មោទនភាពជាតិ! សុគន្ធ ថេរ៉ាយុ ក្លាយជា​តារាចម្រៀង​តំណាង​ឲ្យកម្ពុជា ច្រៀង…

ពិតជាមោទនភាព ខណៈដែលតារាចម្រៀងកម្ពុជា គឺលោក សុគន្ធ ថេរ៉ាយុ បានក្លាយជាតារាចម្រៀង ដែលត្រូវបានជ្រើសរើសតំណាងឲ្យអ្នកសិល្បៈនៅកម្ពុជា ចេញទៅច្រៀងរាំបង្ហាញសមត្ថភាព លើឆាកតន្ត្រីអន្តរ ជាតិដ៏ធំសម្បើមមួយ នៅទីក្រុងគ័ងស៊ីប្រទេសចិន។

តារាចម្រៀងប្រចាំផលិតកម្ម ថោន លោក សុគន្ធ ថេរ៉ាយុ បានចេញដំណើរពីកម្ពុជាចាប់ តាំងពីថ្ងៃទី២៦ខែធ្នូនេះ មកម្ល៉េះ ដើម្បីចូលរួមព្រឹត្តិការណ៍ សិល្បៈវប្បធម៌អន្តរជាតិដ៏ធំមួយ ដែលរៀបចំដោយទូរទស្សន៍ China Guangxi Television។

ថ្លែងពីប្រទេសចិន តាមសារអេឡិចត្រូនិច តារាចម្រៀងរូបនេះ បានបញ្ជាក់ថា លោកពិតជា សប្បាយរីករាយ ដែលទទួលបានឱកាសចេញ ទៅបង្ហាញសមត្ថភាពលើឆាកតន្ត្រីដ៏ធំ ជាមួយសិល្បករមកពី បណ្តាប្រទេសជាច្រើន ពិសេសបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ លោកបន្តថាព្រឹត្តិការណ៍នេះ គឺជាការបង្ហាញ សិល្បៈវប្បធម៌របស់បណ្តាប្រទេសនានា ដើម្បីចូលរួមអបអរសាទរឱកាស ចូលឆ្នាំសាកលខាងមុខនេះ។

លោកថា កាលពីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទូរទស្សន៍ China Guangxi Television ធ្លាប់បានបញ្ចូលក្រុមការងារ មកផ្តិតយករូបភាពទេសភាពតំបន់ទេសចរណ៍សំខាន់ៗ នៅខេត្តបាត់ដំបង និងទិដ្ឋភាពនានានៃពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយកទៅធ្វើការចាក់ផ្សាយ ដែលគ្រានោះ លោកក៏ធ្លាប់បានបំពេញការងារមួយចំនួន ពីក្រុមការងារខាងលើនេះផងដែរ។

សម្រាប់ការចូលរួមក្នុងព្រឹត្តិការណ៍ ដ៏អស្ចារ្យនេះសិល្បករពីបណ្តាប្រទេសជាច្រើន នៅលើពិភពលោក រួមទាំង ម្ចាស់ផ្ទះ បានហ្វឹកហាត់សមរួមគ្នា កាលពីរាត្រីថ្ងៃទី១៧ខែធ្នូនេះ ហើយសម្រាប់ការថតផ្លូវការ នឹងធ្វើឡើងនៅ ថ្ងៃទី២៨ខែធ្នូនេះ។ ក្នុងឱកាសនេះ លោកបានត្រៀមរួចជាស្រេចទាំងបទចម្រៀងតំណាងជាតិ សម្លៀកបំពាក់ និងបទចម្រៀងច្រៀង រួមជាមួយសិល្បករបទេសផងដែរ។

លោករំពឹងដែរថា ព្រឹត្តិការណ៍នេះ នឹងចូលរួមចំណែក លើកមុខមាត់សិល្បករ និងជួយជំរុញផ្សព្វផ្សាយ ពីសិល្បៈវប្បធម៌កម្ពុជាទៅកាន់ពិភពលោក កាន់តែទូលំទូលាក ផងដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត​ ហេង

ប្រភព៖ khmerload