ស្វែងយល់ពីប្រវត្តិបុណ្យ​ឯករាជ្យ​ជាតិ នៅថ្ងៃទី ៩ ខែវិច្ឆិកា ទាំងអស់គ្នា

ដើម្បី​អបអរ​សាទរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ខួប​ទី៦៥ (៩វិច្ឆិកា​១៩៥៣-៩វិច្ឆិកា​២០១៨) Kley Kley សូម​បង្ហាញ​ប្រវត្តិ​សង្ខេប​នៃ​​ការ​ទាមទារ​ឯករាជ្យ​របស់​អតីត​ព្រះមហាវីរក្សត្រ ខាង​ក្រោម​នេះ។

ប្រទេស​កម្ពុជា បាន​ស្ថិតនៅ​ក្រោម​អាណា​ព្យាបាល​ពី​ប្រទេស​បារាំង ក្នុងឆ្នាំ​១៨៦៣​រហូត ដល់​ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ​១៩៥៣ ទើប​ប្រទេស​បារាំង ​​បាន​ផ្តល់​ឯករាជ្យ​ពេញលេញ ដល់​ប្រទេស​កម្ពុជា ក្រោម​ព្រះរាជ​បូជនីយកិច្ច​ទាមទារ​ឯករាជ្យ​ពី​ព្រះករុណា​ព្រះមហាវីរក្សត្រ សម្ដេច​ព្រះ​នរោត្តម សីហនុ ដោយ​បាន​តស៊ូ​ជាច្រើន​ឆ្នាំ។

ឯកសារ​ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ថា⁣⁣⁣ សម្ដេច​ព្រះ​នរោត្ដម សីហនុ ព្រះអង្គ​ប្រសូត្រ នៅថ្ងៃ​អង្គារ១១ កើតខែ​កក្ដិក ឆ្នាំច ចត្វាស័ក ព.ស.២៤៥៦ ត្រូវនឹង​ថ្ងៃទី​៣១ ខែ​តុលា ​ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ។

ព្រះបាទ នរោត្តម ជាព្រះរាជបិតារបស់ព្រះបាទ នរោត្ដម សីហនុ

ការ​គ្រងរាជ្យ​សម្បត្តិ លើក​ទី១ ៖ នៅខែ​មេសា ឆ្នាំ​១៩៤១ ក្រុម​ប្រឹក្សា​ព្រះរាជ​បល្ល័ង្គ បាន​ជ្រើសតាំង និងថ្វាយ​ព្រះរាជ​ឋានៈ​ព្រះអង្គ ជា​ព្រះមហាក្សត្រ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា នៅ​រាជធានី​ភ្នំពេញ។ ព្រះអង្គ​ឡើង​គ្រងរាជ​សម្បត្តិ នៅថ្ងៃ​ទី២៨ ខែ​តុលា ឆ្នាំ​១៩៤១។ បន្ទាប់ពី​ប្រទេស​កម្ពុជា បាន​ទទួល​ឯករាជ្យ ពី​ប្រទេស​បារាំង ព្រះអង្គ​បាន​ដាក់​រាជ្យ ថ្វាយ​ព្រះ​បិតា នៅថ្ងៃ​ទី២ ខែ​មីនា ឆ្នាំ​១៩៥៥។

ការ​គ្រងរាជ្យ​សម្បត្តិ​លើក​ទី២ ៖ ព្រះអង្គ​ទ្រង់​បាន​ឡើង​គ្រង​រាជ្យ​ជាលើក​ទី២ នៅថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣ ហើយ​ទ្រង់​បាន​ដាក់​រាជ្យ​វិញ នៅថ្ងៃទី​៧ ខែ​តុលា  ឆ្នាំ​២០០៤។ ក្រោយពី​ការ​ដាក់​រាជ្យ ព្រះអង្គ​ត្រូវបាន​ថ្វាយ​ព្រះ​បរមនាម​ថា ព្រះ​មហាវីរក្សត្រ។

ព្រះរាជបូជនីយកិច្ច ទាមទារ​ឯករាជ្យ​ពី​បារាំង ៖ ក្នុងឆ្នាំ១៩៤៧ ⁣ព្រះ​បរម​រតនកោដ្ឋ⁣⁣⁣⁣ ​ព្រះអង្គ មាន​មហា​ជោគជ័យ​ក្នុងការ​ទាមទារ ឲ្យ​ប្រទេស​ថៃ សងមក​កម្ពុជា​វិញ ជា​ដាច់ខាត់ នូវ​ខេត្ត​ខ្មែរ ដែលក្នុង​ពេល​មាន​ចម្បាំង សកល​លោក​លើកទី២ ថៃ បាន​យកពី​កម្ពុជា​ទៅ គឺ​ខេត្ត​បាត់ដំបង សៀមរាប កំពង់ធំ និង​ខេត្ត​ស្ទឹងត្រែង។

ឆ្នាំ១៩៤៩ ព្រះអង្គ​បាន​ទាមទារ​ឲ្យ​ប្រទេស​បារាំង បញ្ឈប់​នូវ​សន្ធិសញ្ញា អាណាព្យាបាល ដែលបាន​ចុះ​ហត្ថលេខា នៅឆ្នាំ​១៨៦៣ និងឆ្នាំ​១៨៨៤។ នៅឆ្នាំ​១៩៤៩ ដដែល ព្រះអង្គ​បាន​ឡាយ​ព្រះហត្ថ​លេខា លើ​សន្ធិសញ្ញា​ឯករាជ្យ ដែល​ប្រទេស​បារាំង ព្រម​ទទួលស្គាល់​តាមផ្លូវ​ច្បាប់​នូវ​ឯករាជ្យ របស់​ព្រះ​រាជាអាណាចក្រ​កម្ពុជា។ សន្ធិសញ្ញា​ឆ្នាំ ១៩៤៩ លុបចោល​នូវ សន្ធិសញ្ញា អាណាព្យាបាល​ឆ្នាំ១៨៦៣ និ​ងឆ្នាំ១៨៨៤។

ចាប់ពីឆ្នាំ​១៩៥២ ដល់ឆ្នាំ​១៩៥៣ ព្រះអង្គ​បាន​យាង​បំពេញ​ព្រះ​រាជ​បូជនីយកិច្ច ទាមទារ​កេតនភណ្ឌ​ឯករាជ្យ ១០០% ជូនជាតិ​មាតុភូមិ។ នៅ​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣ ដោយ​ស្នា​ព្រះហស្ថ ដ៏​ឧត្ដុង្គឧត្ដម​របស់​ព្រះអង្គ កម្ពុជា​បាន​ទទួល​ឯករាជ្យ​ទាំង​ស្រុង ពី​សាធារណរដ្ឋ​បារាំង។ ប្រជារាស្ត្រ​កម្ពុជា ទូទាំង​ប្រទេស បាន​ថ្វាយ​ព្រះ​កិត្តិនាម​ព្រះអង្គ​ជា “ព្រះ​មហា​វីរបុរស​ជាតិ -ព្រះបិតា​ឯករាជ្យ​ជាតិ”។

នៅ​ថ្ងៃទី ១៥ មិថុនា ឆ្នាំ១៩៥២ សម្ដេច​ព្រះបាទ នរោត្តម សីហនុ ទ្រង់បាន​ថ្លែង​ជា​ឱឡារិក​ថា ព្រះអង្គ​នឹង​ខិតខំ​ស្វែងរក​ឯករាជ្យ​បរិបូរណ៏​ ជូនជាតិ​មាតុភូមិ ឲ្យបាន​ដាច់ខាត ក្នុង​រយៈពេល​៣ឆ្នាំ។ ក្នុងពេល​នោះ ​ដោយមាន​សហការី ជួយ​គាំទ្រ​ផង ព្រះអង្គ​ទ្រង់​យាង​ទៅកាន់​ប្រទេស​បារាំង ក្នុងខែ​កុម្ភៈ ឆ្នាំ​១៩៥៣។ នៅទីនោះ ព្រះអង្គ​បាន​ផ្ញើសារ​លិខិត ជូន​លោក វ៉ាំងសង់ អូរីយ៉ូល ​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​បារាំង ចំនួន​៣លើក ៖

  • លើកទី១ ថ្ងៃទី៥ មីនា ឆ្នាំ១៩៥៣ ពីទីក្រុង​ណាពូល
  • លើកទី២ ថ្ងៃទី​១៨ មីនា ឆ្នាំ​១៩៥៣ ពី​ទីក្រុង​ណាពូល
  • លើកទី​៣ ថ្ងៃទី៣ មេសា ឆ្នាំ១៩៥៣ ពី ទីក្រុង​ផុងតែ​ណឺប្លូ ដោយ​រដ្ឋាភិបាល​បារាំង ពុំមាន​អើពើ​អ្វីនឹង​សំណើ​នោះ ព្រះអង្គ​ទ្រង់​សម្រេច​ព្រះទ័យ យាង​ទៅធ្វើ​យុទ្ធនាការ ទាមទារ​ឯករាជ្យ នៅក្នុង​ប្រទេស កាណាដា និង​សហរដ្ឋ​អាមេរិក។

នៅ​កាណាដា ក្នុង​ទីក្រុង​ម៉ុងរេអាល់ សម្ដេច​ព្រះ​នរោត្តម សីហនុ ​បានថ្លែង​ទៅ​អ្នក​សារព័ត៌មាន ​ដោយ​សង្កត់​ធ្ងន់ លើ​បញ្ហា​ពីរ ទាក់ទង​នឹង​កម្ពុជា និង​បារាំង ដែលជា​តំណាង​ប្រទេស​លោក​សេរី ក្នុង​ឥណ្ឌូចិន ៖ ទី១ គឺបញ្ហា​ប្រយុទ្ធ​ប្រឆាំង នឹង​ពួក​កុម្មុយនីស្ត និង​ចំណុច​ទី២ គឺ​បញ្ហា​ឯករាជ្យ បរិបូរណ៍ សម្រាប់​​កម្ពុជា។

យោង លើ​បញ្ហា​នេះ ព្រះអង្គ​ទ្រង់​បញ្ជាក់​ថា ប្រជា​ពលរដ្ឋ​ខ្មែរ ពុំ​ត្រូវការ​របប​កុម្មុយនីស​ទេ ព្រោះថា​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ៗ សុទ្ធតែ​មាន​ដីធ្លី​ជា​កម្មសិទ្ធិ ​សម្រាប់​បង្កបង្កើន​ផល​របស់​ខ្លួន។ បញ្ហា​ដែលគេ​ចង់បាន​នោះ គឺ​ឯករាជ្យ​បរិបូរណ៍ សម្រាប់​ប្រទេស​ជាតិ។ ចំណែក​ពួកកុម្មុយនីស គេ​មើលឃើញ​ថា ប្រទេស​កម្ពុជា ជា​ទីតាំង​មួយ​ប្រសើរ សម្រាប់​ពួកគេ។

ដោយឡែក នៅ​សហរដ្ឋអាមេរិក ព្រះអង្គ​ទ្រង់ធ្វើ​សេចក្ដី​ថ្លែងការណ៍​មួយ ដែលត្រូវ​បាន​សារព័ត៌មាន​ដ៏ធំ​មួយ ឈ្មោះ ​New York Times ចុះផ្សាយ​ក្នុង​ទំព័រ​ទី១​របស់​គេ នៅថ្ងៃទី​១៩ មេសា ឆ្នាំ​១៩៥៣ ដែល​ធ្វើឲ្យ​ពិភពលោក​ទាំងមូល មានការ​ភ្ញាក់ផ្អើល។ ខ្លឹមសារ​គឺ “… បើ​បារាំង មិន​យល់ព្រម ប្រគល់​ឯករាជ្យ ឲ្យ​កម្ពុជា​ទេ នោះ នឹងមាន​គ្រោះថ្នាក់​មួយ​យ៉ាង​ពិតប្រាកដ គឺថា​ប្រជា​ពលរដ្ឋ​ខ្មែរ នឹង​ក្រោក​ឈរ​ឡើង ប្រឆាំង​នឹង​បារាំង ហើយគេ​នឹង​ងាកទៅ​រក​ចលនា​វៀតមិញ ដែល​ដឹកនាំ​ដោយ​ពួក​កុំមុយនីស”។

សម្ដេច​ព្រះបរម​រតនកោដ្ឋ បាន​លើកឡើង​ថា ក្នុង​ករណី​មាន​ការ​គំរាម​កំហែង ប្រជា​ពលរដ្ឋ​ប្ដេជ្ញា​ថា “ពួក​បារាំង​ទាំងអស់ ដែល​នៅក្នុង​ស្រុក​ខ្មែរ នឹង​ត្រូវ​ឡោមព័ទ្ធ ហើយ​ជីវិត​ចុងក្រោយ​របស់​ពួកគេ នឹង​មកដល់ …”។ ព្រះ​បញ្ញាញាណ​ខាងលើ​នេះ បាន​ធ្វើឲ្យ​មតិ​សកលលោក ពិសេស​លោក​ខាងលិច តម្រូវ​ឲ្យ​រដ្ឋាភិបាល​បារាំង ព្រម​ចូលរួម​ធ្វើការ​ចរចា ជាមួយ​រដ្ឋាភិបាល​កម្ពុជា ស្ដីពី​ឯករាជ្យ​បរិបូរណ៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay