ក្រោយ​ពីបរាជ័យ​ជា​បន្តបន្ទាប់​​ FIFA Ranking កម្ពុជាធ្លាក់ដល់លេខរៀង……..

ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ឈរ​ចំណាត់ថ្នាក់​លេខ​១៧២ ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក​(FIFA Ranking)​ប្រចាំខែ​វិច្ឆិកា ឆ្នាំ​២០១៨​។ ពោលគឺ​ថយចុះ​ពីរ​ចំណាត់ថ្នាក់​បើ​ធៀប​នឹង​ខែ​មុន​។ ចំណែក​ម៉ាឡេស៊ី ដែល​ធ្លាប់តែ​ឈរ​ក្រោម​កម្ពុជា​បាន​ឡើងទៅ​ឈរ​លេខ​រៀង​ទី​១៦៧​។
ក្រោយ​បរាជ័យ​ជា​បន្តបន្ទាប់​ទាំង​ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ និង​ការប្រកួត​ផ្លូវការ​ធ្វើ​ឲ្យ​ចំណាត់ថ្នាក់ FIFA Ranking របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ធ្លាក់ចុះ​ចំនួន​ពីរ​ចំណាត់ថ្នាក់​។ បើតាម​តារាង​ចំណាត់ថ្នាក់​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក​ដែល​ទើប​ធ្វើ​បច្ចុប្បន្នភាព​ប្រចាំខែ​វិច្ឆិកា កម្ពុជា​ស្ថិតនៅ​លេខ​១៧២ ដោយមាន​៩៧០​ពិន្ទុ ខណៈខែ​មុន​ស្ថិតនៅ​លេខ​១៧០​មាន​៩៧៣​ពិន្ទុ​។

​បើ​ធៀប​នឹង​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ កម្ពុជា​ស្ថិតនៅ​លេខ​៨ ដោយ​ឈរលើ​ឡាវ ព្រុយ​ណេ និង​ទី​ម័​រ​ខាងកើត​។ ចំណែក​វៀតណាម​ឈរ​លេខ​១​នៅ​អាស៊ីអាគ្នេយ៍ ដោយ​ស្ថិតនៅ​លេខ​១០០​ក្នុង​តារាង FIFA Ranking រីឯ​ហ្វីលីពីន​ស្ថិតនៅ​លេខ​១១៤, ថៃ​លេខ​១១៨, មី​យ៉ាន់​ម៉ា​លេខ​១៣៩, ឥណ្ឌូណេស៊ី​លេខ​១៦០, សិង្ហ​បុរី​លេខ​១៦៥ និង​ម៉ាឡេស៊ី​លេខ​១៦៧​។

ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក​បន្ត​គ្រង​កំពូល​តារាង​ក្នុង​ចំណាត់ថ្នាក់ FIFA Ranking ប្រចាំខែ​វិច្ឆិកា ដែល​តាម​ពីក្រោយ​ជា​បន្តបន្ទាប់​ដោយ​បារាំង ប្រេ​ស៊ី​ល ក្រូ​អាស៊ី អង់គ្លេស ព័រ​ទុយ​ហ្គា​ល់ អ៊ុយ​រូ​ហ្គា​យ ស្វី​ស អេ​ស្ប៉ា​ញ និង​ដា​ណឺ​ម៉ាក​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeythmey