តោះមកស្គាល់រថយន្តដែលដឹកក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិកម្ពុជារាល់ដងសព្វថ្ងៃនេះ

៣​ឆ្នាំកន្លងមក សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បាន​ប្រើប្រាស់​រថយន្ត​ដឹក​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ ដែលមាន​ការ​រចនា​ផ្ទៃ​ក្រហម​លាយ​ខៀវ អមដោយ​គោព្រៃ​ពណ៌​ក្រមៅ​ក្បែរ​កង់​រថយន្ត​ផ្នែក​ខាងក្រោយ​។ FFC បាន​ប្រើប្រាស់​រចនាប័ទ្ម គិត​ចាប់តាំងពី​ការប្រកួត​វគ្គ​ជម្រុះ World Cup ប្រចាំ​តំបន់​អាស៊ី ជាមួយ​ជប៉ុន កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​ក្រោយ​ជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​ម៉ាឡេស៊ី នា​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ FFC បាន​ផ្លាស់ប្តូរ​ការ​រចនា​ថ្មី​នៅលើ​រថយន្ត​ដឹក​ក្រុម​ជម្រើសជាតិ ពោលគឺ​នៅពេលដែល​លោក Keisuke Honda អតីត​កីឡាករ​ជម្រើសជាតិ​ជប៉ុន បាន​កាន់តំណែង​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា​។​

​រថយន្ត​ជាមួយនឹង​ការ​រចនា​ថ្មី បង្ហាញខ្លួន​ជា​បន្តបន្ទាប់​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​ទី​ម័​រ​ខាងកើត និង​សិង្ហ​បុរី​។ រចនាប័ទ្ម​ថ្មី​នេះ ប្រើប្រាស់​ពណ៌​ខៀវ ដែល​ស្របតាម​ឯកសណ្ឋាន​ប្រកួត​ក្នុង​ដី​របស់​ក្រុម​ជម្រើសជាតិ​។​

​នៅលើ​កង់​រថយន្ត​ផ្នែក​ខាងក្រោយ មាន​បង្កប់​នូវ​ទង់ជាតិ​កម្ពុជា ទាំងសងខាង​។ នៅ​ផ្នែក​ពាក់កណ្តាល​រហូតដល់​លើ​កង់​ខាងមុខ ម្ខាង​មាន​រូប​ក្បាល​គោព្រៃ​ពណ៌​ស អមដោយ​សរសេរ «​គោព្រៃ​កម្ពុជា​» រីឯ​ម្ខាង​ទៀត មាន​និមិត្តសញ្ញា​របស់ FFC ជាមួយនឹង​សំណរ​ពេញ​ជា​ភាសា​ខ្មែរ «​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​»​។​

​រថយន្ត​ថ្មី​នេះ ភ្ជាប់​ជាមួយ​ពណ៌​គោល​គឺ​ខៀវ ដែលជា​ពណ៌​ឯកសណ្ឋាន​ប្រកួត​ក្នុង​ដី​របស់​កម្ពុជា​។ វា​ក៏មាន​ស្រមោល​ទង់ជាតិ​ខ្មែរ​នៅ​ផ្នែក​ខាងក្រោយ ខណៈ​តំបន់​បណ្តាល​ម្ខាង​មាន​រូប​គោព្រៃ និង​អក្សរ​គោព្រៃ​កម្ពុជា ស្របពេល​ម្ខាង​ទៀត​មាន​រូបតំណាង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ផងដែរ​។​

​នៅ​ផ្នែក​ខាងមុខ​រថយន្ត មាន​សំណេរ​ថា «​ដើម្បី​កម្ពុជា​» និង​ផ្នែក​ខាងក្រោយ មាន​សំណេរ «​ម្នាក់​សម្រាប់​ទាំងអស់គ្នា ទាំងអស់គ្នា​សម្រាប់​ម្នាក់​» រួមទាំង​ភាសា​អង់គ្លេស «One for all, All for one»​។ ឡូ​ហ្គូ​របស់​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​ផ្សេងៗ ក៏មាន​ភ្ជាប់​នៅលើ​រថយន្ត​ផងដែរ​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeythmey