ក្រុមអ្នករុករករបស់ឥណ្ឌូនេស៊ី រកឃើញម៉ាស៊ីនមួយទៀត របស់យន្តហោះ Lion Air ទៀតហើយ

ក្រុមអ្នកស្វែងរករបស់ឥណ្ឌូនេស៊ី នៅថ្ងៃអង្គារនេះ បានរកឃើញម៉ាស៊ីនមួយទៀត របស់យន្តហោះក្រុមហ៊ុន Lion Air ដែលបានធ្លាក់ នៅដែនទឹកសមុទ្រ Karawang ខេត្ត West Java, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី៦ ខែវិច្ឆិកានេះ។

​ម៉ាស៊ីនទី២ចុងក្រោយ របស់យន្តហោះម៉ាស៊ីនភ្លោះ Boeing 737 Max 8 ជើងហោះហើរ JT 610 ត្រូវបានរកឃើញ នៅវេលាម៉ោង ប្រមាណ១៤៖៣០នាទីរសៀល (ម៉ោងក្នុងតំបន់) នៅក្នុងទឹកសមុទ្រ មិនឆ្ងាយប៉ុន្មាន ពីទីតាំងដែលម៉ាស៊ីនដំបូង ត្រូវបានរកឃើញនោះទេ, នេះបើតាមការបញ្ជាក់ពី លោក Agung Nugroho អ្នកនាំពាក្យគណៈកម្មាធិការ សុវត្ថិភាពដឹកជញ្ជូនជាតិ ឥណ្ឌូនេស៊ី បានឲ្យដឹងយ៉ាងដូច្នេះ។

អ្នកនាំពាក្យ បានឲ្យដឹងផងដែរ អំពីលទ្ធផលនៃការត្រួតពិនិត្យ ម៉ាស៊ីនយន្តហោះ ដែលបានរកឃើញដំបូងនោះថា ម៉ាស៊ីនគឺនៅតែដំណើរការ នៅពេលដែលយន្តហោះបានធ្លាក់ ចូលទៅក្នុងទឹកសមុទ្រ។

​​​គួររំលឹកថា ជើងហោះហើរ JT 610 បានធ្លាក់ នៅថ្ងៃទី២៩ ខែតុលា នៅអំឡុងពេល ហោះហើរចេញពីទីក្រុង Jakarta ទៅកាន់ទីក្រុង Pangkalpinang ខេត្ត Bangka Belitug របស់ឥណ្ឌូនេស៊ី ដោយបានសម្លាប់មនុស្សទាំងអស់ ១៨៩នាក់ជិះនៅលើនោះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia