តោះ! មកស្វែងយល់ពីវិមាន ឈ្នះឈ្នះ ដែលទើបនិងសម្ពោធថ្មីៗនេះ

នៅថ្ងៃស្អែកនេះ វិមានឈ្នះ ឈ្នះ នឹងត្រូវរៀបចំពិធីសម្ពោធរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ធ្នូ ដើម្បីរំឭកដល់ការធ្វើសមាហរណកម្មកងទ័ពខ្មែរក្រហមកាលពីឆ្នាំ ១៩៩៨ ដែលនាំសន្តិភាពពេញលេញ​ដល់ប្រទេសកម្ពុជា ក្នុងប្រវត្តិសាស្ត្រ ៥០០ ឆ្នាំ ។


វិមាននេះ ស្ថិតនៅលើទីតាំងទំហំ ៨ ហិកតា នៅខាងមុខកីឡដ្ឋានមរតកតេជោ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ដែលត្រូវបានផ្ដើមសាងសង់តាំងពីខែកុម្ភៈ ឆ្នាំ ២០១៦ ដោយមានកម្ពស់ ៥៤ ម៉ែត្រតួមានផ្ទៃ ១១៧ ម៉ែត្រ គុណនឹង ១១៧ ម៉ែត្រ ។ តួខាងក្រោមមានជ្រុងចំនួន ៥ ដែលតំណាងឲ្យយុទ្ធសាស្ត្រចំនួន ៥ ចំណុចរួមមាន បំបែក ឯកោ បញ្ចប់ ធ្វើសមាហរណកម្ម និងអភិវឌ្ឍ។ ចំណែកកំពូលដែលមានកម្ពស់ ៣៣ ម៉ែត្រខាងលើតំណាងឲ្យការធានាចំនួន ៣ គឺ ទី ១ ការធានារូបកាយ និងអាយុជីវិត ទី ២ ការធានាអាជីព និងមុខរបរ និងទី ៣ ការធានាកម្មសិទ្ធិទាំងចលនទ្រព្យ និងអចលនទ្រព្យ។
វិមានឈ្នះ-ឈ្នះ មានឆ្លាក់រូបនៅតាមជញ្ជាំងជុំវិញបរិវេណ ដែលបរិយាយអំពីដំណើរឆ្ពោះទៅរកការផ្ដូលរំលំរបបខ្មែរក្រហម ដែលចាប់ផ្ដើមតាំងពីថ្ងៃទី ២០ មិថុនា ១៩៧៧ នៅពេលដែលសម្តេចតេជោ ហ៊ុន សែន និងអ្នកពាក់ព័ន្ធបានធ្វើដំណើរទៅវៀតណាមដើម្បីរំដោះប្រទេសកម្ពុជាពីការគ្រប់គ្រងរបស់ប៉ុលពត។ ក្រៅពីនេះ ក៏មានរូបដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍរបស់ប្រទេស កម្ពុជាក្នុងសម័យកាលដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។


សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុកថា វិមានឈ្នះ ឈ្នះ គឺជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃកម្ពុជាទាំងមូល ។
សម្តេច បានបញ្ជាក់ថា វិមានឈ្នះ- ឈ្នះ គឺបញ្ជាក់ច្បាស់ថា កម្ពុជាបានរួបរួមគ្នាជាធ្លុងមួយ ឈ្នះរួចផុតពីសង្គ្រាម ឈ្នះរួចផុតពីរបបប្រល័យពូជសាសន៍ ឈ្នះរួចផុតពីការបែងចែកទឹកដីតំបន់ត្រួតត្រា ឈ្នះរួចផុតពីភាពក្រីក្រ និង ឈ្នះរួចផុតពីការអុជអាលដោយបរទេស ដែលពេលនេះកម្ពុជាកំពុងដឹកនាំអនាគតវាសនាប្រទេសជាតិឆ្ពោះទៅរកភាពរុងរឿងនៅក្នុងសន្តិភាពដ៏យូរអង្វែងនេះតទៅ ។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមនេះដែរ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ប្រធានគណៈកម្មការសាងសង់វិមាន ឈ្នះ-ឈ្នះ បានអោយដឹងថា គោលបំណង ៣ យ៉ាងនៃការកសាងវិមានឈ្នះ ឈ្នះនេះ គឺទី ១ គឺដើម្បីជាការចងចាំ និងដឹងគុណដល់ការពុះពារគ្រប់យ៉ាងដើម្បីទទួលបានសន្តិភាព, ទី ២ សម្រាប់ជាការបង្ហាញសមិទ្ធផលនានាដែលកម្ពុជាទទួលបានរយៈពេល ២០ ឆ្នាំក្រោមនយោបាយឈ្នះ ឈ្នះ, និងទី ៣ គឺដើម្បីជាកន្លែងសម្រាប់សិក្សាស្វែងយល់អំពីប្រវត្តិ សាស្ត្រ និងចក្ខុវិស័យបែបនេះ។


នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បន្តថានយោបាយឈ្នះ-ឈ្នះរបស់សម្តេច នាយករដ្ឋមន្ត្រី ជាការបញ្ចប់សង្គ្រាមដោយខ្មែរខ្លួនឯង ដោយមិនមានការបង្ហូរឈាម និង ប្រើប្រាស់ការចំណាយពលិកម្មដ៏ច្រើន ដូចការបញ្ចប់សង្គ្រាមនៅក្នុងតំបន់ និង នៅប្រទេសដទៃនោះទេ ។


សូមបញ្ជាក់ថា ពិធីសម្ពោធវិមាន ឈ្នះ ឈ្នះ ក៏មានការចូលរួមពីឧត្តមសេនីយយោធាជាន់ខ្ពស់ពីប្រទេសចំនួន ៤ រួមមានចិន វៀតណាម ឡាវ និង ថៃ។ ជាមួយគ្នានេះ ស្ថាប័នក្រសួងនានា ក៏បានត្រៀមឯកសារអំពីសមិទ្ធផលរបស់ខ្លួន ដើម្បីដាក់តាំងនៅក្នុងពិធីបើកសម្ពោធនេះដែរ ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ mytvplus