ភ្ញាក់ផ្អើល! ពេលនេះ យាន ​INSIGHT របស់អាមេរិកត្រៀម​ចុះ​លើ​ភព​អង្គារហើយ

មជ្ឈមណ្ឌល​ត្រួតពិនិត្យ​បេសកកម្ម​ទៅ​ភព​ព្រះ​អង្គារ របស់​យាន ​INSIGHT មាន​ទី​តាំង​នៅ​ជិត​ទីក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស រាយការណ៍​នា​ថ្ងៃ​ទី​២៥ ​វិច្ឆិកា​ថា រៀបចំ​ការ​ចុះ​ចត​នា​ថ្ងៃ​ទី​២៦​ វិច្ឆិកា​របស់​យាន​នោះ​លើ​ភព​ក្រហម​។

ប្រសិនបើ​អ្វី​ៗ​ប្រព្រឹត្ត​ទៅ​ស្រប​តាម​ផែនការ នោះ​យាន MARS INSIGHT ​ដែល​ហោះហើរ​រួច​ហើយ ក្នុង​ចម្ងាយ​ផ្លូវ​៥៤៨​លាន​គីឡូម៉ែត្រ​នោះ នឹង​ហោះ​ចូល​ក្នុង​ដែនអាកាស​ពណ៌​កូ​ឡាប​របស់​ភព​ព្រះ​អង្គារ នា​យប់​ថ្ងៃ​ទី​២៦ ​វិច្ឆិកា ​ម៉ោង​នៅ​អឺរ៉ុប ខណៈ​យាន​នេះ​ហោះហើរ​ក្នុង​ល្បឿន ១៩.៣១០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ហើយ​ការ​ចុះ​ឆ្ពោះទៅ​កាន់​ដែនដី​ភព​ព្រះ​អង្គារ នឹង​ជួយ​ទប់​ដោយ​បរិយាកាស និង​ដោយ​ឆ័​ត្រ​យោង​យក្ស​មួយ​ព្រមទាំង​កាំជ្រួច​ទប់​។

យាន​រូ​បូ​នោះ​ត្រូវ​បាន​បាញ់​បង្ហោះ​ចេញពី​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​កាលពី​ខែឧសភា ហើយ​ត្រូវ​ចុះ​ត្រង់​កន្លែង​មួយ​ស្ថិត​នៅ​ចម្ងាយ​៦០០​គី​​ឡូ​ម៉ែត្រ​ពី​ចំណុច​ចុះ​ចត របស់​យាន​ CURIOSITY ដែល​ទៅ​កាន់​ភព​ព្រះ​អង្គារ កាលពី​ឆ្នាំ​២០១២ ដែល​ជា​យាន​ចុង​ក្រោយ​របស់​NASA ចុះ​លើ​ភព​ក្រហម​។

INSIGHT​មាន​ទម្ងន់​៣៦០​គីឡូក្រាម​តំណាង​ឲ្យ​បេសកកម្ម​លើក​ទី​២១​របស់​សហរដ្ឋអាមេរិក ឆ្ពោះទៅ​ភព​ព្រះ​អង្គារ​ចាប់តាំងពី​បេសកកម្ម​របស់​យាន​MARINER កាលពី​ទស​វត្ស​ឆ្នាំ​១៩៦០​មក​។ បេសកកម្ម​ជិត​២០​ទៀត​ទៅ​កាន់​ភព​ព្រះ​អង្គារ​ដែរ ធ្វើ​ដោយ​ប្រទេស​ឯទៀត​ៗ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kohsantepheapdaily