មហាសេដ្ឋីចិន ស៊ិន វ៉ាន់សាន៖ ដើម្បីក្លាយជាអ្នករកស៊ីជោគជ័យ ត្រូវ…….

មហាសេដ្ឋីមានបំផុតនាចុងសម័យយាន និងដើមសម័យមហាម៉េងរបស់ចិន លោក ស៊ិន វ៉ាន់សាន គឺជាសហគ្រិនរកស៊ីដ៏ជោគជ័យខ្លាំងបំផុតមួយរូប ត្រូវបានប្រជាជនចិនកោតសរសើរ គោរព និងឲ្យតម្លៃខ្លាំងបំផុត ព្រោះ​តែភាពវ័យឆ្លាតក្នុងការរកស៊ីបង្កើតភាពមានបានដ៏មហិមាឲ្យខ្លួនឯង និងក្លាយជាមហាសេដ្ឋីចិត្តធម៌ម្នាក់ដែលប្រជាជនចិន គោរពដូចព្រះ ព្រោះតែចិត្តមេត្តា និងភាពស្មោះត្រង់របស់លោក ហើយលោកក៏ជាបុគ្គលដែលហ៊ានតតាំងនឹងនយោបាយជាតិខ្លាំងបំផុតផងដែរទាំងក្នុងសម័យកាលយាន និងសម័យកាលម៉េង។

មហាសេដ្ឋីរូបនេះ ធ្លាប់បង្ហើបប្រាប់ថា មនុស្សគ្រប់គ្នាសុទ្ធតែអាចមានឱកាសក្លាយជាអ្នករកស៊ីដ៏ជោគជ័យម្នាក់ នៅពេលដែលពួកគាត់មានគោលការណ៍សំខាន់៤ចំណុចខាងក្រោមនេះ។

១. ឧស្សាហ៍ព្យាយាម

មនុស្សដែលទន់ខ្សោយ ខ្ចិលច្រអូសនឹងក្លាយជាមនុស្សដែលគេមើលរំលង និងមិនយកចិត្តទុកដាក់ឡើយ ផ្ទុយទៅវិញមនុស្សដែលកាន់តែឧស្សាហ៍ព្យាយាម ប្រឹងប្រែងតស៊ូ ចេះជួយខ្លួនឯង នឹងទទួលបានការជួយជ្រំជ្រែងពីមនុស្សជុំវិញខ្លួន។​

ភាពខ្ចិលច្រអូស គឺជាឫសគល់នៃបុគ្គលិកបរាជ័យ មនុស្សក្រីក្រ ហេតុនេះរឿងសំខាន់ដំបូងដៃបំផុតដែលអ្នកត្រូវអនុវត្តន៍ជាប្រចាំ ដើម្បីទៅជាអ្នករកស៊ីម្នាក់ គឺធ្វើខ្លួនឯងទៅជាមនុស្សដែលឧស្សាហ៍ព្យាយាម។​

២. ស្មោះត្រង់

គ្មាននរណាម្នាក់ចង់សហការរកស៊ី ឫសេពគប់នឹងមនុស្សដែលពុំមានភាពស្មោះត្រង់ក្នុងខ្លួននោះទេ។ ភាពស្មោះត្រង់ ជាចំណុចសំខាន់ក្នុងការទាក់ទាញអូសបានមនុស្សល្អ មនុស្សស្មោះដូចគ្នា មកចូលរួមជួយយើងសម្រេចក្តីស្រមៃរួម សម្រេចជោគជ័យរួមគ្នា។

ស៊ិន វ៉ាន់សាន មានប្រសាសន៍ថា៖ “ចិត្តធម៌ មេត្តាធម៌ និងភាពស្មោះត្រង់ ជាឫសគល់នៃសហគ្រិនជោគជ៏យ”។

៣. ប្រាជ្ញា

ប្រាជ្ញានៅត្រង់ចំណុចនេះ ផ្តោតទៅលើចំណេះផ្សេងរួមមានចំណេះដឹងចាយវាយដ៏ត្រឹមត្រូវ ចំណេះដឹង និងសមត្ថភាពក្នុងការដោះស្រាយបញ្ហា គ្រប់មនុស្សដឹកនាំមនុស្ស ចំណេះដឹងក្នុងការប្រើប្រាស់លុយទិញចូលលក់ចេញប្រកបដោយភាពវ័យឆ្លាត។

អ្នកអាចបង្កើតប្រាជ្ញាឲ្យខ្លួនឯងបានតាមរយៈការសិក្សា រៀនសូត្រ ស្រាវជ្រាវ បង្កើនចំណេះដឹងគ្រប់ឱកាសដែលអ្នករៀនសូត្របាន ពិសេសការរៀនសូត្រពីបទពិសោធន៍ និងក្បួនបង្កើតភាពមានបានរបស់អ្នកដទៃ។

៤. ឱកាស

ជាអ្នករកស៊ីម្នាក់ អ្នកត្រូវតែចេះបង្កើតឱកាស ច្នៃឱកាស និងចាប់យកឱកាសរកស៊ី ពង្រីកខ្លួន និងបង្កើនការទំនាក់ទំនងសហការរកស៊ីជាមួយមនុស្សជុំវិញខ្លួន ហ៊ានសាកល្បងអ្វីដែលថ្មី ច្នៃអ្វីដែលមានស្រាប់ប្រើប្រាស់ឲ្យអស់លទ្ធភាព។​

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business