តារា​សម្តែងកញ្ញា​បេន​នី យ៉ាំ​ង ថ្លែងថាមិនងាយស្រួលទម្រាំបានវីឡាមួយនេះ

បើ​ទោះបីជា​មាន​ភាព​ស្ងប់ស្ងាត់​ក្នុង​ក្នុង​ពិភព​សិល្បៈ​ពិតមែន ប៉ុន្តែ​តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​ភាព​សិច​ស៊ី​កញ្ញា​បេន​នី យ៉ាំ​ង នៅ​តែ​បង្អួត​ភាព​ហ៊ឺហា​របស់​ខ្លួន​ជា​បន្តបន្ទាប់ ក្នុង​នោះ​វីឡា​ដែល​មាន​តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ​របស់​នាង​នឹង​បញ្ចប់​ការ​សាងសង់​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។ ទោះជា​យ៉ាងណា​ក៏​ដោយ​ភាព​ហ៊ឺហា​តាម​រយៈ​សម្ភារ​និយម និង​ផ្ទះ​ដ៏​ធំ​ស្កឹមស្កៃ​ទាំង​អស់នេះ​ត្រូវ​បេន​នី យ៉ាំ​ង អះអាង​ថា មិន​បាន​ដោយ​ភាព​ងាយស្រួល​ទេ ពោល​គឺ​បាន​មក​ពី​ការ​ខិតខំ​របស់​នាង​ដោយ​លំបាក​បំផុត ។

បេន​នី យាុំង

បេន​នី យ៉ាំ​ង បាន​ស្ងប់ស្ងាត់​អាជីព​សិល្បៈ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​នាង​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ជាមួយនឹង​ការ​ថតរូប​បែប​សិច​ស៊ី​មួយ​ជាមួយ​តារា​សម្តែង​លោក​អ៊ែន ឌី ។ បើ​ទោះបីជា​តារា​រូប​នេះ​ហាក់​មិន​មាន​សកម្មភាព​ច្រើន​នៅ​ក្នុង​ការ​សម្តែង​ក៏​ពិតមែន ប៉ុន្តែ​បើ​ក្រឡេក​មើល​ពី​ជីវិត​ឯកជន​របស់​នាង​វិញ គឺ​មិន​ចាញ់​តារា ល្បី​ៗ​ទៀត​ឡើយ ពោល​គឺ​នាង​បាន​បង្ហាញ​ភាព​ហ៊ឺហា​តាម​ការ​ប្រើប្រាស់​សម្ភារ និង​រថយន្ត​ដែល​មាន​តម្លៃ​ថ្លៃ ។

បេន​នី យាុំង

ជាក់ស្តែង​នៅ​ពេល​ខាង​មុខ​នេះ​នាង​នឹង​សម្រេច​បាន​វីឡា​ដ៏​ធំ​ស្កឹមស្កៃ​មួយទៀត​ដែល​មាន​តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ​រឹតតែ​ធ្វើ​ឲ្យ​ជីវិត​របស់​នាង​ស៊ី​វិ​ល័យ និង​អាច​ប្រៀបធៀប​បានជា​មួយ​តារា​ផ្សេង​ទៀត​ដែល​កំពុង​តែ​បង្អួត​គ្នា​ទៅ​វិញ​ទៅ​មក​តាម​រយៈ​ការ​ប្រើប្រាស់​រថយន្ត ថ្លៃ​ៗ និង​ការ​រស់​ផ្ទះ​ដ៏​ប្រណីត ។

បេន​នី យ៉ាំ​ង ទោះ​បាន​ទទួល​ផ្លែផ្កា​នា​ពេល​នេះ​ក៏​ដោយ ប៉ុន្តែ​នាង​បង្ហាញ​នូវ​ភាព​លំបាក​ជា​ច្រើន​ដែល​នាង​ជួប​ប្រទេះ​មុន​សម្រេច​បាន​នូវ​លទ្ធផល​នា​ពេល​នេះ ។ ការ​បង្ហាញ​នូវ​ភាព​លំបាក​របស់​នាង​បែប​នេះ​អាច​និយាយ​បាន​ថា នឹង​បញ្ចៀស​នូវ​ការ​យល់​ខុស​ពី​មហាជន ចំពោះ​សមិទ្ធផល​របស់​នាង​ថា​មានការ​ជួយ​ជ្រោមជ្រែង​ពី​បុរស​អ្នកមាន​ណា​ម្នាក់ ។

ជាមួយនឹង​ការ​បង្ហាញ​រូបភាព​ផ្ទះ​វីឡា​ដ៏​ធំ​ស្កឹមស្កៃ តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ​ដែល​ជិត​សាងសង់​រួច តារា​សម្តែង​បេន​នី យ៉ាំ​ង បាន​ភ្ជាប់​សារ​មួយ​ថា «​អ្នក​មើល​មក​ផ្ទះ​នេះ​គេ​ពិតជា​និយាយ​ថា oh…​ឡូយ​ណាស់​ផ្ទះ​ធំ​កប់​សារី ! ហាហា​…​គាត់​មិនដឹង​ទេ​ថា​ទម្រាំ​វា​រួចរាល់​តើ​ម្ចាស់​វា​ឆ្លងកាត់​រឿង​លំបាក​ប៉ុនណា​ដើម្បី​បាន​វា​… ខ្ញុំ​ត្រូវ​មើលថែ​គ្រប់គ្រង​ការងារ​តូច​ធំ​គ្រប់យ៉ាង ។

បេន​នី យាុំង

យក​រឿង​ការងារ​មក​ទុក​នៅ​ខួរក្បាល​យប់​ថ្ងៃ ដេក​មិន​លក់​បក់​មិន​ល្ហើយ​ព្រោះតែ​យើង​ជា​ជំហរ អ្វី​ៗ​នៅ​ក្នុងផ្ទះ​នេះ​…​ពេល​ខ្លះ​ហត់​អើយ​ហត់ ពេល​ខ្លះ​ស្ត្រេ​ស​អើយ​ស្ត្រេ​ស តែ​រឹង​មាំ​ដែរ​ព្រោះ​យើង​ត្រូវ​ដឹង​ថា​អ្វី​ដែល​បាន​មក​ស្រួល​គឺ​គ្មាន​តម្លៃ​ស្មើ​អ្វី​ដែល​ចេញពី​ញើស​ពី​ឈាម​យើង​ពិត​ទេ ព្រោះ​យើង​បាន​ហែល​ឆ្លង​រឿង​ជីវិត​ដែល យ៉ាប់​ៗ​ទៅ​ជាមួយ​វា​…​ខ្ញុំ​ពេញចិត្ត​នូវ​អ្វី​ដែល​ខ្ញុំ​មាន​រាល់​ថ្ងៃនេះ​ណាស់ ព្រោះ​ខ្ញុំ​មិន​បាន​រស់​ដោយ​ខ្ចី​ដង្ហើម​គេ​ដក»៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kohsantepheapdaily