ថាកន្លែងផលិតកាហ្វេគីមីនេះខុសច្បាប់ ទៅចាប់ហើយបង្វិលថាមានច្បាប់វិញ
កាលពីល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ បានប្រកាសសម្រេចបង្វិលសំណុំរឿងកាហ្វេដាយថាញ់វៀតណាម អោយមានការស៊ើបអង្កេតបន្ថែមជុំវិញគុណភាពកាហ្វេ និងកោះហៅមន្ត្រីពាក់ព័ន្ធមួយចំនួនមកសាកសួរបន្ថែម។សេចក្ដីសម្រេចនេះលោកចៅក្រមហម ម៉េងសែ សម្អាងហេតុថា សិប្បកម្មផលិតកាហ្វេដាយថាញ់មានច្បាប់អោយបើក តែការផលិតមិនមានការបង្ហាញពីការលាយសារធាតុផ្សេងៗបញ្ជាក់ពីគុណភាពកាហ្វេ និងមិនមានលើកស្លាកយីហោអោយបានត្រឹមត្រូវ ។
លោកចៅក្រមហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាកា លើសំណុំរឿងកាហ្វេវៀតណាមដាយថាញ់ផលិតនៅក្នុងខណ្ឌព្រែកព្នៅ កាលពីព្រឹកថ្ងៃទី ២៦វិច្ឆិកា ឆ្នាំ២០១៨ ដើម្បីកាត់ទោសស្ត្រីវៀតណាមជាម្ចាស់សិប្ប កម្ម ។តុលាការបានចោទប្រកាន់ម្ចាស់សិប្បកម្មពីបទបើកសិប្បកម្មមិនលើកស្លាកយីហោ បទប្រើប្រាស់សារធាតុគីមីខុសច្បាប់ និងបទ ការវេចខ្ចប់គ្មានអនាម័យ ។
ជនជាប់ចោទជាថៅកែសិប្បកម្មកាហ្វេ ដាយថាញ់ មានឈ្មោះ ពៅ ចន្ធា ហៅង្វៀន ណាមង៉ុក ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិវៀតណាម ស្ថិតនៅក្នុងភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។ក្នុងសវនាការ ជនជាប់ចោទបានសារភាពថាខ្លួនពិតជាបានបើកសិប្បកម្មផលិតកាហ្វេយីហោដាយថាញ់មែន តែមិនបានលើកស្លាកយីហោនៅកន្លែងផលិតទេ ។
ចំពោះវត្ថុធាតុដើមខ្លួនបានទិញពីផ្សារអូរឬស្សី ដោយក្នុងមួយសប្ដាហ៍ខ្លួនអាចផលិតកាហ្វេលក់ទៅតាមខេត្តប្រមាណជា៥០០គីឡូក្រាម ក្នុងនោះលក់ចេញទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងក្នុងក្រុងភ្នំពេញជាដើម។តំណាងអយ្យការលោក ខាំ សុផារី បានធ្វើសេចក្ដីសន្និដ្ឋានតម្កល់ទុកបទចោទប្រកាន់លើជនជាប់ចោទដដែល និងបានស្នើអោយផ្ដន្ទាទោសតាមច្បាប់ ។
សូមរំលឹកថាសមត្ថកិច្ចចម្រុះបានចុះបង្ក្រាបទីតាំងសិប្បកម្មលីង និងកិនកាហ្វេ ដាយថាញ់ និងឃាត់ខ្លួនមនុស្សចំនួនពីរនាក់ និងបានរកឃើញសារធាតុផ្សំដូចជា ពោតឆៅ និងលីង សណ្តែកសៀងលីង ប៊ើ ខ្ទិះដូង ព្រមទាំងសារធាតុផ្សំមួយចំនួនទៀត មានទម្ងន់ប្រមាណជាង៧តោន ដែលសង្ស័យមានការលាយសារធាតុគីមី ធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកផឹកយ៉ាងធ្ងន់ធ្ងរ។
ទីតាំងសិប្បកម្មផលិតកាហ្វេ ស្ថិតត្រង់ចំណុចភូមិឌួង ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ ម្ចាស់សិប្បកម្មដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ពៅ ចន្ធា ភេទស្រី អាយុ៥៦ឆ្នាំ ស្នាក់នៅសិប្បកម្មផលិតកាហ្វេ ស្ថិតនៅភូមិឌួង ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ និងឈ្មោះ សឿង ស្រីណា ភេទស្រីអាយុ២៦ឆ្នាំ ជាអ្នកលាយការហ្វេ ។
ការចុះបង្ក្រាបនេះ បានធ្វើឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃ និងមានការសម្របសម្រួលពីលោក ងិន ពេជ្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីមន្ត្រីកាំកុងត្រូល និងនគរបាលមូលដ្ឋានផងដែរ ។
នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានរកឃើញ មានសារធាតុផ្សំមួយចំនួនដូចជា ពោតឆៅ និងលីង សណ្តែកសៀងលីង ប៊ើ ខ្ទិះដូង ព្រមទាំងសារធាតុផ្សំមួយចំនួនទៀត សរុបទាំងអស់ចំនួន១០មុខ មានទម្ងន់ប្រមាណជាង៧តោន និងរថយន្តសម្រាប់ដឹកជញ្ជូនឲ្យម៉ូយមួយគ្រឿងម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកភ្នំពេញ 2P-4458។ ក្រៅពីនោះ មានឧបករណ៍ផលិត រួមមាន ៖ ម៉ាស៊ីនលីងកាហ្វេ, ម៉ាស៊ីនកិនកាហ្វេ ចំនួន៣គ្រឿង, ម៉ាស៊ីនវេចខ្ទប់ចំនួន១គ្រឿងសំបកវេចខ្ទប់ចំនួន១៥០គីឡូក្រាម និងសំបកធុងមួយ ហើយបានឃាត់ខ្លួនម្ចាស់សិប្បកម្ម និងអ្នកលាយម្នាក់ បន្ទាប់ពីរកឃើញវត្ថុធាតុដើម រួមពោតសណ្តែតសៀង និងសារធាតុផ្សំមួយចំនួនទៀត ដែលសង្ស័យ ថាជាសារធាតុគីមី។
លោកឧត្តមសេនីយ៍ត្រី ទូច យុទ្ធា បានឲ្យដឹងថា ដោយមានការស្រាវជ្រាវពីកម្លាំងនគរបាលជំនាញ និងមានការសង្ស័យទៅលើសិប្បកម្មផលិតកាហ្វេនេះ ដែលពុំមានស្លាកយីហោ ហើយបានលីងកាហ្វេ ដោយទៅបោះឲ្យម៉ូយតែពេលយប់ ទើបសមត្ថកិច្ចចុះទៅត្រួតពិនិត្យតែម្តង៕
ដកស្រង់ដោយ៖ លោក ប៊ុត ហេង
ប្រភព៖ khmershare