ស្ងាត់ពីសិល្បៈមួយរយៈ​កញ្ញា លី អ៊ីវ៉ាធីណា តាមពិតនាងបានធ្វើរឿងមួយ

ការបាត់ខ្លួនរបស់តារាចម្រៀងស្រី កញ្ញា លី អ៊ីវ៉ាធីណា ពីកម្មវិធីកំសាន្តនានា និងមិនមានវត្តមានក្នុងការប្រគំតន្រ្តីតាមខេត្តដូចសព្វមួយដង ធ្វើឱ្យទស្សនិកជនមួយចំនួនគិតថា តារាស្រីរូបនេះ​​បាន​បោះបង់ចោល ការងារសិល្បៈបាត់ទៅហើយ។ ផ្ទុយពីការគិតរបស់ទស្សនិកជន តារាស្រីរូបនេះ មិនបានឈប់ពីការងារសិល្បៈនោះទេ ដោយនាងទើបតែចេញបទថ្មីមួយមានចំណងជើងថា «ថាអត់ក្បត់មួយម៉ាត់ទៅ»។ បន្ថែមពីនេះ កញ្ញា លី អ៊ីវ៉ាធីណា ផ្ទាល់បាននិយាយថា «ខ្លួនមិនបានឈប់ទេ គ្រាន់តែមិនទទួលកម្មវិធីសិល្បៈ ព្រោះរវល់នឹងពង្រឹងអាជីវកម្មផ្ទាល់ខ្លួន»

អីវ៉ាធីណា និងសុគន្ធថេរ៉ាយុ

ការលើកឡើងបែបនេះ គឺបន្ទាប់ពីកញ្ញា លី អ៊ីវ៉ាធីណា បានផ្តល់បទសម្ភាសន៍ តាមរយៈទូរស័ព្ទ ដោយមានខ្លឹមសារយ៉ាងដូច្នេះថា «សម្រាប់ការងារសិល្បៈរបស់នាងបច្ចុប្បន្ន មិនសូវ​មមាញឹកនោះទេ ដោយសារតែមិនទទួល។ មូលហេតុ គឺសព្វថ្ងៃនាងកំពុងតែរវល់ខ្លាំងនឹងមុខជំនួញ បើកភោជនីយដ្ឋានផ្ទាល់ខ្លួន ដែលមានទីតាំងនៅម្តុំ V-Friend បឹងត្របែក»

អីវ៉ាធីណា

ទោះបីជា ឃ្លាតឆ្ងាយពីវិស័យសិល្បៈ មិនបានបង្ហាញវត្តមានផ្ទាល់ជាមួយ ទស្សនិកជនក្នុងកម្មវិធីកំសាន្តនានា ដូចសព្វមួយដងក្តី តែតារាស្រីប្រចាំផលិតកម្មថោនរូបនេះ ហាក់មិនខ្លាច​ក្នុង​ការបាត់បង់ប្រជាប្រិយភាពនោះទេ ព្រោះនាងប្រកាន់នូវជំហរថា មុខរបរផ្ទាល់ខ្លួន គឺមានសារសំខាន់ណាស់សម្រាប់នាង។ នាងកំពុងតែខឹតខំពង្រឹងរបរផ្ទាល់ខ្លួនឱ្យដើររលូនទៅមុខសិន ទើបត្រឡប់មកទទួលការងារសិល្បៈសារជាថ្មី។

ជាចុងក្រោយ តារាស្រីរាងតូចច្រឡឹង ម្ចាស់បទ «ថាអត់ក្បត់មួយម៉ាត់ទៅ» រូបនេះ បានផ្តាំផ្ញើរដល់ទស្សនិកជនថា នាងមិនបានឈប់ពីសិល្បៈនោះទេ គ្រាន់តែផ្អាកមួយរយៈ ដើម្បីពង្រឹង​អាជីវកម្ម​ផ្ទាល់ខ្លួន។ បន្ថែមពីនេះ ទោះមិនបានឡើងប៉ុស្តិ៍ទូរទស្សន៍ តារាស្រីរូបនេះនៅតែមានបទចម្រៀងថ្មីៗចេញជារឿយៗ ដើម្បីកំដអារម្មណ៍អ្នកគាំទ្រ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia