ព្រះអង្គម្ចាស់ឌូបៃ នឹងផ្តល់ប្រាក់កម្ចីដល់កម្ពុជា ៥០០លានដុល្លារ

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ព្រឹក​ថ្ងៃ​អង្គារ ទី​៦ ខែវិច្ឆិកា នេះ បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ព្រះអង្គម្ចាស់ Ahmed Dalmook Al-Maktoum សមាជិក​រាជវង្ស​ឌូ​បៃ នៃ​ប្រទេស​អេ​មី​រ៉ា​ត អារ៉ាប់​រួម​។ នា​ជំនួប​នោះ ព្រះអង្គម្ចាស់ Ahmed Dalmook Al Maktoum បាន​សន្យា​ផ្តល់ជូន​ឥណទាន​កម្ចី (Credit Line) ចំនួន​៥០០​លាន​ដុល្លារ​អាមេរិក សម្រាប់​ប្រើប្រាស់​ក្នុង​ការនាំ​ទំនិញ​ចូល​ពី​អេ​មី​រ៉ា​ត អារ៉ាប់​រួម ហើយនឹង​ការសិក្សា​លទ្ធភាព​ផ្សេងៗ​លើ​ការវិនិយោគ​នៅ​កម្ពុជា​។

«​ព្រះអង្គម្ចាស់ Ahmed Dalmook Al-Maktoum មានបំណង​ចង់​ចូលរួម ក្នុងការ​អភិវឌ្ឍ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ចាប់ផ្ដើម​ទំនាក់ទំនង និង​ការដាក់​ទុនវិនិយោគ​នៅ​កម្ពុជា​»​។ នេះ​បើតាម​ការបញ្ជាក់​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន ដោយ​បន្ថែមថា សមាជិក​រាជវង្ស​ឌូ​បៃ​អង្គ​នេះ ចាប់អារម្មណ៍​ការវិនិយោគ​លើ​ប្រព័ន្ធ​ប្រេង ឧស្ម័ន លើ​ពាណិជ្ជកម្ម និង ហិរញ្ញវត្ថុ​។​

​ផ្តើម​កិច្ចទំនាក់ទំនង​នេះ ព្រះអង្គម្ចាស់ Ahmed Dalmook Al-Maktoum បាន​ជម្រាប​សម្តេចនាយក​រដ្ឋមន្ត្រី​ថា នឹង​ផ្តល់ជូន​ឥណទាន​កម្ចី (Credit line) ចំនួន​៥០០​លាន​ដុល្លារ​អាមេរិក សម្រាប់​ប្រើប្រាស់​ក្នុង​ការនាំ​ទំនិញ​ចូល​ពី​សហព័ន្ធ អារ៉ាប់​រួម និង​ការសិក្សា​គម្រោង​វិនិយោគ​ផ្សេងៗ​ទៀត​នៅ​កម្ពុជា​។​

​ពាក់ព័ន្ធ​ឥណទាន​កម្ចី (Credit line) ៥០០​លាន​ដុល្លារ​នោះ សម្ដេច ហ៊ុន សែន បាន​ណែនាំ​ឲ្យ​មាន​កិច្ចពិភាក្សា​ជាមួយ​ស្ថាប័ន ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដើម្បី​រក​ចំណុច​ណាមួយ ក្នុងការ​ចាប់ផ្ដើម​ប្រើប្រាស់​ថវិកា​។​

​ក្នុងជំនួប​នោះដែរ ព្រះអង្គម្ចាស់ Ahmed Dalmook Al Maktoum ក៏បាន​ឆ្លៀត​អញ្ជើញសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅធ្វើ​ទស្សនកិច្ច​នៅ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ពេលខាងមុខ ។ ជាការ​ឆ្លើយតប សម្តេចនាយក​រដ្ឋមន្ត្រី អះអាងថា នឹង​ពិនិត្យមើល​ពេលវេលា​ដ៏​សមស្រប​ណាមួយ​។​

​សម្តេច ហ៊ុន សែន ក៏បាន​លើកឡើង​ផងដែរ​ពី​ការរួមចំណែក​របស់​អេ​មី​រ៉ា​ត អារ៉ាប់​រួម ក្នុងការ​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​កម្ពុជា តាមរយៈ​ការកសាង​មជ្ឈមណ្ឌល​កុមារកំព្រា និង​ជួយ​ដល់​កុមារកំព្រា​ផង​។ ពាក់ព័ន្ធ​នឹង​ការវិនិយោគ​លើ​វិស័យ​ឧស្ម័ន សម្តេច​បាន​ស្វាគមន៍ និង​មានប្រសាសន៍ថា ក្នុងករណី​ដែល​បាន វិនិយោគ​ក្នុង​វិស័យ​ឧស្ម័ន​នេះ គឺ​ជួយ​កាត់បន្ថយ​ក្នុងការ​កាប់​ឈើ​ធ្វើ​អុស​ដុត​ផង ហើយក៏​ជួយ​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ​ផងដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeythmey