ភ្ញាក់ផ្អើល! តាមពិតនាយករដ្ឋមន្រ្តីថៃទី៤ មានដើមកំណើតខ្មែរអ្នកខេត្តបាត់ដំបងសោះ

លោក ខួង អភ័យវង្ស (Khuang Aphaiwong) ជានាយករដ្ឋមន្រ្តីថៃជំនាន់ទី៤ ដោយបានក្លាយជានាយករដ្ឋមន្រ្តីថៃចំនួន ៣លើក (លើកទី១ ក្នុងឆ្នាំ១៩៤៤-១៩៤៥, លើកទី២ ក្នុងខែមករា ដល់ខែឧសភា ឆ្នាំ១៩៤៦ និងលើកទី៣ ក្នុងខែវិច្ឆិកា ឆ្នាំ១៩៤៧ រហូតដល់ខែមេសា ឆ្នាំ១៩៤៨)ដែលមានដើមកំណើតមកពីខេត្តបាត់ដំបង ដោយកើតនៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ១៩០២។

លោក ខួង អភ័យវង្ស (Khuang Aphaiwong) ជានាយករដ្ឋមន្រ្តីថៃជំនាន់ទី៤

លោក ខួង អភ័យវង្ស ជាអតីតនាយករដ្ឋមន្ត្រីសៀម ៤ជំនាន់ និងជាស្ថាបនិក គណបក្ស «ប្រជាធិបតេយ្យ» មានដើមកំណើតខ្មែរសុទ្ធ (ម្តាយ~ឪពុកខ្មែរ) ខ្សែស្រឡាយត្រកូល ចៅហ្វាទឡ្ហៈ ប៉ែន អភ័យវង្ស ដែលមានដូនតានៅស្រុកកំណើត ខេត្តកំពត។ លោកមានបិតាឈ្មោះថា គទាធរ ឈុំ អភ័យវង្ស ក្រោយមកជា ព្រះពញាអភ័យភូបេស្ត៍ ឈុំ អភ័យវង្ស និង មាតាខ្មែរ លោកស្រី រ៉ត (មិនច្បាស់នាមត្រកូល) នៅខេត្តបាត់ដំបង។

បងប្រុសរួមបិតាលោកគឺ លឿម អភ័យវង្ស (ខ្មែរសុទ្ធ មាតាជាខ្មែរអ្នកស្រុកបាត់ដំបងជីដូនមួយជាមួយ គទាធរ ឈុំ) បានទទួលងារស្នងពីឪពុក ជា «ព្រះពញាអភ័យភូបេស្ត៍»វិញ ក្រោយពីបុត្រីច្បងបានរៀបអភិសេកជាមួយម្ខាស់ក្សត្រីរបស់ «រាមាទី ៦ សម្តេចព្រះមង្កុតក្លាវចៅយូហួ»។

លោក ខួង អភ័យវង្ស នៅក្នុងរដ្ឋសភា

លោក ខួង អភ័យវង្ស បានសិក្សានៅសាលា Debsirin បន្ទាប់មកបានចូលរៀននៅមហាវិទ្យាល័យ Assumption  នៃទីក្រុងបាងកក ចុងក្រោយលោកបានសិក្សានៅមហាវិទ្យាល័យស្រាវជ្រាវ Ecole Centrale de Lyon ក្នុងប្រទេសបារាំង។ ក្រោយមកលោកបានត្រឡប់មកធ្វើការនៅក្រសួងទូរលេខប្រទេសថៃវិញ ចុងក្រោយលោកបានក្លាយជានាយកប្រតិបត្តិក្រសួងមួយនេះ។

វរៈសេនីត្រី ហ្លួងកូវិត ខួង អភ័យវង្ស គឺជាស្ថាបនិក គណៈបក្សនយោបាយដំបូងគេគឺ «គណៈបក្សប្រជាធិបតេយ្យ» ក្រោយពីរាមាទី ៧ បានប្រទានអំណាចរបស់ព្រះអង្គមកឲ្យរាស្ត្រ ដោយបានផ្លាស់ប្តូរពីរបៀបគ្រប់គ្រងបែបរាជានិយម «សម្បូរណញ្ញាសិទ្ធិរាជ (Absolute Monarchy)» មកជា «ប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ» នៅថ្ងៃទី ១០ ធ្នូ គ.ស ១៩៣២។

សូមបញ្ជាក់ផងដែរថា លោកបានរៀបការជាមួយនារីម្នាក់ឈ្មោះ Lekha Kunadilok (កូនស្រីរបស់លោក William Alfred Goone-Tilleke ដែលជាមេធាវី) ហើយប្រពន្ធរបស់លោកត្រូវបានតែងតាំងជាសមាជិកសភានៅឆ្នាំ១៩៤៩ ដោយធ្វើឱ្យលោកស្រីក្លាយជាស្រ្តីអ្នកនយោបាយជនជាតិថៃដំបូងគេបំផុតក្នុងប្រវត្តិសាស្រ្តប្រទេសថៃ។

គាត់ក៏ជាបុគ្គលដំបូងដែលបាននាំមកនូវការបដិរូប និងការស្ថាបនាសេដ្ឋកិច្ចជាតិ ដោយបង្កើតក្រសួងគមនាគមន៍ និងក្រសួងប្រៃសណីយ៍ដំបូងគេទៀតផង ហើយលោកបានស្លាប់នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ១៩៦៨ ដោយជន្មាយុ ៦៥ឆ្នាំ៕

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ wikipedia