ល្អណាស់! ព្រះបដិមាចំនួនពីរ “ព្រះសិរ្ស” ត្រូវយកត្រលប់មកកម្ពុជាវិញហើយ ក្រោយពីបាន …..

ព្រះបដិមា «ព្រះសិរ្ស» ចំនួនពីរ ដែលត្រូវបានក្រុមចោរលួចជួញដូរអំឡុងប្រទេសជាតិ កើតសង្រ្គាម ក្នុងទស្សវត្សរ៍ឆ្នាំ៧០នោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រឹងប្រែងតស៊ូមតិយកមកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយពីឃ្លាតចាកឆ្ងាយ អស់រយៈពេលជិតកន្លះសតវត្សរ៍។

ព្រះបដិមា «ព្រះសិរ្ស» ត្រូវបានប្រទះឃើញដាក់លក់នៅក្នុងប្រទេសបារាំង នាអំឡុងទស្សវត្សរ៍ឆ្នាំ៩០ ហើយត្រូវបានដឹកជញ្ជូនមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦។កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះ ព្រះបដិមាទាំងពីរ ត្រូវបានឧបនា យករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រគល់ជូនសារមន្ទីរជាតិ ទុកជាសម្បត្តិបេតិក ភណ្ឌជាតិ។

ព្រះបដិមា «ព្រះសិរ្ស»

នៅក្នុងពិធីប្រគល់ព្រះបដិមាទាំងពីរនេះ ប្រមុខការទូតកម្ពុជា បានលើកបង្ហាញថា មានការតស៊ូមតិយ៉ាងស្វិតស្វាញទម្រាំទាមទារយក ព្រះបដិមាទាំងពីរនេះ ពីកន្លែងលក់វត្ថុបុរាណមួយកន្លែង នៅក្នុងទីក្រុងប៉ារីស។

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានគូសបញ្ជាក់ថា ក្នុងពេលរូបលោកធ្វើជាឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង មានមិត្តភក្តិរបស់លោកបានប្រាប់ថា ប្រទះឃើញព្រះសិរ្សចំនួនពីរ ដាក់តាំងលក់ក្នុងតម្លៃ ១លានដុល្លារអាមេរិកនៅទីកន្លែងមួយ នៃក្រុងប៉ារីស។ ក្រោយទទួលដំណឹងនេះ លោកក៏បានស្រាវជ្រាវ ហើយបានដឹងថា ព្រះសិរ្សទាំងពីរនោះ គឺជាវត្ថុបុរាណខ្មែរពិត ហើយបានប្តឹងទៅនគរបាលប្រឆាំងការជួញដូរវត្ថុបុរាណរបស់បារាំង។ នគរបាលបារាំងប្រឆាំងការជួញដូរវត្ថុបុរាណ បានធ្វើការស៊ើបអង្កេតអំពីការលក់ព្រះសិរ្សនោះ ហើយបានសម្រេចបញ្ជូនឯកសារ និង វត្ថុបុរាណទាំងពីរនោះ ទៅកាន់តុលាការបារាំង ដើម្បីធ្វើការវិនិច្ឆ័យ និងមានការ សម្រេចពីតុលាការប្រគល់វត្ថុបុរាណទាំងពីរ មកឲ្យកម្ពុជា នៅឆ្នាំ១៩៩៤។

ព្រះបដិមា «ព្រះសិរ្ស»

លោកស្រី ភឿង សកុណា បានសម្តែងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ដែលបានខិតខំទាមទារយកមកវិញនូវវត្ថុបុរាណខ្មែរទាំងពីរ និងបានប្រគល់ជូនមកសារមន្ទីរជាតិកម្ពុជា ដែលផ្តល់ឱកាសសម្រាប់ការជួបជុំគ្នាវិញ នៃរូបបដិមាផ្សេងៗ មកពីរមណីយដ្ឋានប្រវត្តិសាស្រ្តកោះកេរ្តិ៍។

លោកស្រី បានហៅការប្រគល់វត្ថុបុរាណនេះ គឺបង្ហាញនូវការស្រឡាញ់ និងការចូលរួមថែរក្សា ចំពោះតម្លៃបេតិកភណ្ឌវប្បធម៌មនុស្សជាតិ។ ការប្រគល់នេះ ក៏ឆ្លុះបញ្ចាំងពីអំពើចោរកម្មយ៉ាងធ្ងន់ធ្ងរ មកលើវត្ថុបុរាណខ្មែរ ដែលបានកើតឡើងនៅកម្ពុជា ពីសម័យអតីតកាល ព្រមទាំងបង្ហាញពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងការទាមទារ ត្រឡប់មកវិញនូវរូបបដិមា ដែលជាផ្នែកមួយ នៃដួងព្រលឹងជាតិ ដែលត្រូវបានយកចេញពីប្រទេសកម្ពុជា ដោយខុសច្បាប់។

ក្នុងឱកាសទទួលវត្ថុបុរាណទាំងពីរនេះ លោកស្រី ភឿង សកុណា បានអំពាវនាវដល់សាធារណជនទាំងជនរួមជាតិ និងមិត្តភក្តិបរ ទេសទាំងឡាយ មេត្តាជួយថែរក្សាការពារបេតិកភណ្ឌវប្បធម៌ជាតិ ពិសេសជួយផ្តល់ប្រភពព័ត៌មាន អំពីវត្ថុបុរាណខ្មែរ ដែលភាគច្រើន នៃអវៈយវៈនៅបែកបាក់ ពុំទាន់បានជួបជុំគ្នានៅឡើយ រហូតមកដល់ពេលបច្ចុប្បន្ននេះ។

លោកស្រី ក៏បានបួងសួងដល់បារមីព្រះបដិមាព្រះព្រហ្ម ដែលនៅពុំទាន់មានប្រភពព័ត៌មានអំពីដងខ្លួននៅទីណានោះ ឲ្យយាងត្រឡប់វិលមកជួបជុំជាមួយនឹង ព្រះសិរ្ស នៅលើទឹកដំណកើតវិញ និងសូមឲ្យព្រះអង្គតាមជួយបីបាច់ថែរក្សាកម្ពុជា ប្រកបដោយសុខសន្តិភាព ឯកភាព និងរីកចម្រើន ដែលកំពុងមាននៅកម្ពុជាសព្វថ្ងៃនេះ ស្ថិតស្ថេរជានិច្ចនិរន្តរ៍៕

 

ដកស្រង់ដោយ៖ លោក ប៊ុត​ ហេង

ប្រភព៖ pressnews