តិចអត់ដឹង អាមេរិក ទិញរដ្ឋមួយពីបារាំងតម្លៃ ១៥លាន$ ទំហំជាង ២លានគីឡូម៉ែត្រការ៉េឯណោះ

មនុស្ស​ជាច្រើន​បានដឹងថា​អាមេរិក​បាន​ចំនាយលុយ​ទិញ​ទឹកដី​អា​ឡា​ស្កា​ពី​ប្រទេស​រុស្សី​នៅ​ឆ្នាំ ១៨៦៧ ប៉ុន្តែ​ប្រហែលជា​មិនសូវមាន​អ្នក​ដឹងថា អាមេរិក​ក៍បាន​ទិញ​ទឹកដី ល្វី​ស្យា​ណា​ពី​ប្រទេស​បារាំង​នោះទេ​។ បារាំង​បាន​លក់​ទឹកដី​ដ៏​ធំ​ល្វឹងល្វើយ​នេះ​ទៅ​ឲ្យ​អាមេរិក​នៅក្នុង​ឆ្នាំ ១៨០៣ ហើយ​មាន​មូលហេតុ​មួយចំនួន​ដែល​ជំរុញ​ឲ្យ​បារាំង​លក់​ដី​នេះ​ឲ្យ​អាមេរិក​ដែរ​។​

​ទឹកដី​ល្វី​ស្យា​ណា គឺជា​ទឹកដី​មួយ​ដ៍​ធំ​ដែលមាន​ទំហំ​ប្រមាណ ២១៤៤ ៥១០​គីឡូម៉ែត្រ​ការ៉េ ដែល​ស្ថិតនៅ​ភាគ​ខាងលិច​ទន្លេ Mississippi ដែល​ចាប់ពី​ឆ្នាំ ១៦៩៩ ទឹកដី​នេះ គឺ​ត្រូវបាន​កាន់កាប់​ដោយ​ប្រទេស​បារាំង​។

​ទឹកដី​ល្វី​ស្យា​ណា ដែលទិញពីបារាំង (ចំនុចក្រហម)

​នៅក្នុង​ឆ្នាំ​១៧៦២ ប្រទេស​បារាំង​បានផ្តល់​ទឹកដី​នេះ​ទៅអោយ​សម្ព័ន្ធមិត្ត​របស់​ខ្លួន គឺ​ប្រទេស​អេ​ស្ប៉ា​ញ​។ តែ​នៅ​ឆ្នាំ ១៨០០ មេទ័ព​ដ៍​មាន​ឥទ្ធិពល​របស់​បារាំង គឺ​ណាប៉ូឡេអុង បូ​ណា​ប៉ាត បានទាមទារ​យក​ទឹកដី​នោះ​ត្រលប់​មកវិញ​ដើម្បី​ពង្រីក​ទឹកដី​និង​ឥទ្ធិពល​របស់ខ្លួន​។​អ្នកណា​ក៏​ដឹងថា នៅក្នុង​សម័យកាល​នោះ បារាំង​គឺជា​ប្រទេស​ម្ចាស់​អាណានិគម​មួយ ដែលមាន​ឥទ្ធិពល​ខ្លាំងជាងគេ​នៅ​តំបន់​អឺរ៉ុប​។

​ទោះជា​យ៉ាងណា​ក៍ដោយ​នៅ​ថ្ងៃ​៣០ ខែមេសា ឆ្នាំ ១៨០៣ ប្រទេស​បារាំង​បានសម្រេច​លក់​ទឹកដី​ដ៍​ធំ​ល្វឹងល្វើយ​ទៅ​ឲ្យ​អាមេរិក តាមរយៈ​ការចុះ​សន្ធិសញ្ញា​មួយ ហើយ​ទឹកដី​នេះ​មានតម្លៃ​ត្រឹមតែ ១៥ លាន​ដុល្លារ​អាមេរិក​(​តម្លៃ​ប្រហែល ២៨៣​លាន​ដុល្លារ​បច្ចុប្បន្ននេះ​)​ប៉ុណ្ណោះ​។

កិច្ចព្រមព្រាងទិញរបស់អាមេរិក ជាមួយនឹងបារាំង នៅឆ្នាំ១៨០៣

​នៅក្នុង​កិច្ចចរចា​ទិញ​លក់​ទឹកដី​នេះ នៅ​ឆ្នាំ ១៨០៣ ប្រធានាធិបតី​អាមេរិក លោក ថូ​ម៉ាស ជេ​ហ្វឺ​សុន​(Thomas Jefferson) បាន​បញ្ជូន​បេសកជន​ការទូត​របស់ខ្លួន​គឺ លោក ជេ​ម ម៉ុ​ន​រ៉ូ (Jame Monroe) ទៅ​ចូលរួម​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​បារាំង លោក Robert Livingston ដើម្បី​បញ្ចុះបញ្ចូល​ព្រះ​ចៅ​អធិរាជ ណាប៉ូលេអុង របស់​បារាំង​ឲ្យ​លក់​ទឹកដី​នេះ​។ ក្នុងចំណោម​ទឹកដី​ទាំងនោះ​រួមមាន New Orleans និង West Florida​។ អាមេរិក​បញ្ជូន​មនុស្ស​ទៅ​បញ្ចុះបញ្ចូល​ស្តេច​បារាំង ចំ​ពេលដែល​បារាំង​កំពុង​ជួប​បញ្ហា​យ៉ាង​ធំ​ដែល​វា​ជា​សង្គ្រាម​ជាមួយ​អង់គ្លេស​។

​ដោយសារ​មានការ​ផ្លំ​ត្រចៀក​ផង បារាំង​គិតថា បើ​ខ្លួន​បន្ត​ទុក​ទឹកដី​នេះ​ទៀត​បញ្ហា​ប្រឈម​ជាច្រើន​នឹង​កើតមានឡើង ព្រោះ​ប្រសិនជា​ខ្លួន​ចាញ់​អង់គ្លេស ទឹកដី​ល្វី​ស្យា​ណា ទាំងមូល​នឹងត្រូវ​ក្លាយជា​របស់​អង់គ្លេស​ដោយ​គ្មាន​លក្ខ​ខ​ណ្ខ​មិន​ខាន​។ ម្យ៉ាងវិញទៀត​បារាំង​ខ្លួនឯង​កំពុង​ត្រូវការ​លុយ​ដើម្បី​ធ្វើសង្គ្រាម​ជាមួយ​អង់គ្លេស​ផង​នោះ​។​

​ចំពោះ​មូលហេតុ​សំខាន់​ផ្សេងទៀត​ដែល​ជម្រុញ​អោយ​បារាំង​លក់​ទឹកដី​ល្វី​ស្យា​ណា ឲ្យ​អាមេរិក​​មានដូចជា​៖

១) មេទ័ព​ដ៍​ខ្លាំងពូកែ​របស់​បារាំង​នៅពេល​នោះបាន​ចាញ់​សង្គ្រាម​នៅ​សម​ភូមិ Saint-Domingue (​បច្ចុប្បន្ននេះ​ជា​ទឹកដី របស់​ប្រទេស​ហៃ​ទី​) ដែល​បានធ្វើ​ឲ្យ​បារាំង​រង​ផលប៉ះពាល់​ខ្លាំង​ជាពិសេស​ប្រឈម​ការខ្វះខាត​បញ្ហា​ធនធាន ហើយ​ផ្លូវ​ទំនាក់ទំនង​របស់​បារាំង​ទៅកាន់​កំពង់ផែ​នៃ​ឆ្នេរ​ភាគ​ខាង​ត្បួ​ង​អាមេរិក​ខាងជើង​ត្រូវបាន​កាត់ផ្តាច់​ទៀត​។​

២) បារាំង​មិនមាន​កងទ័ពជើងទឹក​គ្រប់គ្រាន់​ដើម្បី​ការពារ និង​គ្រប់គ្រង​ទឹកដី​ទាំងឡាយណា​ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​ប្រទេស​ដែលមាន​កាត់ផ្តាច់​ដោ​យម​ហា​សមុទ្រ​អា​ត្ល​ង់​ទិ​ក​នោះឡើយ​។​

៣) ​ណាប៉ូឡេអុង មានបំណង​ចង់​បង្កើន​ឥទ្ធិពល​ទ័ព​របស់ខ្លួន​ឲ្យ​ខ្លាំង ព្រោះ​លោក​រំពឹងថា​លោក​អាច​យកឈ្នះ និង​គ្រប់គ្រង​លើ​ប្រទេស​អង់គ្លេស​ទាំងមូល​។ មេទ័ព​បារាំង​រូបនេះ​ជឿជាក់ថា ការខ្វះខាត​កងទ័ព និង​សម្ភារៈ​សឹក​ជា​មូលហេតុ​ធ្វើអោយ​ការធ្វើ​សង្គ្រាម​របស់ខ្លួន​មិនមាន​ឥទ្ធិពល​និង​ប្រសិទ្ធិភាព​។ ដូច្នេះ​ការលក់​ទឹកដី​បារាំង​នេះ​ជា​វិធីសាស្ត្រ​មួយ​ដើម្បី​បង្កើន​ថវិកា​សម្រាប់​ធ្វើសង្គ្រាម​។​

​តែ​ទោះជា​យ៉ាងណា​ក៍ដោយ បារាំង​បាន​បដិសេធ​ការស្នើសុំ​ទិញ​ទឹកដី ញ៉ូ​អរ​លាន (New Orleans) ពី​អាមេរិក ហើយ​បារាំង​ព្រម​លក់​ត្រឹមតែ ទឹកដី​ល្វី​ស្យា​ណា​ដែល​ស្ថិត​នៅជាប់​អាមេរិក​ខាងជើង​តែប៉ុណ្ណោះ​។ ក្រោយមក​អាមេរិក បានសម្រេច​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ទិញ​លក់​ទឹកដី​នេះ ដោយ​សន្ធិសញ្ញា​នេះ ត្រូវបាន​សភា​អាមេរិក​ផ្តល់​សច្ចាប័ន​នៅ​ថ្ងៃ ១៩ តុលា ឆ្នាំ ១៨០៣​។

​រហូតដល់​ខែធ្នូ ឆ្នាំ ១៨០៣ ទើប​មានការ​ប្រគល់​ទឹកដី​នេះ​ជា​ផ្លូវការ​ពី​បារាំង​ទៅ​ឲ្យ​អាមេរិក​។ គួរ​ឲ្យ​ដឹង​ដែរ​ថា ការទទួលបាន​ទឹកដី​ដ៍​ធំ​សម្បើម​នេះ វា​ជា​ជោគជ័យ​ធំ​បំផុត​មួយ​របស់​អាមេរិក ក្នុង​អាណត្តិ​លោក​ប្រធានាធិបតី ថូ​ម៉ាស ជេ​ហ្វី​សុន​។ អាមេរិក​ក៏​អាច​ពង្រីក​ទឹកដី​របស់ខ្លួន​បាន​យ៉ាង​ងាយស្រួល ហើយ​នៅ​ក្នង​ឆ្នាំ ១៨០៤ ទឹកដី​នេះ​ត្រូវបាន​ប្រកាស​បញ្ចូល​ជា​រដ្ឋ​សហព័ន្ធ​របស់​អាមេរិក​។ នៅ​ខែមេសា ឆ្នាំ ១៨១២ រយៈពេល​៩​ឆ្នាំ​ក្រោយពី​ពេល​អាម​រិ​ក​ទិញ​ទឹកដី​នេះ អាមេរិក​បា​នប​ង្កើ​រដ្ឋ​ដំបូង​ចំនួន​១៣ ដោយ​ផ្តាច់​ចេញពី​ទឹកដី​ល្វី​ស្យា​ណា​ដ៏​ធំធេង​នេះ​។ ចំណែក​ឈ្មោះ​ល្វី​ស្យា​ណា ត្រូវបាន​គេ​ដាក់បញ្ចូល​ទៅជា​ឈ្មោះ​របស់​រដ្ឋ​ទី ១៨ របស់​អាមេរិក​វិញ​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeythmey