ចិនហាមប្រជាជនខ្លួនមិនឲ្យរៀប​អាពាហ៍ពិពាហ៍​បែបសម្ភារៈនិយម ព្រោះ………

ក្រសួងកិច្ចការស៊ីវិលចិនបានអំពាវនាវឱ្យប្រជាជនរបស់ខ្លួន បញ្ឈប់ការរៀប​អាពាហ៍ពិពាហ៍​បែបសម្ភារៈនិយម ដែលបានធ្វើ​ឱ្យខ្ជះខ្ជាយប្រាក់រាប់ពាន់លានដុល្លារ​ក្នុងមួយឆ្នាំ និងធ្វើឱ្យប៉ះ​ពាល់ដល់តម្លៃ​សង្គមនិយម រួមទាំង​វប្បធម៌ប្រពៃណីចិន។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨។

ការអំពាវនាវ​​របស់ក្រសួងកិច្ចការ​​ស៊ីវិលចិន ធ្វើឡើងបន្ទាប់ពី​មាន​ការសិក្សាស្រាវជ្រាវមួយ​បានបង្ហាញថា ការចំណាយ​លើការ​រៀបអាពាហ៍ពិពាហ៍​​របស់​ប្រជាជនចិន នឹងកើន​ឡើង ០៣ទ្រីលានយ័ន ឬ៤៣០ពាន់លានដុល្លារ​នៅឆ្នាំ២០២១។ បន្ថែមពីលើ​នេះ ការសិក្សាស្រាវជ្រាវ​ដដែលរបស់ក្រុមហ៊ុន​ពិគ្រោះយោបល់ ASKCI មានមូលដ្ឋាន​ក្នុងទីក្រុង សិនជិន (Shenzhen) ក៏បាន​ឱ្យដឹង​ដែរថា កាលពី​ឆ្នាំ២០១៧ ឧស្សាហកម្ម​អាពាហ៍ពិពាហ៍ចិន​មានទំហំទឹកប្រាក់ជាង ១.៤៧ទ្រីលានយ័ន ឬ ២.១៥ទ្រីលាន​ដុល្លារ ហើយត្រូវបាន​គេរំពឹងថា នឹងកើនច្រើនជាង ២៤ភាគរយនៅក្នុងឆ្នាំ២០១៨ នេះ។

សម្រាប់ការរៀបអាពាហ៍ពិពាហ៍ដែលត្រូវបានអាជ្ញាធរចិនចាត់ទុកថា ជាការចំណាយ​ខ្ជះ​ខ្ជាយនោះមានដូចជា ការទិញ ឬជួលសំលៀកបំពាក់ថ្លៃៗ, ការប្រកួតប្រជែង​ថត Pre-wedding ដែលមានតម្លៃសេវាខ្ពស់, ការចំណាយទិញគ្រឿងអលង្កា និងគ្រឿងលម្អថ្លៃៗ ព្រមជាមួយនឹងការចំណាយជាច្រើនផ្សេងទៀត ដើម្បីបង្ហាញភាពមានបានជ្រុល ដែលសង្គមចិនមិនធ្លាប់មានពីមុនមកឡើយ។

គួរជម្រាបថា បើតាម​ក្រុមហ៊ុន ASKCI កាលពីឆ្នាំ២០១៧ គូស្វាមីភរិយាចិន ៤២ភាគរយ បានចំណាយ​ប្រាក់ចន្លោះ​ពី ៧,៣១៣ដុល្លារ ដល់ ១០០,០០០ដុល្លារ លើអាពាហ៍ពិពាហ៍របស់ពួកគេក្នុងមួយគូៗ។ ចំណែកឯ ២៣ភាគរយ​បានចំណាយចន្លោះពី ១៤,៦២៦ ដល់ ២៩,២៥២ដុល្លារ ខណៈ០៥ភាគរយផ្សេងទៀត​ បានចំណាយប្រាក់​ច្រើនជាង ៤៣,៨៧៨ដុល្លារ ជាមធ្យមក្នុងការរៀបអាពាហ៍ពិពាហ៍មួយគូៗ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia