ទីក្រុង​ចំនួន​៥​ ដែល​និវត្តជន​អាចរស់នៅ​ប្រកបដោយ​ភាពសុខដុមរមនា

ម្ហូបអាហារ សេវា​ដឹកជញ្ជូន វប្បធម៌​សម្បូរបែប សេវា​កម្សាន្ត និង​សេវាកម្ម​ផ្សេងៗ ជា​លក្ខខណ្ឌ​ដែល​ស្ថិតក្រោម​ការពិចារណា​យ៉ាងច្បាស់​លាស់​របស់​បណ្តា​និវត្តន៍​នៅ​ប្រទេស​អ្នកមាន នៅមុន​ដែល​ពួកគេ​សម្រេចចិត្ត​ដូរ​ទីលំនៅ​ទៅ​ក្រៅប្រទេស​។
គេហទំព័រ International Living បានបង្ហាញ​បញ្ជី​ទីក្រុង​ចំនួន​៥​នៅលើ​ពិភពលោក ដែល​និវត្តជន​ជា​លក្ខណៈ​គ្រួសារ​អាច​ចំណាយ​តិចជាង​៣៧០០០​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ ហើយ​រស់នៅ​ប្រកបដោយ​ភាពសុខដុមរមនា​។ ក្នុងចំណោម​នោះ ក៏មាន​រាជធានី​ភ្នំពេញ​របស់​កម្ពុជា​ផងដែរ​។​

​ទីក្រុង​ទាំង​៥​នោះ រួមមាន​៖
១. ក្រុង​ហាណូយ ប្រទេស​វៀតណាម​៖ ក្រុង​នេះ​សម្បូរ​ទៅដោយ​ស្ថាបត្យកម្ម​អាណានិគម​ន​បារាំង ហើយ​ប្រមូលផ្តុំ​ដោយ​វប្បធម៌​ចម្រុះ មាន​អាស៊ីអាគ្នេយ៍ ចិន និង​បារាំង​។ ហាណូយ​មាន​ឧទ្យាន និង​បឹង​ដ៏​ស្រស់ស្អាត ហើយ​មនុស្ស​ទូទៅ​អាច​សម្រប​បាន​ជាមួយនឹង​លក្ខខណ្ឌ​អាកាសធាតុ​នៅ​ទីនោះ​។​
អ្នករាយការណ៍​ឲ្យ International Living អះអាងថា ថ្លៃ​ផ្ទះ ថ្លៃ​ទឹក ថ្លៃ​ភ្លើង និង​អ៊ី​ន​ធ័​រ​ណិ​ត សមរម្យ​អាច​ទទួលយកបាន រីឯ​អ្នក​ហាណូយ​រួសរាយ​រាក់ទាក់​ដាក់​ជនបរទេស​ខ្លាំងណាស់​។ គូ​ស្វាមីភរិយា​និវត្តជន អាច​ចំណាយ​ប្រមាណ​៩០៥​ដុល្លារ​ក្នុង​ខែ ឬ​១០ ៨៦០​ដុល្លារ​ក្នុង​១​ឆ្នាំ ឬក៏​អាច​តិចជាង​នេះ​។​

២. ក្រុង​លី​ស្បោ​ន ប្រទេស​ព័រ​ទុយ​ហ្គា​ល់​៖ ទីក្រុង​ដែលមាន​ប្រជាជន​ប្រមាណ​កន្លះ​លាន​នេះ ត្រូវបាន​ចាត់ទុក​ជាតា​រា​រះ​សម្រាប់​អ្នក​ចូលនិវត្តន៍ ព្រោះ​ពួកគេ​អាច​រីករាយ​ជាមួយ​ប្រវត្តិសាស្ត្រ ការកម្សាន្ត​អារម្មណ៍ ការ​ស្នាក់នៅ​តំបន់​មាត់សមុទ្រ​។​
នៅ​លី​ស្បោ​ន គេ​អាច​រស់នៅ​បែប​អឺរ៉ុប ប៉ុន្តែ​ការចាយវាយ​ដូច​នៅ​អាមេរិក​ឡាទីន​។ អ្នកស្រី Molly Ashby និង​ស្វាមី​ដែល​បានរស់នៅ​ទីនោះ តាំងពី​ឆ្នាំ​២០១៣ អះអាងថា ពួកគាត់​ចំណាយ​តែ​ក្នុង​រង្វង់​១២​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​សម្រាប់​អាហារ​មួយពេល​។ គ្រួសារ​មួយ​អាច​រស់នៅ​យ៉ាង​ងាយស្រួល ដោយ​ចំណាយ​ប្រមាណ​៣ ០៦៥​ដុល្លារ​អាមេរិក​ក្នុង​១​ខែ ឬ​៣៦ ៧៨០​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ​។​

៣. ទីក្រុង​ប៉ា​ណា​ម៉ា ប្រទេស​ប៉ា​ណា​ម៉ា​៖ ពលរដ្ឋ​អាមេរិក​ចូលចិត្ត​ទៅ​រស់នៅ​ទីនោះ​ណាស់ ពីព្រោះ​ប្រទេស​អាមេរិក​កណ្តាល​មួយ​នេះ ក៏​ចាយលុយ​ដុល្លារ​អាមេរិក​ផងដែរ​។ អ្នកស្រី Deborah និង​ស្វាមី​ដែល​រស់នៅ​ទីនោះ តាំងពី​ខែសីហា ឆ្នាំ​២០១៧ បាន​អះអាងថា ចំណាយ​ត្រឹមតែ​៣ ទៅ​៤​ដុល្លារ​ប៉ុណ្ណោះ​លើ​ការធ្វើដំណើរ ។​
ក្រៅពី​ភាពទំនើប ប៉ា​ណា​ម៉ា ក៏មាន​តំបន់​ដែល​ស្ថិតក្នុង​បញ្ជី​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​ពិភពលោក​ផងដែរ​។ ផ្ទះ​ដែលមាន​គ្រែ​ពីរ​នៅ​កណ្តាល​ក្រុង មានតម្លៃ​ប្រមាណ​១ ៧៦៥​ដុល្លារ​អាមេរិក​ក្នុង​១​ខែ ឬ​២១ ១៨០​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ​។ ប្រសិនបើ​ចង់​ទំនើប​ទាំងនេះ គ្រួសារ​និវត្តជន​អាច​ចំណាយ​ដល់​ទៅ​២ ៨៩០​ដុល្លារ​អាមេរិក​ក្នុង​១​ខែ ឬ​៣៤ ៦៨០​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ​ផងដែរ​។​

៤. រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​៖ មានឈ្មោះ​ជាទី​ក្រុង​គជ់​ប្រចាំ​អាស៊ី (Pearl of Asia) ភ្នំពេញ​ជាទី​តាំង​ដ៏​ពេញនិយម​របស់​ជនបរទេស ដោយសារ​តម្លៃ​ស្នាក់នៅ​ទាប និង​សំបូរ​ទៅដោយ​ទីផ្សារ​ទំនិញ​។ ជាមួយគ្នានេះ ជនបរទេស តែងតែ​ទទួលបាន​នូវ​ភាព​រួសរាយ​រាក់ទាក់​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​។​
បុរស​អាមេរិក​ឈ្មោះ Ryan Preston បាន​អះអាងថា នៅ​ភ្នំពេញ លោក​អាច​រកបាន​នូវ​អ្វី​គ្រប់បែបយ៉ាង​។ លោក​ថា ទូរ​ទឹកកក​របស់លោក​ពេញ​ទៅដោយ​ផ្លែឈើ​សរីរាង្គ ស្រា​បារាំង គោ​អូស្ត្រាលី ឬ​សូកូឡា​បែលហ្ស៊ិក ហើយ​ពេលខ្លះ​លោក​ចំណាយ​តិចជាង​៧៥​ដុល្លារ​ក្នុង​១​អាទិត្យ​។ ជីវិត​គ្រួសារ​ដ៏​ស្រស់បំព្រង​នៅ​ភ្នំពេញ ចំណាយ​ត្រឹមតែ​១ ៨៣៧​ដុល្លារ​ក្នុង​១​ខែ ឬ​២២ ០៤៤​ដុល្លារ​ក្នុង​១​ឆ្នាំ​តែប៉ុណ្ណោះ​។​

៥. ក្រុង​គី​តូ ប្រទេស​អា​ក្វា​ឌ័​រ​៖ ជាទី​ក្រុង​ដែលមាន​កំពស់​ខ្ពស់​ជាងគេ​លើ​លោក​។ ទោះបីជា​ប្រឈម​នឹង​គ្រោះមហន្តរាយធម្មជាតិ​មួយចំនួន​ក៏ដោយ ប៉ុន្តែ​ក្រុង​មួយ​នេះ ពោរពេញ​ទៅដោយ​ធម្មជាតិ​ស្រស់បំព្រង ទេសភាព​ល្អ​ត្រ​កាលដែល​ភ្ជាប់​ពី​ភ្នំ ទៅ​សមុទ្រ និង​ព្រៃ​។​

សារមន្ទីរ​សម្បូរបែប ស្ថាបត្យកម្ម សិល្បៈ និង​អ្វីៗ​ទាំងអស់ បានធ្វើ​ឲ្យ​មនុស្ស​ទូទៅ​ចង់​រស់នៅ​តំបន់​អាមេរិក​ខាងជើង​មួយ​នេះ​។ ថវិកា​ប្រចាំខែ​ពី​១៦៥០ ទៅ​១៨២៥​ដុល្លារ ឬ​ពី​១៩ ៨០០ ទៅ​២១ ៩០០​ដុល្លារ​ក្នុង​១​ឆ្នាំ ពិតជា​គ្រប់គ្រាន់​សម្រាប់​គ្រួសារ​វ័យ​ចំណាស់​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeythmey