អបអរសាទរ! ចិនប្រគល់រថយន្តចល័តចំនួន ២០គ្រឿងដល់ក្រសួងសុខាភិបាល

រថយន្ដគ្លីនិកចល័តចំនួន២០គ្រឿង ជាលើកទី២ ដែលជាជំនួយឥតសំណងរបស់មិត្ដចិន បានប្រគល់ជូនដល់ក្រសួងសុខាភិបាលហើយ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ នាទីស្ដីការក្រសួងសុខាភិបាល ។

ក្នុងឱកាសនោះ រដ្ឋមន្រ្ដីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដល់មិត្ដចិន ដែលបានប្រគល់នូវរថយន្ដគ្លីនិកចល័តចំនួន២០គ្រឿងបន្ថែមទៀត ដែលនេះជាលើកទី២ហើយ ដោយលើកទីមួយ បានប្រារព្ធធ្វើនៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ។ ការផ្ដល់ជំនួយឥតសំណងនេះ បានជួយដល់វិស័យសុខាភិបាល ដើម្បីលើកម្ពស់សុខភាពប្រជាជនកម្ពុជា ។

រដ្ឋមន្ដ្រីបន្ដថា «សមិទ្ធផលទាំងអស់នេះ កើតមានឡើង ពីការប្ដេជ្ញាចិត្ដ ដ៏មុតមាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន និងគាំទ្រពេញទំហឹងរបស់លោក ស៊ី ជីងពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន» ។

ជាងនេះទៅទៀត រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា «តាមរយៈកិច្ចសហប្រតិបត្ដិការក្នុងភាពជាដៃគូ យុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-ចិន និងផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ ខ្ញុំសង្ឃឹមថា ប្រជាជន និងប្រទេសកម្ពុជា នឹងទទួលបានជំនួយថ្មីៗបន្ថែមទៀត ពិសេស គម្រោងពង្រឹងសមត្ថភាពមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លង និងគម្រោងពង្រីកមន្ទីរពេទ្យ ព្រះអង្គឌួង ដែលអាចនឹងទទួលបានការអនុម័ត នាពេលឆាប់ៗខាងមុខនេះ» ។

ទន្ទឹងនឹងនោះ រដ្ឋមន្ដ្រីសុខាភិបាល ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ប្រជាជនចិន លោក ដេង បូហ្គីង អនុប្រធានទីភ្នាក់សហប្រតិបត្ដិការអន្ដរប្រជាមានិតចិន ប្រចាំកម្ពុជា ពិសេសស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ដែលតែងតែផ្ដល់ការគាំទ្រ យ៉ាងពេញទំហឹង ដល់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការជំរុញឲ្យគម្រោងនានាលេចចេញជារូបរាងយ៉ាងឆាប់រហ័ស ។

ព្រមជាមួយគ្នានោះ ដេង បូហ្គីង ក៏បានថ្លែងផងដែរថា «ថ្ងៃនេះ ពិតជាមានភាពរីករាយណាស់ ដែលបានចូលរួមក្នុងពិធីប្រគល់រថយន្ដគ្លីនិកចល័ត ជូនមកកម្ពុជា ហើយឆ្នាំនេះជាឆ្នាំខួបទី៦០នៃការបង្កើតទំនាក់ទំនងការទូត ចិន និងកម្ពុជា នៅក្រោមការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលទាំងពីរ ចិន និងកម្ពុជា ដែលបានធ្វើការគាំទ្រទៅវិញទៅមក រួមគ្នារកការអភិវឌ្ឍន៍ បានកសាងមិត្តភាពយ៉ាងជ្រាលជ្រៅ»។

ពិសេសឆ្នាំ២០១០ ប្រទេសទាំងពីរ បានបង្កើតការទំនាក់ទំនងជាដៃគូរសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ចពាណិជ្ជកម្ម វប្បធ៌មអប់រំ សុខាភិបាល និងអនាម័យជាដើម បានពង្រឹងជាបន្តបន្ទាប់ទទួលបានផ្លែផ្កាយ៉ាងច្រើន បានកែប្រែជីវភាពរស់នៅរបស់ប្រជាជនកាន់តែច្រើន និងកាន់តែល្អ។

លោកបន្ដថា «ស្ថាប័នសហប្រតិបត្តិការអន្តរជាតិ ដើម្បីការអភិវឌ្ឍន៍នៃប្រទេសចិន ជាស្ថាប័នបង្កើតថ្មីក្នុងឆ្នាំ២០១៨ របស់រដ្ឋាភិបាលចិន ការងារសំខាន់ គឺពង្រឹង និងជំរុញ ការអភិវឌ្ឍន៍នៃប្រទេសកំពុងអភិវឌ្ឍន៍ សាមគ្គី និងសហប្រតិបត្តិ ។ជាក់ស្ដែង គ្លីនិកចល័ត ជាជំនួយជូនកម្ពុជានេះ គឺភាគីចិន ផលិតដោយការវាស់វែងសម្រាប់តែភាគីកម្ពុជា ជាផលិតផល មានប្រយោជន៍ចំពោះប្រជាជនកម្ពុជា យ៉ាងទូលំទូលាយ ក៏ជាការរុករកថ្មីមួយសម្រាប់វិស័យសហប្រតិបត្តិការនៃការព្យាបាល។ ខ្ញុំជឿជាក់ថា គ្លីនិកចល័តនេះ ប្រាកដជាអាចនាំមកនូវសុភមង្គល ជូនប្រជាជនកម្ពុជា ក៏ដើម្បីជាការបញ្ចូលនូវខ្លឹមសារនៃមិត្តភាពចិន-កម្ពុជា ក្នុងសម័យថ្មីនេះ ដើម្បីជាការបន្តសរសេរទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការផ្នែកព្យាបាលរបស់ប្រទេសទាំងពីរ»។

សូមជម្រាបថា រថយន្តគ្លីនិកចល័តនេះ ត្រូវបានបំពាក់ដោយសម្ភារៈបរិក្ខារពេទ្យ មានដូចជា ម៉ាស៊ីនកាំរស្មីអ៊ិចឌីជីថល អេកូឌីជីថល ឧបករណ៍វិភាគទឹកនោម ឧបករណ៍វិភាគឈាម ម៉ូនីទ័រតាមដានគភ៌ទារក និងម្តាយ ជញ្ជីងថ្លឹងទម្ងន់ និងវាស់កម្ពស់ ឧបករណ៍ឆែកមុខងារសួត ឧបករណ៍វិភាគជីវគីមីដោយស្វ័យប្រវត្តិ Electrocardiograph, Binocular Handheld Slit Lamp Microscope, General type hanging diagnosis System, Digital Electronic Colposcope ឧបករណ៍ពិនិត្យសុដន់អ៊ីនហ្រ្វារ៉េដ កញ្ចប់ឧបករណ៍ផ្នែករោគស្រ្តី កញ្ចប់ឧបករណ៍ផ្នែកវះកាត់ទូទៅ ត្រចៀក ច្រមុះ បំពង់ក កៅអីព្យាបាលធ្មញ ម៉ាស៊ីនខ្យល់កំចាត់មេរោគ មីក្រូទស្សន៍ជីវសាស្រ្ត ឧបករណ៍កំចាត់មេរោគ ទូទឹកកកវេជ្ជសាស្រ្ត និងគ្រឿងបន្លាស់សរុប ៥% នៃសម្ភារៈបរិក្ខារពេទ្យទាំងអស់។

គ្លីនិកចល័តទាំងនេះ នឹងត្រូវបានបែងចែកទៅឱ្យមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ ដើម្បីប្រើប្រាស់ក្នុងការផ្ដល់សេវាពិនិត្យព្យាបាល ជូនប្រជាពលរដ្ឋ ដែលនឹងចូលរួមចំណែកបង្ខិតសេវាសុខាភិបាល ឲ្យកាន់តែជិតប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៨នេះ ភាគីមិត្ដចិន បានផ្ដល់ជំនួយឥតសំណងជាច្រើនរួមមាន៖ រថយន្ដគ្លីនិកចល័ត ៤០គ្រឿង, សាងសង់មន្ទីរពេទ្យមិត្ដភាពខ្មែរ-ចិន នៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរពេទ្យត្បូងឃ្មុំ ហើយកន្លងមក ចិនផ្ដល់នូវរថយន្ដជួយសង្គ្រោះ២០០គ្រឿង និងឧបរករណ៍អេកូ២០០គ្រឿង សម្រាប់ជួយសង្គ្រោះពលរដ្ឋកម្ពុជា ។នេះជាចំណងមិត្ដភាពដ៏មានសារៈប្រយោជន៍ ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia