ពុទ្ធោរ! ប្រទេស​១០​អាច​ប្រឈម​គ្រោះមហន្តរាយ​មនុស្សជាតិ​​នៅ​ឆ្នាំ​២០១៩

គណៈកម្មាធិការ​សង្គ្រោះ​អន្តរជាតិ (IRC) បានលើកឡើង​ពី​ប្រទេស​ចំនួន​១០​ដែល​នៅតែ​បន្ត​ប្រឈម​នឹង​គ្រោះមហន្តរាយ​មនុស្សជាតិ​ធ្ងន់ធ្ងរ​នៅ​ឆ្នាំ​២០១៩​នេះ​។ យេ​ម៉ែន សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ និង​ស៊ូដង់​ខាងត្បូង ស្ថិតនៅ​ចំណាត់ថ្នាក់​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​ជាងគេ​។​

សង្គ្រាម គ្រោះ​ទុរភិក្ស និង​មហន្តរាយ​ផ្សេងៗ បានធ្វើ​ឲ្យ​មនុស្ស​រាប់លាន​នាក់​នៅលើ​ពិភពលោក បន្ត​រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ​នៅ​ឆ្នាំ​២០១៩​នេះ​។ IRC បាន​គូសបញ្ជាក់​ផងដែរ​ថា គ្រោះ​ទាំងនេះ នាំ​ឲ្យ​ប៉ះពាល់​ទាំង​មនុស្ស និង​ធម្មជាតិ​។ មនុស្ស​រងគ្រោះ​ដោយសារ​ទំនាស់​ប្រដាប់អាវុធ និង​វិបត្តិ​សេដ្ឋកិច្ច ខណៈ​ធម្មជាតិ ត្រូវ​ញាំញី​ដោយ​គ្រោះទឹកជំនន់ រាំងស្ងួត និង​បញ្ហា​អាកាសធាតុ​ផ្សេងៗ​។​
តាម​ការដកស្រង់​រប​ស់​សារព័ត៌មាន Aljazeera គណៈកម្មាធិការ​សង្គ្រោះ​អន្តរជាតិ (IRC) បាន​លើ​ករណី​សង្គ្រាម​ញាំញី​នៅ​ប្រទេស​ចំនួន​១០ ដែល​នៅតែ​ត្រូវការ​ជំនួយ​សង្គ្រោះបន្ទាន់​ពី​សហគមន៍​អន្តរជាតិ​។​

​យេ​ម៉ែន សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ និង​ស៊ូដង់​ខាងត្បូង ជា​ប្រទេស​ដែល​ត្រូវ​ប្រឈម​ខ្លាំងជាងគេ​នឹង​គ្រោះមហន្តរាយ​មនុស្ស​នៅ​ឆ្នាំ​២០១៩​នេះ រួមជាមួយ​ប្រទេស​ចំនួន​៧​ទៀត រួមមាន អា​ហ្វ​ហ្គា​នី​ស្ថាន វេ​ណេ​ស៊ុយ​អេ​ឡា សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ស៊ី​រី នី​ហ្សេ​រី​យ៉ា អេ​ត្យូ​ពី និង​សូ​ម៉ាលី​។​
IRC បានចង្អុលបង្ហាញ​ផងដែរ​ថា ប្រទេស​ទាំង​១០​នាក់​នេះ មាន​ពលរដ្ឋ​ខ្លួន​ជា​ជនអន្តោប្រវេសន៍​យ៉ាងហោចណាស់​១៣​លាន​នាក់ ដែល​ស្មើ​៦៥​ភាគរយ​នៃ​ចំនួន​សរុប​នៅលើ​ពិភពលោក​។​

​តាម​របាយការណ៍​រប​ស់​អង្គការសហប្រជាជាតិ មនុស្ស​ជិត​១៣២​លាន​នាក់​នៅ​៤២​ប្រទេស​លើ​ពិភពលោក ត្រូវការ​ជំនួយ​មនុស្សធម៌ និង​ការ​គាំពារ​ជាពិសេស​នៅ​ឆ្នាំ​២០១៩ នេះ​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia