មិនធម្មតាមែន! មកដឹងពីប្រវត្តិរបស់​ម្ចាស់​មកុដ​បវរកញ្ញាចក្រវាលឆ្នាំ ២០១៨​

ម្ចាស់ជយលាភី​ និង​ជា​ម្ចាស់​មកុដ​បវរកញ្ញា​ចក្រវាល​ឆ្នាំ ២០១៨ បាន​រក​ឃើញ​ហើយ​ គឺ​បវរកញ្ញា​ហ្វីលីពីន​ Catriona Gray។

បវរកញ្ញា​ហ្វីលីពីន​ Catriona Gray

ជោគជ័យ​ដ៏​ធំ​នេះ​ បាន​ទទួល​ការអបអរ​ពី​សំណាក់​អ្នក​មហាជន​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក និង​ទទួល​ស្គាល់​ថា​ នាង​ពិត​ជា​ស័ក្ដិសម​នឹង​តំណែង​នេះ​បំផុត យោង​តាម​ប្រវត្តិសិក្សា​ ក៏ដួចជា​ស្នាដៃ​ដែល​សម្រេច​បាន​នា​ពេល​កន្លងមក​ មុន​ក្លាយ​ជា​បវរកញ្ញា​ចក្រវាល​នៅ​ពេល​នេះ។

ស្រី​ស្អាត​កើត​ឆ្នាំ ១៩៩៤ រូបនេះ​ មាន​ដើម​កំណើត​នៅ​ប្រទេស​អូស្ត្រាលី និង​មាន​ឪពុក​ជា​កូនកាត់​ស្កុតឡេន និង​អូស្ត្រាលី ព្រម​ទាំង​ម្ដាយ​ជា​ជនជាតិ​ហ្វីលីពីន។ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ ក្នុង​ប្រទេស​កំណើត Catriona ក៏​បាន​ផ្លាស់​ទី​រស់​នៅ​ក្នុង​រដ្ឋធានី​របស់​ហ្វីលីពីន​គឺ Manila។

បវរកញ្ញា​ដែល​មាន​ឈ្មោះពេញ​ Catriona Elisa Magnayon Gray មាន​កម្ពស់​ ១៧៨សង់ទីម៉ែត្រ។ ក្រៅ​ពី​មាន​ការងារ​ជា​ពិធីការិនី​ នាង​ក៏​ជា​តារាម៉ូដែល​ តារាចម្រៀង​ម្នាក់​ល្បី​ឈ្មោះ​គួរសម​ក្នុង​ប្រទេស​ហ្វីលីពីន។

Catriona បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​តន្ត្រី​ថ្នាក់​អនុបណ្ឌិត ពី​មហាវិទ្យាល័យ​ Berklee College of Music ក្នុង​ទីក្រុង​ Boston។ រម្លឹក​កាល​នៅរៀន​ Catriona ក៏​ជា​អ្នក​ចម្រៀង​នាំមុខ​ក្នុង​វង់តន្ត្រី​ប្រចាំ​វិទ្យាល័យ​ដែរ។ ដោយឡែក​ក្រៅ​ពី​មាន​សម្រស់​អំណោយ​ផល​ពី​ធម្មជាតិ​ហើយ នាង​ក៏​ជា​ម្ចាស់​ខ្សែក្រវ៉ាត់​​ខ្មៅ Choi Kwang Do ដែរ។

វិល​មក​ការ​ប្រកួត​សម្រស់​វិញ មុន​ក្លាយ​ជា​ម្ចាស់​តំណែង​បវរកញ្ញា​ចក្រវាល​ កូនកាត់​រូបនេះ​ក៏​ធ្លាប់​ទទួល​ជ័យជម្នះ​ពី​កម្មវិធី​បវរកញ្ញា​ពិភពលោកឆ្នាំ ២០១៦​ដែរ ដោយ​ពេល​នោះ​នាង​បាន​ស្ថិត​នៅ​ចំណោម​កំពូល​ទាំង​ ៥ប្រចាំ​រដូវកាល។ ដូចនេះ​មានន័យ​ថា​ មក​ទល់​ពេល​នេះ​ នាង​កាន់​តំណែង​ ៣​ហើយ​ ដោយ​ក្នុង​នោះ​រួម​មាន៖ តំណែង​បវរកញ្ញាពិភពលោករបស់​ហ្វីលីពីន តំណែង​បវរកញ្ញាចក្រវាល​របស់​ហ្វីលីពីន និង​ បវរកញ្ញាចក្រវាលឆ្នាំ ២០១៨៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ sabay