កាន់តែទំនើបហើយ! ស៊ីមអេឡិចត្រូនិច (eSIM) នឹងដាក់ឲ្យដំណើរការនៅកម្ពុជា

អតិថិជន​មិត្ត​ហ្វូ​ន​ទាំងអស់​នឹង​ជិត​បាន​ប្រើប្រាស់ eSIM ហើយ ដែល​ជា​បច្ចេកវិទ្យា​អេ​ឡិច​ត្រូ​និ​ច​ថ្មី ដែល​មាននៅ​ក្នុង​ទូរស័ព្ទ​ទំនើប​សេរី​ចុង​ក្រោយ​បំផុត ដូច​ជា iPhone XS ដែល​ទើបតែ​ចេញ​លក់ ។ eSIM ដំបូង​នឹង​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​បណ្តាញ​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​មិត្ត​ហ្វូ​ន​នៅ​ដើមឆ្នាំ​២០១៩ ខាង​មុខ​នេះ ។

តាម​និន្នាការ​បច្ចេកវិទ្យា​ជា​ពិសេស ជាមួយ​ការ​ផ្សព្វផ្សាយ​ទូរស័ព្ទ iPhone ថ្មី​របស់​ក្រុមហ៊ុន Apple មិត្ត​ហ្វូ​ន​បាន​ខិតខំ​យ៉ាង​ខ្លាំង ដើម្បី​ក្លាយជា​ក្រុមហ៊ុនទូរស័ព្ទ​ដំបូង​គេ​នៅ​កម្ពុជា ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់​បច្ចេកវិទ្យា eSIM ។ នេះ​បើ​តាម​ព័ត៌មាន​ដែល​បាន​ប្រាប់​ឲ្យ​ដឹង​ដោយ​តំណាង​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ។

eSIM (​ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា SIM​អេ​ឡិច​ត្រូ​និ​ច​) គឺជា​ការ​ជំនួស​ដ៏​ល្អ​សម្រាប់​ស៊ី​មកា​ត​ធម្មតា ដែល​បាន​ប្រើ​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ផង​ដែរ​ថា ជា​ជំ​ហ៊ាន​បន្ទាប់​ក្នុង​ការ​អភិវឌ្ឍ​លើ​វិស័យ​ទូរគមនាគមន៍ ។ eSIM មាន​អត្ថប្រយោជន៍​ល្អ​ច្រើន​ដូច​ជា មិន​ងាយ​ខូច និង​មិន​ងាយ​បាត់​ដូច​ស៊ី​មកា​ត​ធម្មតា​ទេ ហើយ​អ្នក​ប្រើប្រាស់​អាច​ធ្វើការ​ផ្លាស់​ប្តូរ​បណ្តាញ​តាម​ចិត្ត ដោយ​មិន​ចាំបាច់​ផ្លាស់​ប្តូរ​ស៊ី​មកា​ត​ឡើយ ។

សម្រាប់​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ខ្លះ​បាន​ប្រើ eSIM ដើម្បី​អាច​ជួយ​ឲ្យ​ពួក​គេ​ចំនេញ​ទំហំ​នៅ​ក្នុង​ទូរស័ព្ទ ។ វា​មាន​សារៈសំខាន់​ជា​ពិសេស ចំពោះ​ឧបករណ៍​ទំហំ​តូច​ដូច​ជា នាឡិកា​ឆ្លាត​វៃ​ជាដើម (smart watches)​។

ដើម្បី​បំពេញតម្រូវការ​របស់​អ្នក​ប្រើប្រាស់​មិត្ត​ហ្វូ​ន​គ្រោង​នឹង​ដាក់​ឲ្យ​ប្រើប្រាស់ eSIM នៅ​កម្ពុជា​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។ លោក ញ៉ុ​ង ឌិន​ថន អគ្គនាយករង​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​មាន​ប្រសាសន៍​ថា «​យើងខ្ញុំ​នៅ Metfone បាន​បំពេញ​លក្ខខណ្ឌ​ទាំងអស់​រួចរាល់​ហើយ ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់ eSIM ។ យើង​នឹង​សម្ភោ​ធន៍​ដាក់​ឲ្យ​ប្រើប្រាស់ eSIM ជា​ផ្លូវការ នៅ​ចុងឆ្នាំ​២០១៨ ឬ​ដើមឆ្នាំ​២០១៩ យ៉ាង​យូរ​បំផុត ។ ដូច្នេះ​អ្នក​ប្រើប្រាស់​ដែល​ចង់​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​គ្រាន់តែ​ត្រូវ​រង់ចាំ​រយះ​ពេល​ដ៏​ខ្លី​ប៉ុណ្ណោះ​» ។

ដោយ​ស្គាល់​ជា​ប្រតិបត្តិ​ករ​ឈានមុខ​គេ «​ដើម្បី​ប្រជាជន និង​ដើម្បី​សង្គម​»​ព្រម​ជាមួយ និង​ទស្សនៈវិស័យ «​អ្នក​យកចិត្តទុកដាក់ និង​ច្នៃប្រឌិត​ខ្ពស់​»​ថ្មី​ៗ​នេះ​មិត្ត​ហ្វូ​ន​បាន​វិនិយោគ​លើ​ផលិតផល​ថ្មី​ៗ​ជា​ច្រើន​រួម​មាន បច្ចេកវិទ្យា eSIM និង​ផលិតផល​ឧស្សាហកម្ម​ជំនាន់​ទី​៤​ដ៍ទៃ​ទៀត (Industry 4.0) ។ មិត្ត​ហ្វូ​ន​នៅ​តែ​រក្សា​សន្យា និង​គោល​ជំហរ​ក្នុង​ការ​នាំ​មក​នូវ​ជីវិត​បែប​ទាន់សម័យ​សម្រាប់​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស ។

បច្ចុប្បន្ន​បច្ចេកវិទ្យា​មួយ​នេះ​អាច​ប្រើប្រាស់​បាន​ដោយ​ប្រតិបត្តិ​ករ​តែ​មួយ​ចំនួន​ប៉ុណ្ណោះ​ក្នុង​ចំណោម​១០​ប្រទេស​ទូ​ទាំង​ពិភពលោក ហើយ​ភាគច្រើន គឺជា​ប្រទេស​អភិវឌ្ឍន៍​ប្រ​សិន​មិត្ត​ហ្វូ​ន​ជោគជ័យ​ក្នុង​ការ​ដាក់​ឲ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ វា​ជា​សមិទ្ធិ​ផល​ដ៍​ធំ​អស្ចារ្យ​នៃ​វិស័យ ICT របស់​កម្ពុជា ។

ការ​ចាប់អារម្មណ៍ និង​តម្រូវការ eSIM បាន​កើតឡើង​ភ្លាម​បន្ទាប់​ពី​ការ​ប្រកាស​លក់​ទូរស័ព្ទ iPhone XS និង iPhone XS Max របស់​ក្រុមហ៊ុន Apple កាលពី​ពេល​កន្លង​ទៅ ។ ទូរស័ព្ទ iPhone ម៉ូ​ដែល​ថ្មី​ប្រើ​បាន​ស៊ី​មកា​ត​ពីរ​តែ​ស៊ី​ម​មួយ​ក្នុង​ចំណោម​ស៊ី​ម​ពីរ គឺ​ផ្អែក​លើ​បច្ចេកវិទ្យា eSIM និង​មិន​អាច​ប្រើ​បាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ ។ ក្រុមហ៊ុន Apple មាន​ទូរស័ព្ទ​ម៉ូ​ដែល iPhone XS Max ប្រើប្រាស់​ស៊ី​ម​ពីរ​មាន​លក់​តែ​នៅ​ក្នុង​ទីផ្សារ​មួយ​ចំនួន​ដូច​ជា ចិន ហុងកុង ឬ ម៉ា​កាវ​តែ​ប៉ុណ្ណោះ ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kohsantepheapdaily