អបអរសាទរ! កូនខ្មែរម្នាក់ ជាប់ជាតំណាងរាស្រ្តនៅអាមេរិកបន្តមួយអណត្តិទៀតហើយ

លោក មុំ រ៉ាឌី អ្នក​តំណាងរាស្ត្រ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​នៅ​សង្កាត់ទី​១៨ នៅ​តំបន់​ Middlesex បាន​ឈ្នះ​ឆ្នោត​ក្នុង​ការ​បោះឆ្នោត​ជា​បឋម​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋ​ Massachusetts កាល​ពី​ខែកញ្ញាកន្លងទៅ នេះ​បើ​តាម​របាយ​ការណ៍​ព័ត៌មាន​នានា។

លោក មុំ រ៉ាឌី បាន​ឈ្នះ​បេក្ខជន​៣​នាក់​ផ្សេងទៀត ដែល​ក្នុងនោះ​មាន​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​២​នាក់ គឺ​លោក អ៊ុង​ រិទ្ធី​ និង​លោក មាស សែម និង ជនជាតិ​អាមេរិកាំង​ស្បែក​ស​ម្នាក់ គឺលោក James Leary។ លោក មុំ រ៉ាឌី ទទួល​បាន​សំឡេង​ឆ្នោត ១២៧៤ លោក អ៊ុង រិទ្ធី​ ទទួល​បាន​សំឡេង​ឆ្នោត ១០៥០ លោក James Leary ទទួល​បាន​សំឡេង​ឆ្នោត ១០៣០ និង លោក មាស សែម ទទួល​បាន​សំឡេង​ឆ្នោត ៣០៣​សន្លឹក។

សង្កាត់​ទី​១៨នេះ​ មាន​រួម​ទីក្រុង Lowell ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ច្រើន​ជាងគេ​ទី​២​ក្នុង​សហរដ្ឋ​អាមេរិក ​បន្ទាប់​ពី​ទីក្រុង Long Beach​ រដ្ឋ California។ ដោយ​សារ​តែ​គ្មាន​បេក្ខជន​ប្រជែង​ពី​គណបក្ស​សាធារណរដ្ឋ លោក មុំ រ៉ាឌី នឹង​បន្ត​តំណែង​តំណាង​រាស្ត្រ​របស់​លោក​ក្នុង​អាណត្តិទី៣ ក្រោយ​ពី​ការ​បោះ​ឆ្នោត​ជាតិ​នៅខែ​វិច្ឆិកា​ខាង​មុខ​នេះ ដោយ​ស្វ័យ​ប្រវត្តិ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ voanews