សាកលវិទ្យាល័យទាំង ១០ ដែលមានអាយុកាលចាស់ជាងគេបំផុតនៅលើពិភពលោក

វាមិនមែនជារឿងងាយទេដែលសាកលវិទ្យាល័យកសាងឡើងរាប់ពាន់ឆ្នាំមុន នៅតែបន្តដំណើរការ និងមាននិស្សិតកំពុងសិក្សាមកដល់សព្វថ្ងៃនេះ ដូចនេះ ដែនដីនៃការចែករំលែក សូមលើកយកសាកលវិទ្យាល័យចំនួន ១០ ដែលមានអាយុកាលចាស់ជាងគេបំផុតដូចខាងក្រោម៖

១០) សាកលវិទ្យាល័យ Coimbra បង្កើតឡើងនៅឆ្នាំ ១២៩០ នៃទីក្រុង Coimbra ប្រទេសព័រទុយហ្គាល់

ជាសាកលវិទ្យាល័យមានភាពវ័យចំណាស់ ព្រមទាំងបានចុះបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអង្គការ UNESCO និងមាននិស្សិតកំពុងសិក្សាចំនួន ២៥,០០០ នាក់។

៩) សាកលវិទ្យាល័យ Siena បង្កើតឡើងនៅឆ្នាំ ១២៤០ នៃទីក្រុង Siena ប្រទេសអ៊ីតាលី

ជាសាកលវិទ្យាល័យដែលមានលក្ខណៈស្តង់ស្តារជាអន្តរជាតិ ព្រមទាំងបានបញ្ចូលសាលានេះនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអង្គការ UNESCO ហើយជារៀងរាល់ឆ្នាំមានអ្នកទេសចរចំនួន ១៦០,០០០ នាក់ មកទស្សនា និងមាននិស្សិតកំពុងសិក្សាចំនួន ២០,០០០ នាក់។

៨) សាកលវិទ្យាល័យ Naples Federico II  បង្កើតឡើងនៅឆ្នាំ ១២២៤ នៃទីក្រុង Naples ប្រទេសអ៊ីតាលី

ជាសាកលវិទ្យាល័យមួយមានភាពវ័យចំណាស់ស្ថិតនៅទីក្រុង Naples ដែលជាទីក្រុងធំបំផុតទី ៣ នៅប្រទេសអ៊ីតាលី ហើយសាកលវិទ្យាល័យមាននិស្សិតកំពុងសិក្សាចំនួន ១០០,០០០ នាក់។

៧) សាកលវិទ្យាល័យ Padua បង្កើតឡើងនៅឆ្នាំ ១២២២ នៃទីក្រុង Padua ប្រទេសអ៊ីតាលី

ជាសកលវិទ្យាល័យដែលមានភាពវ័យចំណាស់ទី ២ នៅប្រទេសអ៊ីតាលី ហើយសាកលវិទ្យាល័យបានបង្កើតសួនច្បារ ឈ្មោះ Padova ដែលមានភាពវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោក និងមាននិស្សិតកំពុងសិក្សាចំនួន ៦១,០០០ នាក់។

៦) សាកលវិទ្យាល័យ Cambridge បង្កើតឡើងនៅឆ្នាំ ១២០៩ នៃទីក្រុង Cambridge ប្រទេសអង់គ្លេស

ជាសាកលវិទ្យាល័យមួយដែលមានភាពល្បីល្បាញបំផុត និងជាប់ចំណាត់ថ្នាក់ទី ៤ ដែលជាសាកលវិទ្យាល័យល្អបំផុត។ សាកលវិទ្យាល័យនេះមាននិស្សិតកំពុងសិក្សាជិត ១៩,០០០ នាក់ ដែលក្នុងនោះមាននិស្សិតមកពីខាងក្រៅសហភាពអ៊ឺរ៉ុបចំនួន ៤,១០០ នាក់។

៥) សាកលវិទ្យាល័យ Paris បង្កើតឡើងនៅឆ្នាំ ១១៦០ នៃទីក្រុង ប៉ារីស ប្រទេសបារាំង

ជាសាកលវិទ្យាល័យដែលមានវ័យចំណាស់មួយ ហើយសព្វថ្ងៃនេះសាកលវិទ្យាល័យបានបែងចែកជា ១៣ ស្ថាប័ន (សាកលវិទ្យាល័យ) ផេ្សងទៀត នៅឆ្នាំ ១៩៧០។

៤) សាកលវិទ្យាល័យ Salamanca បង្កើតឡើងនៅឆ្នាំ ១១៣៤ នៃទីក្រុង Salamanca ប្រទេសអេស្ប៉ាញ

ជាសាកលវិទ្យាល័យមួយដែលស្ថិតនៅភាគខាងលិចនៃក្រុង Madrid ដែលមាននិស្សិតកំពុងសិក្សាចំនួនជាង ៣០,០០០ នាក់ នៅទូទាំង ៩ កន្លែងនៃសាកលវិទ្យាល័យ។

៣) សាកលវិទ្យាល័យ Oxford បង្កើតឡើងនៅឆ្នាំ ១០៩៦ នៃទីក្រុង Oxford ប្រទេសចក្រភពអង់គ្លេស

ជាសាកលវិទ្យាល័យមួយដែលមានភាពល្បីល្បាញបំផុត ហើយនិស្សិតដែលចូលរៀនសុទ្ធតែល្បីៗដូចជា នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសចំនួន ២៧ នាក់, ប្រធានអ្នកបួសក្នុងសាសនានៃក្រុង Canterbury ចំនួន ២០ នាក់ និងអ្នកឈ្នះពានរង្វាន់ណូបែល ៤៧ នាក់ ព្រមទាំងមាននិស្សិតចំនួន ២២,៦០០ នាក់។

២) សាកលវិទ្យាល័យ Bologna បង្កើតនៅឆ្នាំ ១០៨៨ នៃទីក្រុង Bologna ប្រទេសអ៊ីតាលី

ជាសាកលវិទ្យាល័យដែលពីមុនបង្រៀនតែថ្នាក់បណ្ឌិតនោះទេ ប៉ុន្តែនាពេលបច្ចុប្បន្ននេះវាមាននូវកម្មវិធីនៅគ្រប់កម្រិតទាំងអស់។ សព្វថ្ងៃនេះសាកលវិទ្យាល័យមានសិស្សកំពុងសិក្សាចំនួន ៨៤,២០០ នាក់ ដែលរាប់បញ្ចូលទាំងសម្តេចប៉ា, អ្នកជំនួញនិងអ្នកនយោបាយអ៊ីតាលីល្បីៗជាច្រើន។

១) សាកលវិទ្យាល័យ Al-Azhar បង្កើតឡើងនៅឆ្នាំ ៩៧០ នៃទីក្រុង Cairo ប្រទេសអេហ្ស៊ីប

ជាសាកលវិទ្យាល័យមួយដែលមានភាពវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោក ដែលផ្តោតលើមុខវិជ្ជាជំនួញ, សេដ្ឋកិច្ច, វិទ្យាសាស្រ្ត, ថ្នាំពេទ្យ, វិស្វករ និងកសិកម្ម៕

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ topuniversities, wikipedia

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!