មិនធម្មតា! ចិនសាងសង់បានកប៉ាល់ដឹកឧស្ម័នធម្មជាតិដំបូងគេលើលោក

ចិនទើបតែបានបញ្ចប់ជាស្ថាពរនូវ​ការសាងសង់​​កប៉ាល់​សម្រាប់ដឹកឧស្ម័ន​ធម្មជាតិ LNG នៅតំបន់ទឹកកក​អាក់ទិចដំបូងបំផុតលើពិភពលោក ដែលមានសមត្ថភាពធ្វើប្រតិបត្តិការបាន នៅក្រោមសីតុណ្ហភាពរហូតដល់​​​​-៥០អង្សាសេ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន China Daily នៅល្ងាចថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨។

កប៉ាល់យក្សខាងលើជាប្រភេទ Arc7 មានសមត្ថភាពដឹកទំនិញបានទម្ងន់​៤៤,៥០០តោន និងត្រូវដាក់ឈ្មោះឲ្យថា Boris Sokolov ហើយឆាប់ៗនេះវានឹងត្រូវប្រគល់ទៅឲ្យ​ប្រទេសក្រិចដែលជាម្ចាស់​កម្មសិទ្ធិរបស់កប៉ាល់នេះ។ ​ដោយ​សារវាជា​កប៉ាល់ ដែលធ្វើប្រតិបត្តិការនៅតំបន់អាក់ទិច Boris Sokolov ​ត្រូវបានរចនាឡើងដើម្បីអាចបំបែកផ្ទាំងទឹកកក​ម្រាស់​១.៨​​ម៉ែត្រ​​បានយ៉ាងងាយ។

គួរជម្រាបថា ពីមុនៗមក កប៉ាល់ប្រភេទស្រដៀងៗគ្នានេះ អាចត្រឹម​តែធ្វើការដឹកជញ្ជូន​ឧស្ម័នធម្មជាតិ LNG ទៅកាន់​​តំបន់អាក់ទិច ក្នុងរដូវក្តៅប៉ុណ្ណោះ។ លក្ខណៈពិសេស​របស់កប៉ាល់ Boris Sokolov គឺវានឹងមានសមត្ថភាពធ្វើប្រតិបត្តិ​ការដឹកជញ្ជូននៅរដូវរងាក្រោមលក្ខខណ្ឌអាកាសធាតុត្រជាក់ខ្លាំងបាន៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia