ភ្ញាក់ផ្អើល! ថៃ បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅ​អាស៊ីអាគ្នេយ៍ ដែល​សម្រេច​ឲ្យ​ប្រើប្រាស់​កញ្ឆា​ស្រប​ច្បាប់

ថៃ បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅ​អាស៊ីអាគ្នេយ៍ ដែល​សម្រេច​ឲ្យ​ប្រើប្រាស់​កញ្ឆា​ស្រប​ច្បាប់។

នៅ​ក្នុង​ការ​បោះឆ្នោត​ជា​ឯកច្ឆន្ទ ១៦៦-០ នា​ថ្ងៃ​អង្គារ ទី២៥ ខែ​ធ្នូ ឆ្នាំ២០១៨ ម្សិលមិញ​នេះ រដ្ឋសភា​ថៃ​បាន​កែប្រែ​ជា​ផ្លូវការ​នូវ​ច្បាប់​ឆ្នាំ ១៩៧៩ ដែល​ចាត់​ទុក​ថា​ជា​បទឧក្រិដ្ឋ​ចំពោះ​ការ​ប្រើប្រាស់ និង​រក្សា​ទុក​កញ្ឆា និង​ថ្នាំ​ជក់ Kratom។ នាយកដ្ឋាន​សុខភាព​សាធារណៈ​របស់​ប្រទេស​ថៃ ត្រូវ​បាន​ចាត់​តាំង​ឲ្យ​បំពេញ​ភារកិច្ច​លម្អិត ហើយ​ច្បាប់​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​ចូល​ជា​ធរមាន​ក្នុង​រយៈពេល ៦០ថ្ងៃ។

លោក Somchai Sawangkan សមាជិក​សភា​ម្នាក់​ដែល​ជា​អ្នក​គាំទ្រ​ចម្បង​នៃ​ការ​ធ្វើ​វិសោធនកម្ម បាន​ថ្លែង​ថា លោក​ចាត់​ទុក​ការ​អនុម័ត​ខាង​លើ​ជា​អំណោយ​ឆ្នាំ​ថ្មី​ដល់​ប្រជាជន​ថៃ។

គួរ​បញ្ជាក់​ថា ច្បាប់​នេះ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ស្រប​ច្បាប់​នូវ​កញ្ឆា និង​ថ្នាំ​ជក់ (Kratom) សម្រាប់​គោលបំណង​ផ្នែក​វេជ្ជសាស្ត្រ និង​ការ​ស្រាវជ្រាវ ព្រមទាំង​ផលិតកម្ម, ការនាំចូល, ការនាំចេញ ហើយ​ការ​កាន់​កាប់​រុក្ខជាតិ​ទាំង​នេះ​នឹង​ត្រូវ​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង។

យ៉ាងណាមិញ ការ​កាន់​កាប់​កញ្ឆា​សម្រាប់​គោលបំណង​ផ្សេង​ក្រៅ​ពី​ដែន​កំណត់​ដែល​មាន​ចែង​នៅ​ក្រោម​ច្បាប់ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ផ្លូវ​ច្បាប់ ដែល​អាច​ត្រូវ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​រហូត​ដល់ ១៥ឆ្នាំ​ឯណោះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay