មានឆ្ងល់អត់? មូលហេតុអ្វីបានជា ពេលមនុស្សស្លាប់គេតែងតែធ្វើទង់ក្រពើ?

ប្រិយមិត្តប្រាកដជាធ្លាប់ដឹងឮហើយថានៅពេលមនុស្សស្លាប់គេតែមានដោតទង់ក្រពើ ឬទង់ព្រលឹង។ ថ្ងៃនេះ Anarchak សូមលើបង្ហាញដំណើរដើមទងដែលនាំឱ្យមានទំនៀមនេះឡើង។

ទង់ព្រលឹងលេចរូបរាងឡើង ដោយអាចារ្យយកសំពត់សប្រវែង៤ហត្ថ បត់ជាពីរ យកឈើ ឬបន្ទះឬស្សី ពីរកំណាត់ដាក់ខ្វែងគ្នា រួចស៊កក្នុងផ្នត់ សំពត់រួចចងបង្រួមក្រសោប​ក្រោយសំរាប់កាន់ មានឆ្នាំងបាយថ្មីមួយ ចងបន្តោងភ្ជាប់នឹងដង ទង់នោះផង និងអាចារ្យ​សរសេរ​បាលីក្នុងផ្ទៃនោះ។

ប្រជាជនខ្មែរ តែងប្រើទង់ព្រលឹងនៅពេលមានមនស្សស្លាប់ ដោយទូទៅគេដាក់ទង់នៅលើក្បាលដំណេកបុគ្គលសា្លប់ រួចផ្តាំបុគ្គលស្លាប់នោះថា ទង់ព្រលឹងនេះជាសំបុត្រដើរផ្លូវរបស់អ្នក ហើយចូរអ្នកកាន់ឲ្យជាប់ ដើម្បីធ្វើដំណើរ​ទៅថ្វាយបង្គំព្រះចូឡោមណីចេតិយព្រោះអ្នកទៅតែម្នាក់ឯងគ្មានអ្នក​ណានាំផ្លូវទេ។

យោងតាមសៀវភៅលំអានទំនៀមខ្មែរបុរាណ ប្រវត្តិទង់ព្រលឹងនេះទាក់ទងទៅនឹងរឿងព្រេងមួយថា មានបុរសម្នាក់មានកូនប្រុសមួយជាទីស្រលាញ់បានសុំឪពុកទៅរៀនសិល្បៈសាស្រ្ត ឯនគរ តក្ករសិលាលុះរៀនចប់សុំលាអាចារ្យ ចេញទៅរកគ្រូផ្សេងទៀត ដើម្បីរៀនបន្ថែម។

លុះដើរទៅបានជួបប្រទះនឹងព្រះបច្ចេកពុទ្ធមួយអង្គ ឃើញលោកប្រព្រឹត្តល្អតាមរបៀប សមណៈមាណពនោះមានចិត្តស្រលាញ់ជ្រះថ្លា ក៏ចូលសុំទៅរៀនក្នុងសំណាក់ព្រះបច្ចេកពុទ្ធ លោកឲ្យរៀនតែលោកឲ្យបួសសិន។ មាណពនោះបួស រួចហើយលោកបង្រៀនធម៌ វិបស្សនាកម្មដ្ឋាន។

នៅរៀនយូរៗទៅមាណពនោះ បានសំរេចពោធិញ្ញាណ ជាព្រះបច្ចេកពុទ្ធមួយអង្គដូចព្រះបច្ចេកពុទ្ធជាគ្រូដែរ។ មិនយូរប៉ុន្មានមាណពបច្ចេក ពុទ្ធក៏ចូលបរិនិពា្វនទៅទាំងវ័យក្មេង គួរឲ្យសោកស្តាយសំរាប់បុគ្គលជាបុថុជ្ជន។

អ្នកស្រុកភូមិនៅក្បែរនោះនាំគ្នាធ្វើបុណ្យបូជាសព ហើយកសាងចេតិយមួយបញ្ចុះ អដិ្ឋធាតុព្រះបច្ចេកពុទ្ធអង្គនោះត្រង់ផ្លូវបំបែក។ បុរសជាឪពុកបាត់កូនយូរពេកក៏ទៅតាមកូន និងបានដឹងតាមដំណើររឿង ក៏យំសោកស្តាយអាល័យកូន។ បន្ទាប់មកឪពុកក៏ទៅដងទឹកស្រោច ស្រពទ្រនាប់ខ្សាច់ចេតិយ រួចយកក្រមាបង់ក ចងធ្វើជាទង់ដោយឧទិ្ទសថ្វាយនៅមុខចេតិយ ហើយថ្វាយបង្គំលាវិលត្រលប់ទៅវិញ។

ឃើញដូច្នោះអ្នកស្រុកនៅជិតនោះ ក៏យកតម្រាប់តាមលុះចំណេរកាលតមកទៀតក៏ក្លាយ ទៅជាទំនៀមទម្លាប់ គឺពេលដែលបែរខ្មោច អាចារ្យតែងលីទង់ព្រលឹងដើរមុខប៉ាឆា ទើបយកទង់នោះទៅដាក់នៅទិសឥសាន ជាសញ្ញាឲ្យខ្មោចដឹងថា ខ្លួនត្រូវចេញដំណើរ ទៅ តាមទិសឥសាន ដើម្បីទៅថ្វាយបង្គំព្រះចូឡោមណីចេតិយ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ anarchak