិន​ចាំបាច់​មាន​អ្នក​សង្កេតការណ៍​បោះឆ្នោត​បរទេស សម្រាប់​ការបោះឆ្នោត​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៩ ខាង​មុខ​នោះ​ទេ។ លោក​ប្រមុខ​ការទូត​ថៃ​រូប​នេះ​ថា ប្រទេស​ថៃ​មាន​សេចក្ដីថ្លៃថ្នូរ និង​មិនមែន​ជាប្រទេស​មាន​បញ្ហា ដូច្នេះ​វា​មិនចាំបាច់​មាន​អ្នកសង្កេតការណ៍​បរទេស​នោះ​ទេ។

លោក​បន្ត​ថា “រដ្ឋាភិបាល​បច្ចុប្បន្ន​កើតពី​រដ្ឋប្រហារ ប៉ុន្ដែ​ខុស​ពី​រដ្ឋប្រហារ​ផ្សេងទៀត​នៅ​ក្នុង​ពិភពលោក ព្រោះយើង​មិន​ហាម ឬ​ដក​សិទ្ធិ​ដែល​កំពុង​ដំណើរការ​លើ​ទីតាំង ដែល​ប៉ះពាល់​ដល់​មតិភាគច្រើន​នោះ​ទេ”។

លោក Don Pramudwinai រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ថៃ

ការ​លើកឡើង​របស់​លោក​ប្រមុខ​ការទូត​ថៃ​រូប​នេះ គឺ​ក្រោយ​មាន​ការ​អំពាវនាវ​អស់​រយៈពេល​ជាច្រើន​ខែ​សម្រាប់​អ្នកសង្កេតការណ៍​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​ថៃ ដើម្បី​ធានា​ការបោះឆ្នោត​សេរី និង​ត្រឹមត្រូវ។ លោក​ប្រមុខ​កាទូត​រូប​នេះ​ថា ការ​បោះឆ្នោត​គឺ​ជា​កិច្ចការ​ផ្ទៃក្នុង។

ការបោះឆ្នោតកន្លងមក

សូម​បញ្ជកា់​ថា សម្រាប់​ការ​បោះឆ្នោត​របស់​ថៃពី​មុន នា​ឆ្នាំ​២០១១ ឆ្នាំ​២០០៥ ឆ្នាំ​២០០៧ និង​ឆ្នាំ​២០១១ ត្រូវ​បាន​ចូលរួម​សង្កេតការណ៍​ដោយ​បណ្ដាញ​អាស៊ី​សម្រាប់​ការ​បោះឆ្នោត​ដោយ​សេរី (ANFREL) ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រុង​បាងកក។ បណ្ដាញ​នេះ មាន​អ្នក​សង្កេតការណ៍​មក​ពី ២៤​ប្រទេស អំឡុង​ការ​បោះឆ្នោត​ឆ្នាំ​២០១១៕

ការបោះឆ្នោតកន្លងមក

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay