អាមេរិក យល់ព្រមឱ្យប្រទេសចំនួន ៨ ទិញប្រេងឆៅពីអ៊ីរ៉ង់ ​ដោយ​ពុំជាប់​ទណ្ឌកម្ម​ឡើយ​

សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​២ ខែវិច្ឆិកា បានប្រកាសថា ខ្លួន​នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​ចំនួន​៨ បន្ត​ទិញ​ប្រេង​ឆៅ​ពី​អ៊ីរ៉ង់ ដោយ​ពុំជាប់​ទណ្ឌកម្ម​ឡើយ​។ ការប្រកាស​ដែល​ធ្វើ​ដោយ​រដ្ឋមន្ត្រីការបទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ មិនមាន​បង្ហាញ​ឈ្មោះ​ប្រទេស​ទាំង​៨ ឡើយ ខណៈ​អាមេរិក​ត្រៀម​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ឡើងវិញ ក្រោយ​ដើរ​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥។ តាមច្បាប់​អាមេរិក​នោះ ការលើកលែង​ទណ្ឌ​កម្មនេះ ក៏​មិនមាន​រយៈពេល​យូរ​ដែរ​។​

​ទណ្ឌកម្ម​របស់​អាមេរិក​លើ​អ៊ីរ៉ង់ នឹង​ចាប់ផ្ដើម​អនុវត្ត​ឡើងវិញ​នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា​។ ការដាក់ទណ្ឌកម្ម​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រកាស​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥ ដែល​លោក​ចាត់ទុកជា​កិច្ចព្រមព្រៀង​ដ៏​អា​ក្រ់​បំផុត​។ ជា​ទណ្ឌកម្ម​ដែល​អាមេរិក​អះអាងថា ខ្លាំងក្លា​មិន​ធ្លាប់មាន ទណ្ឌកម្ម​លើក​នេះ​នឹង​ផ្ដោត​សំខាន់​ក្នុងការ​ផ្ដាច់ដង្ហើម​សេដ្ឋកិច្ច​អ៊ីរ៉ង់​តាមរយៈ​ការបិទ​ជំនួញ​ប្រេង​របស់​ប្រទេស​នេះ​។​

(រូបតំណាង)

​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ បានប្រកាស​នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ថា គោលដៅ​ធំ​របស់​អាមេរិក គឺ​ធ្វើ​ឲ្យ​ការនាំចេញ​របស់​ប្រេង​របស់​អ៊ីរ៉ង់​ធ្លាក់​ដល់​ចំណុចសូន្យ​។ ទោះជា​ទទួលស្គាល់ថា កិច្ចការ​នេះ​អាច​ចំណាយពេល​រាប់​ខែ លោក ប៉ុ​ម​ប៉េ​អូ ប្ដេជ្ញាចិត្ត​សម្រេច​ឲ្យ​បាន​គោលដៅ​នេះ ដោយ​កាត់បន្ថយ​ផលប៉ះពាល់​ឲ្យ​បាន​តិចតួច​បំផុត​លើ​ទីផ្សារ​ប្រេង​ឆៅ ហើយ​ដែល​នេះ​ជា​រឿង​ល្អ​សម្រាប់​អ្នកប្រើប្រាស់​នៅ​អាមេរិក​។

​យ៉ាងណាមិញ ក្រុង​វ៉ាស៊ីនតោន​បានអនុញ្ញាត​ឲ្យ​ប្រទេស​៨ អាច​បន្ត​នាំចូល​ប្រេង​ពី​អ៊ីរ៉ង់ ទោះជា​ទណ្ឌកម្ម​ចូល​ជា​ធរមាន​ក្ដី​។ លោក ប៉ុ​ម​ប៉េ​អូ មិន​បញ្ចេញ​ឈ្មោះ​ប្រទេស​ទាំង​៨ នោះឡើយ​។ បើ​គិតពី​បរិមាណ​ប្រេង​ឆៅ​ដែល​នាំចូល​នោះ ប្រទេស​ដែល​ទិញ​ប្រេង​ច្រើនសន្ធឹក​សន្ធាប់​ពី​អ៊ីរ៉ង់​មានដូចជា ចិន ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន តួ​ក​គី អ៊ីតាលី និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ខណៈ​តៃវ៉ាន់​ក៏​ទិញ​ប្រេង​ឆៅ​ពី​អ៊ីរ៉ង់​ម្ដងម្កាល​ដែរ តែ​មិនមែនជា​ម៉ូយ​ដុំ​ឡើយ​។​

​ប្រមុខ​ការទូត​អាមេរិក​ពន្យល់ថា ការណ៍​ដែល​អាមេរិក​ព្រម​លើកលែង​ឲ្យ​ប្រទេស​ទាំងនេះ​ជា​បណ្ដោះអាសន្ន ព្រោះ​រដ្ឋ​ទាំងនោះ បាន​កាត់បន្ថយ​ការ​នាំចូល​ប្រេង​ឆៅ​ពី​អ៊ីរ៉ង់ និង​សហការ​ជាមួយ​អាមេរិក​លើ​វិស័យ​ផ្សេងទៀត​។ បើតាម​លោក ប៉ុ​ម​ប៉េ​អូ ក្នុងចំណោម​ប្រទេស​ទាំង​៨​នេះដែរ ប្រទេស​២ នឹង​ឈប់​នាំចូល​ទាំងស្រុង ហើយ​៦​ប្រទេស​ទៀត​កាត់បន្ថយ​ក្នុង​បរិមាណ​ច្រើន​។​

​ឯ​អ៊ីរ៉ង់​វិញ ទោះ​ទណ្ឌកម្ម​មួយកញ្ចប់​ធំ​ជិត​នឹង​ធ្លាក់​លើ​ខ្លួន​ទៅហើយ​ក្ដី ក៏​ប្រទេស​នេះ​មិន​បារម្ភ​ដែរ​។ ទណ្ឌកម្ម​លើក​នេះ​មិនមែន​សំដៅ​តែ​វិស័យ​ប្រេង និង​ឧស្ម័ន​ឡើយ តែ​ក៏​ដាក់​មុខសញ្ញា​លើ​វិស័យ​ដឹកជញ្ជូន ការសាងសង់​នាវា និង​វិស័យ​ធន​គារ​ផង​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់ Bahram Qasemi និយាយថា ទណ្ឌកម្ម​អាមេរិក​មិនអាច​បំបាក់​រដ្ឋ​ដ៏​ក្លាហាន​មួយ​នេះឡើយ ហើយ​អ៊ីរ៉ង់​មាន​សមត្ថភាព​ចាត់ចែង​សេដ្ឋកិច្ច​របស់ខ្លួន​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeythmey