អុញនោះថាមែនៗ! ក្រុមហ៊ុន Google បានប្រកាសបិទ Google+​ ហើយ ព្រោះតែ …….

ក្រុមហ៊ុនបច្ចេក​វិទ្យាយក្ស​របស់​អាមេរិក Google បានប្រកាសនា​ថ្ងៃចន្ទសប្តាហ៍​នេះថា ​ក្រុមហ៊ុន​នឹង​​បិទ​​​​​សេវា​បណ្តាញ​ទំនាក់ទំនងសង្គម​របស់ខ្លួន​​ហៅថា Google+ (Google Plus) បន្ទាប់ពី​បញ្ហាកំហុសឆ្គងផ្នែក​កូដ ដែល​ពាក់​​ព័ន្ធទិន្នន័យឯកជន​​របស់អ្នក​ប្រើប្រាស់​ត្រូវបានរកឃើញ​ជាលើកទីពីរ។ នេះបើតាមការ​ដកស្រង់​ការផ្សាយ​ចេញពី​​វែប​សាយ Bussiness Insider នៅព្រឹក​ថ្ងៃអង្គារ ទី១១​ ខែធ្នូ ឆ្នាំ២០១៨។

Google បានឲ្យដឹងថា អ្នកប្រើប្រាស់​ប្រមាណ ៥២.៥លាននាក់ បានរងការ​ប៉ះពាល់​ពី​បញ្ហានេះ ដែល​ធ្វើឲ្យ​លេចធ្លាយ​​ព័ត៌មាន​ឯកជនដូចជា​ឈ្មោះ អាស័យដ្ឋាន​អ៊ីម៉ែល មុខរបរ និងអាយុ​នៃ​ប្រូហ្វាល់ (Profile) របស់ពួកគេ កាលពីចន្លោះ​​ថ្ងៃទី០៧ ខែវិច្ឆិកា និងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។ Google បានបញ្ជាក់ថា ​​ខ្លួន​បានកែតម្រូវ​បញ្ហា Error នោះហើយ រួចនឹង​ចាប់​​ផ្តើម​​ទាក់ទងទៅកាន់អ្នក​ប្រើប្រាស់ ដែល​ព័ត៌មាន​ឯកជន​ត្រូវលេចធ្លាយ។

កាលពីខែតុលា​កន្លងទៅ បញ្ហា Error ស្រដៀងគ្នានេះ​នៅក្នុងសេវា Google+ ត្រូវបានលាតត្រដាង​ឲ្យដឹង ដោយ​​វាបាន​ធ្វើឲ្យ​​លេច​ធ្លាយ​ព័ត៌មានឯកជន​របស់អ្នកប្រើប្រាស់​សេវារាប់សែននាក់ ទៅកាន់​ក្រុមអ្នក​អភិវឌ្ឍន៍​កម្មវិធី (Developer) ក្នុងអំឡុង​ពេល​ដល់ទៅ ០៣ឆ្នាំ ដែលប្រការនេះ​​បានបង្កឲ្យមានក្តីកង្វល់​ជាខ្លាំង​ ចំពោះសមត្ថភាព​​​របស់​ក្រុមហ៊ុន Google ក្នុងការគ្រប់គ្រង​​ទិន្នន័យ​​អ្នកប្រើប្រាស់ ព្រមទាំងគោលការណ៍​រក្សាតម្លាភាពរបស់​ក្រុមហ៊ុន។

គួរជម្រាបថា ក្រោយការ​រកឃើញបញ្ហាជាលើក​ដំបូង Google បានប្រកាសបិទ​សេវា​បណ្តាញ​សង្គម Google+ របស់​ខ្លួន​ជាអចិន្ត្រៃយ៍តែម្តង នៅខែសីហា ឆ្នាំក្រោយ ប៉ុន្តែនាពេលនេះបានលើកមកខែមេសា ឆ្នាំ២០១៩ ដែលប្រការ​នេះមានន័យថា វានៅសល់តែខ្ទង់០៤ខែទៀតប៉ុណ្ណោះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ popular