ក្រោយសន្លប់នៅទឹកទី២ ក្រោមថ្វីដៃកីឡាកររុស្ស៊ី​ ពេលនេះកីឡាប្រដាល់ កែវ រំ​ចង់ ចេញមុខ …….

​អ្នកលេង​គុន​ខ្មែរ កែវ រំ​ចង់ បាន​សរសេរ​សា​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សុំទោស​អ្នកគាំទ្រ​កម្ពុជា ក្រោយ​បរាជ័យ​ក្រោម​ថ្វីដៃ​កីឡាករ​អ៊ុយ​ក្រែ​ន Oleksandr Moisa ក្នុង​ព្រឹត្តិការណ៍ Thai Fight កាលពី​យប់​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ បញ្ហា​កម្ពស់​ត្រូវបាន​អ្នក​ស្នង​គុន​ខ្មែរ​មកពី​ខេត្តបាត់ដំបង​រូបនេះ ចាត់ទុកជា​មូលហេតុ​ចម្បង​ក្នុង​បរាជ័យ​របស់ខ្លួន​។

​អ្នក​ស្នង​គុន​ខ្មែរ កែវ រំ​ចង់ បានធ្វើ​ឲ្យ​ទស្សនិកជន ពិសេស​អ្នកគាំទ្រ​របស់ខ្លួន​រង​ការខកចិត្ត បន្ទាប់ពី​រូបគេ​ចាញ់​កីឡាករ​អ៊ុយ​ក្រែ​ន Oleksandr Moisa ក្នុង​ទឹក​ទី​២ នា​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដណ្តើម​ខ្សែក្រវាត់​ក្នុង​ព្រឹត្តិការណ៍ Thai Fight កាលពី​យប់​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ខេត្ត​សារៈ​បុរី ប្រទេស​ថៃ​។​

​ការបរាជ័យ​នេះ​ធ្វើ​ឲ្យ កែវ រំ​ចង់ មិនអាច​ឡើងទៅ​ជួប​កីឡាករ​ថៃ សែន ស្ថាន (Saensatharn) ដែល​បាន​ផ្តួល​កីឡាករ​រុស្ស៊ី Oslan Ataev ក្នុង​ទឹក​ទី​១ ដូច​ការរំពឹងទុករ​បស់​អ្នកគាំទ្រ​កម្ពុជា​នោះទេ​។ នេះ​ជា​បរាជ័យ​លើក​ទី​៣​របស់ រំ​ចង់ ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​ប្រទេស​ថៃ​មួយ​នេះ​។

​ក្រោយ​បរាជ័យ​ក្រោម​ថ្វីដៃ​កីឡាករ​អ៊ុយ​ក្រែ​ន​កីឡាករ កែវ រំ​ចង់ បាន​សរសេរ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា​៖«​សុំទោស​ពុក​ម៉ែ បងប្អូន​ទាំងអស់គ្នា គេ​ខ្ពស់​ពេក​ចូល​វៃ​គេ​មិនកើត​ទេ​»​។ ទោះបី​យ៉ាងនេះ​ក្តី កែវ រំ​ចង់ នៅតែ​ទទួលបាន​ការគាំទ្រ និង​លើកទឹកចិត្ត​ពី​អ្នកគាំទ្រ​របស់ខ្លួន​។ ដោយ​អ្នកខ្លះ​លើកឡើងថា រំ​ចង់ ធ្វើបាន​ល្អ​ហើយ តែដោយសារ​គេ​ខ្ពស់​ពេក និង​អ្នកខ្លះ​ថា ការ​ចាញ់ឈ្នះ​ក្នុង​កីឡា​ជា​រឿង​ធម្មតា និង​ជំរុញ​ឲ្យ​គេ​បង្កើន​ការហ្វឹកហាត់ ដើម្បី​ត្រៀម​ការប្រកួត​លើក​ក្រោយ​ជាដើម​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeythmey