កក្រើក! ឧកញ៉ា វណ្ណ រ៉ាម៉ុន ជាថៅកែកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បាញ់សម្លាប់ខ្លួនឯង

ឧកញ៉ា វណ្ណ រ៉ាម៉ុន ថៅកែកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បាញ់សម្លាប់ខ្លួនឯងដោយមិនដឹងមូលហេតុ នៅវេលាម៉ោងប្រមាណជាង៥ល្ងាច ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ នៅទីស្នាក់ការកំពង់ចម្លង ស្ថិតក្នុងឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។

ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា បានប្រាប់អង្គភាព Fresh News នៅមុននេះបន្ដិច វេលាម៉ោងជាង៨យប់ថ្ងៃនេះឲ្យដឹងថា ពិតជាមានហេតុការណ៍នេះកើតឡើងមែន ដោយជំហានដំបូងកម្លាំងជំនាញសន្និដ្ឋានថា ជាករណីធ្វើអត្ដឃាតដោយខ្លួនឯង ព្រោះថាឃើញកាំភ្លើង ម៉ាក K59 នៅជាប់នឹងដៃរបស់ជនរងគ្រោះ​តែម្ដង។

ប៉ុន្ដែទោះជាយ៉ាងណា លោកឧត្តមសេនីយ៍ស្នងការរង មិនទាន់បានបញ្ជាក់អំពីដើមហេតុ នៃករណីនេះនៅឡើយទេ ព្រោះថាពេលនេះកម្លាំងនគរបាលជំនាញ​​ កំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត។

យ៉ាងណាមិញ សម្រាប់ព័ត៌មានលម្អិតយ៉ាងណានោះ Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕​

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia