តិចអត់ដឹង តាមពិតត្រីគល់រាំងនៅខ្មែរ ជាត្រីដែលមានស្រកាធំជាងគេបំផុតលើលោក

ទន្លេមេគង្គ គឺជា​ជម្រក​របស់​ត្រី​មាឌ​យក្ស​ច្រើន​ប្រភេទ ច្រើនជាង​ទន្លេ​ដទៃទៀត​នៅលើ​ផែនដី​យើង​នេះ​។ ត្រី​គល់រាំង ក៏​ស្ថិតនៅ​ក្នុងចំណោម​ត្រី​មាឌ​យក្ស​ជាច្រើន​ប្រភេទ​នោះដែរ ដែល​រស់នៅក្នុង​អាង​ទន្លេមេគង្គ​។ ត្រី​គល់រាំង មានឈ្មោះ​វិទ្យាសាស្ត្រ (Catlocarpio siamensis) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Giant barb​។ វា​ជា​ប្រភេទ​ត្រី​ជិត​ផុត​ពូជ ហើយក៏​ជា​ប្រភេទ​ត្រី​ស្រកា​ធំជាងគេ​នៅក្នុង​ពិភពលោក​ផងដែរ ។ ត្រី​គល់រាំង​ក្នុង​រូបភាព​ខាងលើនេះ មាន​ទម្ងន់​ជាង​៨៨​គីឡូក្រាម ត្រូវ​អ្នកនេសាទ​ចាប់បាន ខណៈពេលដែល​វា​ធ្វើចរាចរ​ផ្លាស់​ទី​ចេញពី​បឹង​ទន្លេសាប ចូលទៅក្នុង​ទន្លេមេគង្គ​។ ត្រី​នេះ​ត្រូវបាន​គេ​លែង​ចូលទៅក្នុង​ទន្លេ​វិញ ដែលជា​ផ្នែក​មួយ​នៃ​ភាពជា​ដៃគូ​រវាង​អ្នកនេសាទ និង​រដ្ឋបាល​ជលផល​។

​ត្រី​គល់រាំង អាចមាន​ប្រវែង​ដងខ្លួន​អតិបរមា ​ដល់​ទៅ​៣០០​ស​​ម​ និង​មាន​ទម្ងន់​អតិបរមា ៣០០​គីឡូក្រាម​។​ វា​រស់នៅ​តាម​ដង​ទន្លេធំៗ ​ស្ទឹង ​បឹង ​និង​តំបន់​ទំនាប​លិច​ទឹក ​ទី​ដែល​វា​អា​ចរក​ចំណី​បាន​ដូចជា​​ស្លែ​ ផ្លុ​ង​តុង ផ្លែ​រុក្ខជាតិ ដែល​ដុះ​លូតលាស់​មាន​ផ្លែផ្កា​ នា​រដូវ​ទឹកជំនន់​ និង​ព្រមទាំង​ត្រី​តូចៗ​ផងដែរ​។​ ត្រី​គល់រាំង​ជំទង់​​ភាគច្រើន វា​អាច​សម្រប​ខ្លួន​រស់នៅក្នុង​ស្រះ ​ត្រពាំង ​ស្ទឹង ​បឹង ​និង​ទំនាប​លិច​ទឹក ខណៈ​ត្រី​គល់រាំង​ពេញវ័យ​ ហាក់ដូច​ចូលចិត្ត​ធ្វើចរាចរ​ចូលទៅ​រស់នៅក្នុង​តំបន់​អាងទឹក​ជ្រៅ​ក្នុង​ទន្លេមេគង្គ​។ នៅក្នុង​ប្រទេស​កម្ពុជា​ ត្រី​គល់រាំង​ពេញវ័យ​ បាន​ធើ្វ​ចរាចរ​ផ្លាស់​ទី​ចេញពី​បឹង​ទន្លេសាប ចូលទៅ​រស់នៅក្នុង​អាងទឹក​ជ្រៅ ​ក្នុង​ទន្លេមេគង្គ​ នា​ចុងរដូវ​ប្រាំង នៅ​ចុងខែ​កញ្ញា ឬ​ដើមខែ​តុលា ជាមួយ​ប្រភេទ​ត្រី​ធំៗ​ផ្សេងទៀត ដូចជា​ត្រី​រាជ​ជាដើម​។ ត្រី​គល់រាំង​ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Critically Endangered) ក្នុង​ឆ្នាំ​២០១១ ជា​ប្រភេទ​ត្រី​រងគ្រោះ​ជិត​ផុត​ពូជ​។​

​មាន​កត្តា​ប្រឈម​ជាច្រើន​ទៀត ដែល​ត្រី​គល់រាំង​កំពុង​ជួបប្រទះ​នាពេល​ប្ចុ​ប្បន្ន​នេះ ដូចជា ការនេសាទ​ហួស​កម្រិត ការនេសាទ​ក្នុង​រដូវ​ត្រី​ពង​-​កូន ការនេសាទ​ចាប់យក​កូន​ត្រី​សម្រាប់​ធ្វើជា​ត្រី​នុយ ការប្រើប្រាស់​ឧបករណ៍​នេសាទ​ល្មើសច្បាប់ ពិសេស​ឧបករណ៍​ឆក់ ក្តៅ​-​ត្រជាក់ ការបាត់បង់​ព្រៃ​លិច​ទឹកជា​ទីជម្រក និង​ការអភិវឌ្ឍន៍​ទំនប់​វារិ​អគ្គិសនី​នៅ​ដង​ទន្លេ​មេ​​ក្នុង​ទន្លេមេគង្គ​ ដែលជា​ផល​រំខាន​ដល់​ការធ្វើ​ចរាចរ​ផ្លាស់​ទី​របស់​ពួកវា​។ ត្រី​គល់រាំង ត្រូវបាន​ប្រកាស​កំណត់​ជាម​ច្ឆា​និម្មិត្តរូប​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​ព្រះរាជក្រឹត្យ​លេខ ​នស​រកត​/០៣០៥/១៤៩ ចុះ​ថ្ងៃទី​២១ ​ខែមីនា​ ​ឆ្នាំ​២០០៥​។

វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប នៃ​រដ្ឋបាល​ជលផល សហការ​ជាមួយ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី USAID សូម​ធ្វើការ​អំពាវនាវ​ដល់​ប្រជា​នេសាទ​ទាំងអស់ នៅតាម​ដង​ទន្លេសាប ជាពិសេស​ម្ចាស់ «​ដាយ​ត្រី​» ទាំង​១៤​គន្លង មេត្តាជួយ​ផ្តល់ព័ត៌មាន ក្នុងករណី​ចាប់បាន ឬ​ឃើញ​ប្រជា​នេសាទ​ណា​ចាប់បាន ដើម្បី​ក្រុមការងារ​របស់​យើង ចុះទៅ​បំពាក់​ស្លាក​សញ្ញា​សម្គាល់ រួច​លែង​វា​ចូលទៅក្នុង​ទន្លេ​វិញ តាមរយៈ​ទូរ​សព្ទ​ទំនាក់ទំនង​៖ ម៉ូ​ប៊ី​តែ​ល (012 805 347) ស្មា​ត (016 695 933) មិត្ត​ហ្វូ​ន (090 850 850)​៕

 

ដកស្រង់ដោយ៖ ​លោក ប៊ុត ហេង

ប្រភព៖ thmeythmey