អគ្គនាយកស៊ីម៉ាក់ជួបពិភាក្សាជាមួយអង្គការប្រឆាំងការជួញដូរសុនខ ដើម្បី…..

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា លោកបានជួបពិភាក្សាការងារ ជាមួយក្រុមជំនាញ នៃអង្គការប្រឆាំងការជួញដូរសុនខនៅកម្ពុជា ក្នុង​គោលបំណងដើម្បី​ប្រឆាំងការជួញដូរ និងហូបសាច់សុនខនៅកម្ពុជា។

បើតាមលោក ហេង រតនា អង្គការប្រឆាំងការជួញដូរសុនខនៅកម្ពុជានេះ បានបំពេញការងារនៅកម្ពុជា​ ដើម្បីជួយផ្សព្វផ្សាយ​ ការប្រមូលសុនខអនាថា​ និងជួយព្យាបាលសុនខតាមទីវត្ត​អារាម​ជា​ដើម​ ព្រមទាំងជួយគិតគូរឲ្យអ្នករកស៊ីលក់សាច់សុនខ​ ប្តូរមុខរបរថ្មីជាដើម។

តាមរយៈ Facebook ផ្លូវការ លោក ហេង រតនា បានគូសបញ្ជាក់ថា ​ស្ថានភាពការជួញដូរ និងហូបសាច់សុនខកម្ពុជា​ អាចបង្កឲ្យមានបញ្ហា៤សំខាន់ៗ រួមមាន៖

ទី១៖ បាត់បង់វប្បធម៌​ទំនៀមទម្លាប់ និងប្រពៃណីដ៏ល្អរបស់ប្រជាជនខែ្មរ​ ដែលផ្តាំតកូនចៅដោយហាមមិនឲ្យបរិភោគសាច់សុនខ​ឡើយ​ រហូតដល់យល់ថា ជាទង្វើនាំឲ្យចង្រៃដល់ខ្លួនឯង និងគ្រួសារ។ បើគ្មានវិធានការទេ​ ប្រពៃណី និងវប្បធម៌ដ៏ប្រពៃថ្លៃថ្នូរនេះ នឹងរលាយសាបសូន្យមិនខានឡើយ។

ទី២៖ ការបង្កអំពើចោរកម្ម​ និងបង្កបទល្មើសផេ្សងៗក្នុងសង្គម រួមទាំងទង្វើកាចសាហាវបង្កហិង្សា​ក្នុងគ្រួសារ​​។

ទី៣៖ មានផលប៉ះពាល់ដល់សុខភាពសាធារណៈ​ មានប្រភេទជំងឺឆ្លងផងដែរ​ (នេះបើយោងតាមការវាយតំលៃ មន្ត្រីជំនាញសុខភាពមកពីប្រទេសអូស្ត្រាលី​ ហើយអង្គភាពស៊ីម៉ាក់ នឹងសហការ​រយៈ​២ឆ្នាំ​​២០១៩-២០២០ ​ជាមួយសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យមែលប៊ន ​ដើម្បីតាមដានជំងឺសុនខ នៃអង្គភាពស៊ីម៉ាក់)​។

ទី៤៖ ភាពអសីលម៌ចំពោះគុណបំណាច់សុនខបម្រើមនុស្ស​ជាតិ​ ជាពិសេសសុនខហិតមីន​ សុនខសន្តិសុខ ​(សម្រាប់សន្តិសុខគ្រួសារ​ និងសាធារណៈ) សុនខប្រឆាំងភេវរកម្ម ​សុនខប្រឆាំងគ្រឿងញៀន​ សុនខការពារព្រំដែនជាដើម។​

បន្ថែមពីនេះ អគ្គនាយកស៊ីម៉ាក់ ក៏បានអំពាវនាវផងដែរថា ពេលនេះជាពេលវេលាយ៉ាងសមស្របសម្រាប់ប្រជាជនកម្ពុជា និងអ្នកអនុវត្តច្បាប់អាចចូលរួ​មលុបបំបាត់ភាពអសកម្មក្នុងសង្គមខែ្មរ និងរួមគ្នាលើកកម្ពស់ប្រពៃណី​ និងសីលធម៌សង្គមខែ្មរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia