ស៊ុយអែត ក្លាយជាប្រទេសដំបូងបំផុតលើលោក ដែលលែងចាយលុយប្រដាសប្រាក់

នៅពេលដែលបច្ចេកវិទ្យាហិរញ្ញវត្ថុ កាន់តែរីកចម្រើន ស្មាតហ្វូនបានក្លាយជាមធ្យោបាយដ៏សំខាន់ក្នុងការ ប្រើប្រាស់ទូទាត់ទំនិញ។ ក្នុងបរិបថនេះ មានន័យថា មនុស្សកាន់តែច្រើនលែងកាន់កាបូបលុយជាប់ខ្លួន​ក្នុងការចាយវាយ​ទៀតហើយ ដោយពួកគេគ្រាន់កាន់ស្មាតហ្វូនឬមធ្យោបាយទូទាត់បែបឌីជីថលនោះ ពួកគេអាចទូទាត់ទំនិញបានយ៉ាងងាយស្រួល។

ទាក់ទងនឹង ការចាយលុយដោយមិនបាច់ប្រើប្រាស់សាច់ប្រាក់នេះដែរ ប្រទេស ស៊ុយអែត នឹងក្លាយជាប្រទេសដំបូងគេក្នុងលោក ដែលនឹងក្លាយជាសង្គមលែងចាយក្រដាសប្រាក់។

តាមពិតទៅ ស៊ុយអែតគឺជាប្រទេសដំបូងគេនៅអឺរ៉ុបក្នុងការបញ្ចេញប្រើប្រាស់ក្រដាសប្រាក់ក្នុងការចាយវាយ ក្នុងឆ្នាំ ១៦៦១ ហើយប្រទេសនេះ ក៏ត្រូវបានគេព្យាករណ៍ថា នឹងឈប់ប្រើប្រាស់ក្រដាសប្រាក់នេះមុនគេផងដែរ។ បើយោងតាម Riksbanken ដែលជាធនាគារកណ្ដាលរបស់ ស៊ុយអែត បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៨នេះ ការទូទាត់ជាសាច់ប្រាក់សុទ្ធក្នុង​ប្រទេសស៊ុយអែត មានត្រឹមតែ ១៣ភាគប៉ុណ្ណោះនៃការទូទាត់សរុប។

បើយោងតាមក្រុមហ៊ុនវិទ្យាសាស្រ្ត នៃវិទ្យាស្ថាន Royal Institute of Technology បានឲ្យដឹងថា ប្រមាណជាង៥ឆ្នាំខាងមុខ ការទូទាត់ដោយប្រើប្រាស់សាច់ប្រាក់សុទ្ធមកត្រឹមកម្រិតទាបបំផុត ត្រឹមឆ្នាំ ២០៣០។

បច្ចុប្បន្ន គេតែងតែឃើញមានសញ្ញាដាក់ថា” No cash accepted” ដែលមានន័យថា មិនទទួលក្រដាសប្រាក់ ត្រូវគេបិទតាមបណ្ដាហាងជាច្រើននៅប្រទេសស៊ុយអែត ព្រោះប្រជាជនភាគច្រើនគឺគេនិយមទូទាត់តាមបែបឌីជីថល ដូចជាតាមរយៈ ការស្កែត QR code ឆូតកាត និងទូទាត់តាមទូរស័ព្ទដៃជាដើម។

ការវិវត្តន៍ជទៅជាសង្គមដែលលែងប្រើប្រាស់ក្រដាស់ប្រាក់យ៉ាបឆាប់រហ័សបែបនេះ ធ្វើឲ្យរដ្ឋាភិបាលរបស់ប្រទេសនេះ មានការព្រួយបារម្ភ ព្រោះ ប្រសិនបើ ការបាត់បង់សាច់ប្រាក់សុទ្ធលឿងពេក រដ្ឋាភិបាលពិបាកក្នុងការគ្រប់គ្រង​​រចនាសម្ព័ន្ធ សម្រាប់គ្រប់គ្រងសាច់ប្រាក់សុទ្ធ។ លើសពីនេះ បើទោះបីជាការប្រើប្រាស់ ការធនាគារ និងទូទាត់តាមទូរស័ព្ទ មិនមានចោទបញ្ហាសម្រាប់ប្រជាជនវ័យក្មេង តែមានបញ្ហាចោទសម្រាប់មនុស្សចាស់ និងប្រជាជនចំណូលទាប ដោយសារពួកគាត់មិនធ្លាប់មានបទពិសោធន៍ ប្រើប្រាស់បច្ចេកិវទ្យាឌីជីថលក្នុងការទូទាត់៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia