ក្រសួងមហាផ្ទៃ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋឈប់​ទិញ​ឱសថ……..

មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឈប់​ជឿ និង​ទិញ​ឱសថ​តាម​បណ្តាញ​អន​ឡាញ ដើម្បី​ជៀសវាង​ប៉ះ​ចំ​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព ហើយ​គ្មាន​ច្បាប់​អនុញ្ញាត ។ការ​អំពាវនាវ​នេះ​ខណៈ​ដែល​សព្វ​ថ្ងៃនេះ​មាន​អ្នកលេង​សង្គម​ហ្វេ​ស​ប៊ុ​ក ប៊ី​ហ្គោ​ឡាយ​ជា​ច្រើន បាន​លក់​ផលិតផល​ឱសថ​តាម​អន​ឡាញ​ដោយ​គ្មាន​ឃើញ​សមត្ថកិច្ច​ហាមឃាត់ ដើម្បី​សួរនាំ​នៅឡើយ ។

នាយ​ឧត្តមសេនីយ៍ មៀ​ច សុ​ផា​ន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែងក្លាយ​អន់​គុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត​កាលពី​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នៅ​សណ្ឋាគារ​សូ​ហ្វី​ទែ​ល​បាន​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​ទិញ​ឱសថ​តាម​អន​ឡាញ​ជៀសវាង​ឱសថ​ក្លែងក្លាយ​អន់​គុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ។ លោក​បន្ត​ថា ដើម្បី​មាន​លទ្ធភាព និង​មាន​សិទ្ធិ​លក់​ចែកចាយ​នៅ​ក្នុង​ទីផ្សារ​បាន​ត្រូវ​តែ​មានការ​អនុញ្ញាត​ចុះបញ្ជី​ការ​ត្រឹមត្រូវ​ទៅ​តាម​ផ្លូវច្បាប់​ពី​ក្រសួងសុខាភិបាល​ផង​ដែរ ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ក៏​បាន​ព្រមាន​យ៉ាង​ដូច្នេះ​ថា « ដោយឡែក​រាល់​អ្នក​ដែល​កំពុង​ផ្សព្វផ្សាយ​លក់​ឱសថ​នៅ​ទីផ្សារ​អន​ឡាញ ពិសេស​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ក្រសួងមហាផ្ទៃ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់ ដើម្បី​ឈាន​ទៅ​ដល់​ការ​បិទ​ហ្វេ​ស​ប៊ុ​ក​គណនី​ទាំងនោះ​នៅ​ពេល​អ្នកជំនាញ​មាន​ព័ត៌មាន​ជាក់លាក់​នោះ​» ។

លោក​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ក៏​បាន​បង្ហាញ​ចំណេះដឹង​មួយ​ចំនួន​ដល់​រដ្ឋ​រួម​មាន​ទី​១ – នៅ​លើ​ការ​វេច​ខ្ចប់​ឱសថ​មិន​មាន​ភាព​ត្រឹមត្រូវ ពោល​ការ​សរសេរ​អក្សរ​ខុស​ជាដើម ទី​២-​ការ​វេច​ខ្ចប់​ខុស​ទ្រង់ទ្រាយ ខុស​សណ្ឋាន ទី​៣- ក្លិន និង​ពណ៌ សម្បុរ (​ដាច់​រហែក ក្លិន​ដូច​អាស៊ីត​ដូច​ថ្នាំពុល​) ទី​៤- លេខ​បញ្ជី​ការ ទី​៥ – មាន​បក​ប្រែជា​ភាសា​ខ្មែរ​នៅ​ក្នុង​ប្រអប់​ដែល​ណែនាំ​អំពី​របៀប​ប្រើប្រាស់ ទី​៦-​មាន​បញ្ជាក់​ពី​ប្រភព​ដើម​ប្រទេស​ផលិត​ច្បាស់លាស់ និង​ទី​៧-​កាលបរិច្ឆេទ​ប្រើប្រាស់​ត្រឹមត្រូវ ។

ឆ្លៀតឱកាស​នោះ​ដែរ ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ក៏​បាន​ព្រមាន​ទៅ​ដល់​ក្រុម​ឧក្រិដ្ឋជន​ទាំងអស់​ដែល​កំពុង​ផលិត ចរាចរណ៍​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​នោះ​ថា រាជរដ្ឋាភិបាល​នឹង​មិន​ព្រងើយកន្ដើយ និង​យកចិត្តទុកដាក់​ផង​ដែរ ។ ប្រធាន​គណៈកម្មការ​បន្ថែម គ្រប់​សកម្មភាព​ទាំងអស់ ដើម្បី​បង្ក្រាប​ការ​ផលិត ការ​ចរាចរណ៍ ចែកចាយ​ឱសថ​ខុសច្បាប់​នេះ ដោយ​មិន​លើកលែង​ឲ្យ​ជា​ដាច់ខាត​ដែល​អ្នក​ទាំងនោះ​នឹង​ត្រូវ​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់ ។ មាន​ប្រសាសន៍​បិទ​សន្និសីទ​ថ្នាក់​តំបន់​ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែងក្លាយ​អន់​គុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត្តិ​សម្តេច​ក្រឡាហោម​ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​ថា បច្ចុប្បន្ន​តម្រូវការ​ឱសថ​កំពុង​មាន​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ទើប​ជន​ឆ្លៀត​ឱកាសនិយម​មួយ​ចំនួន​បាន​លប​លួច​ផលិត​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​មក​ចរាចរណ៍​នៅ​លើ​ទីផ្សារ​កម្ពុជា ។

សម្ដេច ស ខេ​ង​បន្ត​ថា សន្និសីទ​ជា​អន្តរជាតិ​នា​ពេល​នេះ​ធ្វើ​ឡើង​ស្រប​តាម​កាលៈទេសៈ របស់​កម្ពុជា​ទៅ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​ដែល​កំពុង​យកចិត្តទុកដាក់​ជា​ខ្លាំង ។ សម្តេច​បន្ត​ថា ដោយសារ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ​បាន​ធ្វើ​ឲ្យ​កម្ពុជា​ក៏​ដូច​ជា​ប្រទេស​នៅ​ក្នុង​តំបន់​កាន់តែ​មាន​តម្រូវការ​លើ​ការ​ប្រើប្រាស់​ទំនិញ​គ្រប់​ប្រភេទ ។

សម្តេច​គូសបញ្ជាក់​ថា «​ទន្ទឹង​នឹង​តម្រូវការ​ប្រើប្រាស់​ឱសថ​ទើប​ជនល្មើស​ឆ្លៀតឱកាស​ខិតខំ​ធ្វើការ​ផលិត​ចរាចរណ៍ និង​ចែកចាយ​លើ​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព លើ​ទីផ្សារ​ដែល​នាំ​ឲ្យ​ពលរដ្ឋ​រង​គ្រោះ និង​ថែម​ទាំង​ខាត​ថវិកា​យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​ករណី​ខ្លះ​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​ថែម​ទៀត​ផង​» ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ឧ​បក​នាយក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អះអាង​ថា កម្ពុជា​បាន​ទទួល​រង​ផង​ដែរ​នូវ​ការ​ចរាចរណ៍​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​ក្នុង​ស្ថានភាព​ជា​ប្រទេស​ប្រើ​ប្រាស់ ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kohsantepheapdaily