យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air បានបើកបុកបង្គោល…..

យន្តហោះមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air បានបើកបុកទៅនឹងបង្គោលមួយ នៅឯអាកាសយាន្តដ្ឋាន Fatmawati ស្ថិតក្នុងទីក្រុង Bengkulu ឥណ្ឌូនេស៊ី នៅថ្ងៃពុធ ខណៈ​​កំពុង​​ត្រៀម​​ហោះហើរឡើង ឆ្ពោះទៅកាន់ទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី, នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយឲ្យដឹង នៅយប់ថ្ងៃទី៧ ខែវិច្ឆិកានេះ។

យន្តហោះដែលបើកបុកបង្គោលភ្លើង

​ហេតុការណ៍បុកនេះ បានបណ្តាលឲ្យស្លាបខាងឆ្វេងយន្តហោះ ដាច់បាក់បែក ព្រមទាំងបានបណ្តាលឲ្យ ជើងហោះហើរដែលពាក់ព័ន្ធ ធ្វើការពន្យារពេលផងដែរ។

យន្តហោះដែលបើកបុកបង្គោលភ្លើង

​ដោយបញ្ជាក់ប្រាប់ទៅកាន់ភ្នាក់ងារសារព័ត៌មាន, ក្រុមហ៊ុន Lion Air បានឲ្យដឹងថា យន្តហោះមួយគ្រឿងផ្សេងទៀត ត្រូវបានបញ្ជូនទៅ ដើម្បីដឹកជញ្ជូនជំនួស ក្រុមអ្នកធ្វើដំណើរ​ចំនួន១៤៣​នាក់ នៃជើងហោះហើរ JT633 របស់ក្រុមហ៊ុន Lion Air ឆ្ពោះទៅកាន់ទីក្រុង Jakarta។

យន្តហោះដែលបើកបុកបង្គោលភ្លើង

​​គួរជម្រាបថា ហេតុការណ៏នេះ បានកើតឡើង ស្របពេលដែល ក្រុមអាជ្ញាធរ បាននឹងកំពុងបន្ត ការស្វែងរកសាកសព នៃក្រុមអ្នកធ្វើដំណើរ លើយន្តហោះ Lion Air ជើងហោះហើរ JT610 ដែលបានធ្លាក់ ចូលទៅក្នុងទឹកសមុទ្រ ខណៈធ្វើដំណើរចេញពីទីក្រុង Jakarta​ ឆ្ពោះទៅកាន់ទីក្រុង Pangkal Pinang កាលពីថ្ងៃទី២៩ ខែតុលាកន្លងទៅ ហើយគ្មានអ្នកណាម្នាក់ នៃមនុស្សទាំង១៨៩នាក់ ដែលជិះនៅលើយន្តហោះនោះ នៅរស់រានមានជីវិតនោះទេ។ របាយការណ៍ដំបូង ស្តីពីមូលហេតុពិតប្រាកដ ដែលបណ្តាលឲ្យឧបត្តិហេតុ ធ្លាក់យន្តហោះនេះកើតឡើង ត្រូវបានគេរំពឹងថា នឹងបង្ហាញនៅចុងខែវិច្ឆិកានេះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង​

ប្រភព៖ freshnewsasia