កីឡាករ​មួយចំនួននៃ​ក្លិប Leicester City ទៅ​ចូលរួម​​​ពិធីបុណ្យសពលោក Vichai

លោក Claude Puel រួមទាំង​កីឡាករ​មួយចំនួន​របស់​ក្លិប Leicester City បាន​ទៅ​ចូលរួម​ដោយផ្ទាល់​ក្នុង​កម្មវិធី​បុណ្យសព លោក Vichai Srivaddhanaprabha នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។ ម្ចាស់​ក្លិប​រូបនេះ ស្ថិតក្នុង​ចំណោម​មនុស្ស​៥​នាក់ ដែល​បានទទួល​មរណភាព​ក្នុង​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅក្បែរ​កីឡដ្ឋាន King Power កាលពី​ថ្ងៃទី​២៧ ខែតុលា​។​

​កីឡាករ​មួយចំនួន​របស់​ក្លិប Leicester City

ប្រតិភូ​របស់​ក្លិប Leicester City ដែល​បាន​ទៅដល់​ក្រុង​បាងកក កាលពី​ចុង​សប្តាហ៍​កន្លងមក​នោះ រួមមាន លោក Claude Puel ដែលជា​គ្រូបង្វឹក នាយក​បាល់ទាត់ លោក Jon Rudkin និង​អ្នកស្រី Susan Whelan នាយិកា​ប្រតិបត្តិ​ក្លិប​។ ចំណែក​សមាសភាព​កីឡាករ​រួមមាន ប្រធាន​ក្រុម Wes Morgan, Jamie Vardy, Kasper Schmeichel, Harry Maguire, Ben Chilwell, James Maddison, Marc Albrighton Shinji Okazaki, Andy King, Wilfred Ndidi និង Christian Fuchs​។​

ទិដ្ឋភាពក្នុងពិធីបុណ្យសព្វរបស់លោក Vichai

កីឡាករ​មួយចំនួនទៀត ដែល​រាប់បញ្ចូល​ទាំង Demarai Gray មិនមាន​ឈ្មោះ​សម្រាប់​ដំណើរ​១៣​ម៉ោង​ទៅកាន់​បាងកក ក្រោយ​ជ័យជម្នះ​លើ Cardiff ១-០ នោះឡើយ​។ Gray បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​តង់​ទី​ពីរ ហើយ​គេ​បាន​ដោះអាវ ដើម្បី​ឧទ្ទិស​គ្រាប់​បាល់​សម្រាប់​លោក Vichai ដែលជា​ម្ចាស់​ក្លិប​របស់ខ្លួន​។​

ទិដ្ឋភាពក្នុងពិធីបុណ្យសព្វរបស់លោក Vichai

ពិធី​បុណ្យសព​របស់លោក Vichai រៀបចំឡើង​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា ដែល​ចាប់ផ្តើម​កាលពី​ថ្ងៃ​សៅរ៍ ហើយ​បន្ត​រហូតដល់​ថ្ងៃទី​៩ ខែវិច្ឆិកា​។ ព្រះ​នាង Sirivannavari Nariratana ក៏បាន​យាង​ចូលរួម​ក្នុង​ពិធី​បុណ្យសព​មហាសេដ្ឋី​លំដាប់​ទី​៥​របស់​ថៃ​រូបនេះ​ផងដែរ​៕

តោះមកមើលរូបភាពនៃទិដ្ឋភាពក្នុងពិធីបុណ្យសព្វរបស់លោក Vichai៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia