ប្រវត្តិលោក Colonel Harland Sanders​ ជាអ្នកបង្កើតភ្លៅមាន់បំពង KFC

លោក Colonel Harland Sanders កើត​​​នៅ​ថ្ងៃ​ទី​​ ៩​ ខែកញ្ញា ​​ឆ្នាំ​១៨៩០​​ នៅ​ទីក្រុង Henryville រដ្ឋ Indiana សហរដ្ឋ​អាមេរិក។​ នៅ​​​អាយុ​ ៦ ឆ្នាំ លោក​បាន​បាត់​បង់​ឪពុក​។ ​ម្ដាយ​របស់​លោក​ជា​មេផ្ទះ​ត្រូវ​រ៉ាប់​រង​គ្រប់​សព្វ​ និង​ចេញ​​ពី​ផ្ទះ​ទៅ​ធ្វើ​ការ​​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ ឯ Sander ត្រូវ​​មើល​ប្អូន​ៗ រហូត​ដល់​អាយុ​ ៧​ ឆ្នាំ​ គាត់​មាន​ជំនាញ​​ធ្វើ​ម្ហូប​ស្ទើរ​គ្រប់មុខ​។

នៅ​អាយុ​ ១០​ ឆ្នាំ​ គាត់​​ចាប់​​ផ្ដើម​ចេញ​​ពី​ផ្ទះ​​ទៅ​​ជួយ​ធ្វើការ​​ម្ដាយ​​នៅ​​ទី​វាល។ មិន​យូរ​ប៉ុន្មាន​ម្ដាយ​របស់​គាត់​បាន​រៀបការ​ជាមួយ​​បុរស​​ម្នាក់​ទៀត តែ​ Sander ​មិន​ពេញ​ចិត្ត​ធ្វើ​ឲ្យ​ទំនាក់​ទំនង​​របស់​គាត់​ជាមួយ​ឪពុក​ចុង​​ល្អក់​កករ​នឹង​គ្នា រហូត​ឈប់​រៀន​​នៅ​ថ្នាក់​ទី​៧ រួច​​ចាក​ចេញ​ពី​ផ្ទះ​តែម្នាក់​ឯង។

នៅ​អាយុ​ ១៤​ ឆ្នាំ គាត់​​បាន​​ចាប់​យក​ការងារ​ជា​​អ្នក​គូរ​រូប​រទេះ​សេះ បន្ទាប់​មក​ផ្លាស់​ទី​ទៅ​រស់​នៅ​​កន្លែង​ផ្សេង​ក្នុង​រដ្ឋ​ Indiana ​​ធ្វើ​ចម្ការ​រយៈពេល​ ២​ ឆ្នាំ​ទៀត​។ នៅ​អាយុ​ ១៦​ ឆ្នាំ គាត់​បាន​ក្លែង​បន្លំ​​​ថ្ងៃ​ខែ​កំណើត និង​បំពេញ​សំណុំ​បែបបទ​ ទៅ​ធ្វើ​ជា​​អ្នក​បរទេេះ​ នៅ​ប្រទេស​គុយបា។​

អាយុ​​​ ១៩​ ឆ្នាំ​ ​គាត់​បាន​ជួប​​នឹង​កញ្ញា​ Josephine ពេល​​ធ្វើ​ការ​ខាង​​ផ្លូវ​ដែក​។ មិន​យូរ​ប៉ុន្មាន គាត់​បាន​រៀបការ​ជាមួយ​នាង រហូត​​បាន​​កូន​៣នាក់​ ស្រី ២ ប្រុស​ ១។ ជា​សំណាង​​អាក្រក់​ កូន​ប្រុស​​តែ​មួយ​​របស់​គាត់​​បាន​ស្លាប់​។ ​បន្ទាប់​មក គាត់​រក​បាន​ការងារ​ថ្មី​មួយ​​​ខាង​​ផ្លូវ​ដែក​ដដែល​នៅ​រដ្ឋ​ Illinois តែ​ត្រូវ​បាត់​បង់​ទៅ​វិញ​ដោយ​សារ​មាន​ជម្លោះ​ជា​មួយ​​មិត្ត​រួម​ការងារ ហើយ​ប្រពន្ធ​​ក៏​ចាក​ចេញ​ពី​គាត់​​ទៀត​នៅ​អាយុ​​ ២០​ ឆ្នាំ។ គាត់​សម្រេច​ចិត្ត​​ត្រលប់​ទៅ​រស់​នៅ​ជាមួយ​ឪពុក​ម្ដាយក្មេក​​​​​ជាមួយ​កូន​ស្រី​ទាំង​ ២ នាក់។

​​ក្រោយ​បាត់​បង់​ការងារ​អស់ ​គាត់​បាន​យក​ជំនាញ​ដែល​ធ្លាប់​រៀន​ច្បាប់​តិច​តួច​​មក​បើក​​​ជា​របរ​​រក​ស៊ី ​តែ​ត្រូវ​​បាត់​បង់​ទៅ​វិញ​ដោយ​សារ​ឈ្លោះ​ជា​មួយ​អតិថិជន។ ​លើក​នេះ​​គាត់​សម្រេច​ទៅ​រស់​​នៅ​ជាមួយ​​​ម្ដាយ​បង្កើត​ ហើយ​ធ្វើ​ការ​​​នៅ​ក្រុមហ៊ុន​​ផ្លូវ​ដែក​​​វិញ​ តែ​ជា​ភ្នាក់ងារ​​ធានារ៉ាប់រង​អាយុជីវិត​ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ត្រូវ​គេ​បណ្ដេញ​ចេញ។

​អាយុ ​៣០​ ឆ្នាំ គាត់​បែក​គំនិត​​បង្កើត​​ក្រុមហ៊ុន​​ខាង​ជួល​​ទូក សាឡាង ដោយ​ទទួល​បាន​ជោគជ័យ​​ភ្លាមៗ​​ រហូត ​៣ឆ្នាំ​ក្រោយ គាត់​បាន​​លក់​ភាគហ៊ុន​ទាំង​​អស់​​តម្លៃ​ ២២,០០០​ ដុល្លារ ហើយ​យក​លុយ​ទាំង​នោះ​​បង្កើត​​​​ក្រុមហ៊ុន​ផលិត​អំពូល​ តែ​ជា​អកុសល​​​ត្រូវ​ខាត​ដើម​ខាត​ចុង​អស់​ទៀត​។​

បន្ទាប់​មក​គាត់​បាន​​​ទៅ​រស់​នៅ​ទីក្រុង​ Winchester រដ្ឋ Kentucky ​ធ្វើ​ការ​ជា​អ្នក​លក់​ តែ​មិន​​បាន​ប៉ុន្មាន​ត្រូវ​បាត់​បង់​ការងារ​នោះ​វិញ។

ក្នុង​ឆ្នាំ​ ១៩៣០ Sander ​ត្រូវ​ក្រុមហ៊ុន​ប្រេង​​ដ៏​ល្បី​ឈ្មោះ Shell ​ផ្ដល់​ជូន​​​​ស្ថានីយ​ប្រេង​​ជួល​មិន​​​មិន​គិត​ថ្លៃ​មួយ​ រួច​គាត់​ចាប់​ផ្ដើម​​​លក់​ម្ហូប​​អាហារ​ដែរ។ បន្តិច​ម្ដង​ៗ ​ប្រជាប្រិយ​ភាព​​របស់​គាត់​​កាន់​តែ​គេ​ស្គាល់​ច្រើន​​ ហើយ​​ស្ថានីយ​​របស់​គាត់​កាន់​តែ​ល្បី​​ស្ទើរ​ទូទាំង​រដ្ឋ​ Kentucky រហូត​​គេ​ហៅ​ថា​ Kentucky Fried Chicken of Harland Sanders។

ក្នុង​ឆ្នាំ​ ១៩៤៧ គាត់​​បាន​​លែង​លះ​ជា​មួយ​ប្រពន្ធ​​ដើម​ជា​ផ្លូវ​ការ ហើយ​​ឆ្នាំ​ ១៩៤៩​ គាត់​បាន​រៀប​ការ​ជា​មួយ​អ្នក​​ស្រី​ Claudia។

​ក្នុង​​ឆ្នាំ​ ១៩៥២ ជា​លើក​ទី​​មួយ​ហើយ​ដែល​ ​Sander បាន​លក់​សិទ្ធិ​​ Kentucky Fried Chicken។ ​​ការ​លក់​បែប​​នេះ​​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​ហាង​របស់​គាត់​ ឬ​ហៅ​ថា KFC​ កើន​ឡើង​ខ្លាំង ថែម​ទាំង​​ចំណូល​ក៏​កើន​ខ្លាំង​ដែរ។ ​

ប៉ុន្មាន​ឆ្នាំ​​បន្ទាប់​មក​ ជីវិត​​របស់​គាត់​​បាន​​ជួប​រឿង​អាក្រក់​ម្ដង​ទៀត គឺ​​ការ​លក់​ទាំង​នេះ​ធ្លាក់​ចុះ​យ៉ាង​គំហុក​ រហូត​​បង្ខំ​​គាត់​ឲ្យ​លក់​​ទ្រព្យ​សម្បត្តិ​​របស់​ខ្លួន​ទាំង​អស់​​ដើម្បី​សង​បំណុល។

នៅ​​អាយុ ​៦៥​ ឆ្នាំ​​ គាត់​ដាច់​លុយ​ខ្លាំង​មែន​ទែន ​និង​ធ្លាក់​ខ្លួន​ធ្វើ​ជា​​សន្តិសុខ​​ត្រួតពិនិត្យ​ជាមួយ​ប្រាក់ខែ ១០៥​ ដុល្លារ។ ពេល​នេះ​​គាត់​ចាប់​ផ្ដើម​ដេក​​គិត ឈរ​គិត​​គ្រប់​បែប​យ៉ាង​​ពី​ជីវិត និង​សម្រេច​​ចិត្ត​លក់​​រូប​មន្ត​​ធ្វើ​ភ្លៅ​មាន់​​បំពង​ទៅ​ឲ្យ​ភោជនីយដ្ឋាន​ដទៃៗ។ គាត់​បាន​ដើរ​​​លក់​ពេញ​ទីក្រុង​​នៅ​សហរដ្ឋ​អាមេរិក​ ដោយ​នាំ​រូប​មន្ត​​ធ្វើ​មាន់​បំពង​មាន​រសជាតិ​ហឹរ។

​ការ​លក់​រូប​មន្ត​​ឲ្យ​​គេ​ខាង​លើ​ ធ្វើ​ឲ្យ​គាត់​កាន់​តែ​ល្បី​ល្បាញ ​រហូត​រយៈពេល ៤​ ឆ្នាំ​​​ក្រោយ​ KFC ទទួល​​ស្គាល់​ភាព​ជោគជ័យ​​ហើយ​ ដោយ​ជួយ​ឲ្យ​គាត់​មាន​ប្រាក់​​ប្រមាណ ៣,៥​ លាន​ដុល្លារ។

​ថ្ងៃ​ទី​​ ១៦​ ខែធ្នូ ​​ឆ្នាំ​១៩៨០ លោក​ Harland Sanders បាន​​ទទួល​អនិច្ចកម្ម​ដោយ​សារ​ជំងឺ​មហារីក​ឈាម​នៅ​អាយុ​ ៩០​​ ឆ្នាំ ​ប៉ុន្តែ​​នៅ​ប៉ុន្មាន​​ឆ្នាំ​ចុងក្រោយ​នៃ​ជីវិត​នេះ​ គាត់​បាន​​បើក​ភោជនីយដ្ឋាន​​ផ្ទាល់​ខ្លួន​​ឈ្មោះ​ថា​ Claudia Sanders Dinner House ជាមួយ​​ភរិយា​​​ផងដែរ​។

មក​ដល់​បច្ចុប្បន្ន​នេះ ហាង​លក់​មាន់​បំពង​ KFC ត្រូវ​បាន​គេ​ទិញ​សិទ្ធិ​​យក​ទៅ​លក់​បន្ត​​តាម​ប្រទេស​ជា​ច្រើន​​ជុំវិញ​ពិភពលោក រួម​ទាំង​​កម្ពុជា​យើង​ផង៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay