Facebook លួចលក់​ទិន្នន័យអ្នក​ប្រើរាប់ពាន់​លាននាក់ ឲ្យ​ក្រុមហ៊ុន​បរទេស​ធំៗ

សេចក្តីរាយការណ៍ដ៏រសើបមួយ របស់​សារព័ត៌មានអាមេរិក New York Times បានរកឃើញថា ​​ដោយ​ផ្ទុយពីការអះអាងរបស់ Facebook ក្រុមហ៊ុន​បណ្តាញ​សង្គមនេះ​រកចំណូលបានយ៉ាង​ក្រាស់ក្រែល​ ពីការលក់​ទិន្នន័យ​របស់អ្នកប្រើប្រាស់​ប្រមាណ ២.២ពាន់លាននាក់​របស់ខ្លួនទៅឲ្យ​ក្រុមហ៊ុនដទៃ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយ​​ចេញ​ពី​សារ​ព័ត៌​មាន​រុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៨។

ថ្លែងនៅចំពោះ​មុខសភាអាមេរិក​កាលពីខែមេសា លោក ម៉ាក ហ្សាក់ខែប៊ឺក (Mark Zuckerberg) ស្ថាបនិក និងជា​នាយកប្រតិបត្តិ (CEO) របស់ Facebook បានអះអាង​យ៉ាង​ដូច្នេះថា «យើងមិនលក់​ទិន្នន័យទៅឲ្យ​នរណា​ម្នាក់ឡើយ»។ បើតាមការ​ស៊ើបអង្កេត​​​របស់​​កាសែត New York Times ក្រុមហ៊ុន Facebook បានចែករំលែកទិន្នន័យ​​អ្នក​ប្រើប្រាស់ជាមួយ​ក្រុមហ៊ុនជាង ​១៥០​ ដោយក្នុងនោះក្រុមហ៊ុនខ្លះអាចទទួល​បានទិន្នន័យសូម្បី​តែអ្នកប្រើប្រាស់​​ មិនចែករំលែក​​ទិន្នន័យនោះ​ក៏ដោយ។

គួរជម្រាបថា បើតាម New York Times ​ការព្រមព្រៀង​​ចែករំលែក​​រវាង Facebook និងបណ្តា​ក្រុមហ៊ុនបច្ចេកវិទ្យា​ធំ​ៗ​​នៅ​តំបន់ ស៊ីលីខុន វ៉ាលឡេយ (Silicon Valley) បានចាប់ផ្តើម​ឡើងតាំងពីឆ្នាំ២០១០ មកម្ល៉េះ៕​

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia