មិនធម្មតា! យុវជន២នាក់ កែច្នៃរថយន្តកញ្ចាស់មួយឲ្យក្លាយជារថយន្ត…….

យុវជន២នាក់ បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើបណ្តាញសង្គម ក្រោយត្រូវបានគេដឹងថា សុខចិត្តចំណាយលុយទិញរថយន្តកញ្ចាស់ ឬរថយន្តធន់​ល្មមតម្លៃទាប ដើម្បីយក​មក​ជួស​ជុល និងកែច្នៃខ្លួនឯងបន្ថែម រហូតបង្កើតបានជារថយន្តស្ព័រយ៉ាងស្រស់ស្អាត។

Kien

យុវជនវ័យក្មេងដែលមានគំនិតច្នៃប្រឌិតខ្ពស់នេះ ត្រូវបានគេស្គាល់ឈ្មោះថា Vo Trung Kien កើតក្នុងឆ្នាំ១៩៩៨ (អាយុ២០ឆ្នាំ) និងម្នាក់ទៀតដែល​ជា​បង​ប្រុសរបស់គេ កើតក្នុងឆ្នាំ១៩៩៣ (អាយុ២៥ឆ្នាំ មិនបង្ហាញឈ្មោះ) រស់នៅក្នុងប្រទេសវៀតណាម។

តាមប្រភពបានឲ្យដឹងថា អ្នកទាំងពីរនេះ មានក្តីស្រមៃក៏ដូចជាគំនិតចង់ធ្វើរឿងបែបនេះ តាំងពីយូរណាស់មកហើយ ប៉ុន្តែគ្រាន់តែថាពុំទាន់មានឱកាសគ្រប់គ្រាន់ ខណៈទើបតែថ្មីៗនេះប៉ុណ្ណោះ ដែលពួកគេបានសម្រេចចិត្តចាប់ដៃគ្នា សាកល្បងច្នៃបង្កើតរថយន្តនេះឡើងតែម្តង។

រថយន្តដែលត្រូវជួសជុល និងកែច្នៃឡើងវិញ

ជាក់ស្តែង Kien ហើយនិងបងប្រុសរបស់គេ ទិញត្រឹមតែរថយន្តកញ្ចាស់ (ឡានធ្លាប់ជួបគ្រោះថ្នាក់) តម្លៃត្រឹមតែ ៣ ០០០ដុល្លារអាមេរិកប៉ុណ្ណោះ ដើម្បីយកមកជួសជុលនិងកែច្នៃបន្ថែម ទៅតាមលទ្ធភាពដែលអាចធ្វើបាន។

រថយន្តដែលត្រូវជួសជុល និងកែច្នៃឡើងវិញ

រយៈពេលត្រឹមតែ ២ខែប៉ុណ្ណោះ មនុស្សដែលមិនធ្លាប់មានបទពិសោធន៍ ចំណេះជំនាញខាងគ្រឿងយន្ត (មើលតាមអ៊ីនធើណែត) ប៉ុន្តែនៅទីបំផុត Kien និងបងប្រុស ក៏នៅតែអាចច្នៃបង្កើតបាន ចេញជារូបរាងរថយន្តខ្មៅក្រិបយ៉ាងឡូយឆើត ដែលមិនចាញ់ទៅនឹងរថយន្តស្ព័រទំនើបៗនោះឡើយ ធ្វើឲ្យគ្រប់គ្នាអត់ទ្រាំមិនសរសើរមិនបាន។

រថយន្តក្រោយជួសជុល និងកែច្នៃរួច

យ៉ាងណាមិញ តាមការបញ្ជាក់ប្រាប់ពី Kien ខ្លួននិងបងប្រុសក៏បានចំណាយប្រាក់អស់ ៣ ០០០ដុល្លារបន្ថែមពីលើ សម្រាប់ទៅលើគ្រឿងបរិក្ខាឡានទាំងក្នុងនឹងក្រៅ។ ដូច្នេះសរុបជារួមការចំណាយគឺអស់ ៦ ០០០ដុល្លារអាមេរិក រហូតអាចសម្រេចកែច្នៃរថយន្តកញ្ចាស់មួយគ្រឿងនេះ ប្រែកាយទៅជារថយន្ត Supercar ឬស៊េរីរថយន្តស្ព័រ ដែលមានតម្លៃកប់ពពក បានជិះលេងយ៉ាងរំភើប។

គួរឲ្យដឹងផងដែរថា ក្រោយ Kien និងបងប្រុស បានបង្ហោះចែកចាយរូបភាពប៉ុន្មានសន្លឹក ទាំងមុននឹងក្រោយការជួសជុលរថយន្ត រហូតសម្រេចលេចចេញជារូបរាងនេះ នៅលើបណ្តាញសង្គម ក្នុងនោះបងប្អូនប្រុសទាំងពីរនាក់នេះ ក៏ទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីគំនិតច្នៃប្រឌិតមួយនេះ។

រថយន្តក្រោយជួសជុល និងកែច្នៃរួច

ជាពិសេស រថយន្តមួយគ្រឿងនេះ គឺពិតជាស្អាតនិងទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សជាច្រើន រហូតមានអ្នកសុំទិញហ៊ានឲ្យតម្លៃខ្ពស់ថែមទៀតផង។

Kien បាននិយាយថា «ឥឡូវនេះ ខ្ញុំពិតជាស្រលាញ់ពេញចិត្តឡានរបស់ខ្ញុំខ្លាំងណាស់ ហើយខ្ញុំក៏មិនមានចំណាប់អារម្មណ៍ចង់លក់វាឲ្យនរណានោះដែរ»

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia